ដើមកំណើត​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា

មុននឹង​ក្លាយទៅជា​បក្ស​មួយឯករាជ្យ ចលនា​កុម្មុយនីស្ត​ខ្មែរ​គឺជា​សាខា​មួយ​របស់​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​រួមមាន​ វៀតណាម កម្ពុជា និង​ឡាវ។ ក្រោយពី​បំបែក​ខ្លួន​ចេញពី​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ ចលនាកុម្មុយនីស្ត​ខ្មែរ​បាន​ទៅបង្កើត​បក្ស​កុម្មុយនីស្ត​ឯករាជ្យមួយ ដោយ​ដាក់​ឈ្មោះថា បក្សប្រជាជន​បដិវត្តន៍ខ្មែរ។
បក្ស​កុម្មុយនិស្ត​ឥណ្ឌូ​ចិន

លទ្ធិកុម្មុយនិស្ត ​បាន​រីកសាយ​នៅ​ទូទាំង​ពិភពលោក តាមរយៈ​ចរន្ត​ប្រឆាំង​នឹង​អាណានិគម​ នៅ​ក្រោយ​សង្រ្គាមលោក​លើកទីពីរ។ នៅ​ឥណ្ឌូចិន រួម​មាន​ប្រទេសកម្ពុជា វៀតណាម និងឡាវ ដែល​ស្ថិត​ក្រោម​អាណានិគម​​បារាំង​ ក៏​មាន​ចលនា​កុម្មុយនីស្ត​មួយ​ដែរ គឺ បក្សកុម្មុយនីស្ត​ឥណ្ឌូចិន ដែល​បង្កើត​​ឡើង​ដោយ ហូ ជីមិញ នៅ​ឆ្នាំ១៩៣០ ហើយ​ប្រមូលផ្តុំ​ចលនា​កុម្មុយនិស្ត​ដែល​មក​ពី​ប្រទេស​ទាំងបី​នៅឥណ្ឌូចិន​នេះ។

​នៅកម្ពុជា សាខា​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ត្រូវ​បាន​បង្កើត​ឡើង ​នៅឆ្នាំ​១៩៤២ ដោយអាចារ្យ​មៀន ហៅ សឺនង៉ុកមិញ។ យោង​តាម​លោកស្រី Elizabeth Becker ឈ្មោះ សឺនង៉ុកមិញ នេះ គឺ​ជា​ការច្របាច់​បញ្ចូលគ្នា​រវាង​សឺនង៉ុកថាញ់ និងហូជីមិញ។ ការធ្វើ​បែបនេះ គឺ​ក្នុង​គោលដៅ​ឆ្លៀត​យក​​ចំនេញ​ពី​ប្រជាប្រិយភាព​របស់​សឺនង៉ុកថាញ់ ដែល​ជា​ប្រមុខ​ដឹកនាំ​ចលនា​ប្រឆាំង​បារាំង​ដ៏​ល្បីល្បាញ​មួយ គឺ​ចលនាខ្មែរឥស្សរៈ។ ប៉ុន្តែ សឺនង៉ុកថាញ់​ មិនមែន​ជា​ជន​កុម្មុយនិស្តនោះទេ។

បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ

នៅឆ្នាំ ១៩៥១ សឺនង៉ុកមិញ ថែម​ទាំង​បាន​បង្កើត​ចលនា​ប្រដាប់​អាវុធ​​មួយ ដោយ​ដាក់​ឈ្មោះ​ថា សមាគមខ្មែរឥស្សរៈ ទៀត ​ផង ដែល​ជាហេតុ​នាំ​ឲ្យ​មាន​ការភ័ន្តច្រលំ មិន​ដឹង​មួយណា​ជា​ខ្មែរឥស្សរៈ​កុម្មុយនិស្ត និង​មួយណា​មិនមែន​កុម្មុយនិស្ត។ នៅ​ឆ្នាំ​ដដែល​នេះ​ដែរ វៀតណាម​បាន​សម្រេច​បំបែក​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ឲ្យ ​ទៅ​ជា​បក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​ប្រទេស​និមួយៗ​វិញ។ ក្រុម​ខ្មែរ​កុម្មុយនិស្ត​ក៏​សម្រេច​បង្កើត​បក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​ ខ្លួន ដោយ​ដាក់​​ឈ្មោះ​ថា បក្សប្រជាជន​បដិវត្តន៍ខ្មែរ។ បក្ស​នេះ​ដឹកនាំ​ដោយ​គណៈ​កម្មាធិការ​​មជ្ឈិម​បក្ស​បណ្តោះអាសន្ន​មួយដែលមាន សឺនង៉ុកមិញ ជា​ប្រធាន ទូ សាមុត ជា​អនុប្រធាន និង​សៀវ ហេង ជា ​អគ្គលេខាធិការ។ ក៏ប៉ុន្តែ ពី​ឆ្នាំ​១៩៥១ រហូត​ដល់​​ឆ្នាំ១៩៦០ ​ក្រុម​ខ្មែរ​កុម្មុយនិស្ត​មិន​បាន​​រៀបចំ​ធ្វើ​សន្និបាត​បង្កើត​បក្ស​ ជាផ្លូវការ​ទេ ដែល​ជា​ហេតុ​នាំ​ឲ្យ​បក្ស​ប្រជាជន​​បដិវត្តន៍ខ្មែរ​មិន​មាន​ភាពឯករាជ្យ​​ដាច់​ស្រឡះ​​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។ សូម្បី​តែ​លក្ខន្តិកៈ​របស់​បក្ស​ក៏​វៀតណាម​ជាអ្នក​​សរសេរ​ឲ្យ​ដែរ រួច​ទើប​យក​មក​បកប្រែ​ជា​ភាសា​ខ្មែរ។ ទោះ​ជា​យ៉ាងនេះ​​ក៏ដោយ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​គណបក្ស​កាន់អំណាច​​នៅ​កម្ពុជា បាន​កំណត់​យក​​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​ថា​ជា​ប្រភព​ដើម​របស់​ខ្លួន ហើយ​កំណត់​យក​ថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ ថា​ជា​ថ្ងៃ​កំណើត​បក្ស។

ក្រោយ​ពី​សន្និសីទ​ក្រុង Genève ខែកក្កដា ឆ្នាំ១៩៥៤ ដែល​មាន​ចុះ​កិច្ច​ព្រមព្រៀង​​​ហាមឃាត់​មិនឲ្យ​មាន​ចលនា​តស៊ូ​ប្រដាប់​អាវុធ​​នៅ​លើ​ទឹកដី​កម្ពុជា បក្ស​ប្រជាជន​បដិវត្តន៍ខ្មែរ​ក៏​បែក​ខ្ញែក​គ្នា​​ជា​បី​ក្រុម។ មួយក្រុម ដែល​រួមមាន សឺនង៉ុកមិញ កែវ មុន្នី ម៉ី ផូ រ័ត្ន សាមឿន ប៉ែន សុវណ្ណ ជាដើម​​ បាន​រត់​ទៅ​ប្រទេស​វៀតណាម។ ក្រុម​ទីពីរ រួមមាន ទូ សាមុត សៀវ ហេង នួន ជា សោ ភឹម ជាដើម នៅ​បន្ត​សកម្មភាព​ជា​សម្ងាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចំណែក​ក្រុម​ទីបី ដែល​រួម​មាន កែវ មាស នន សួន ប៉ែន យុទ្ធ ជាដើម​បាន​បង្កើត​ជា​គណបក្ស​ស្រប​ច្បាប់​មួយ ដាក់​ឈ្មោះ​ថា ប្រជាជន ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ជាតិ។ ក៏ប៉ុន្តែ ក្រុម​ទាំងបី​នេះ​នៅ​តែ​បន្ត​ទាក់ទង​គ្នា​ជា​ប្រចាំ។

បក្ស​ពលករ​កម្ពុជា

រហូត​ដល់​ខែកញ្ញា ឆ្នាំ១៩៦០ ទើប​បក្ស​ប្រជាជន​បដិវត្តន៍ខ្មែរ​បាន ​រៀបចំ​ធ្វើ​សន្និបាត​ដោយ​លួចលាក់​មួយ ក្នុង​គោលដៅ​បង្កើត​ជា​ផ្លូវការ​នូវ​គណបក្ស​កុម្មុយនិស្ត​មួយ​ផ្ទាល់​របស់​ កម្ពុជា ​ប៉ុន្តែបាន​ប្តូរ​ឈ្មោះ​បក្ស​ទៅ​ជា បក្សពលករកម្ពុជា វិញ។ បក្ស​ថ្មី​នេះ មាន ទូ សាមុត ជា​លេខាបក្ស នួន ជា ជា​លេខារង ហើយ សាឡុត ស គឺ​ជា​មេដឹកនាំ​លំដាប់​ទីបី​ក្នុង​បក្ស។ សាឡុត ស គឺ​ជា​ឈ្មោះ​ដើម​របស់ ប៉ុល ពត។ អៀង សារី ដែល​ជា​មិត្តភក្តិ​របស់ សាឡុត ស​ ក៏​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្សថ្មី​នេះ​ដែរ។ សម្រាប់​ក្រុម​ខ្មែរក្រហម ដែល​ដឹកនាំ​ដោយ ប៉ុល ពត សន្និបាត ​ខែកញ្ញា ឆ្នាំ១៩៦០នេះ ទើប​ជា​ការ​ចាប់ផ្តើម​ពិត​ប្រាកដ​នៃ​ចលនា​កុម្មុយនិស្ត​​របស់​ខ្លួន ហើយ​បដិសេធ​មិន​ទទួលស្គាល់​ថា​ខ្លួន​មាន​កំណើត​ចេញ​ពី​បក្សប្រជាជន​បដិវត្តន៍​ខ្មែរ​នោះ ​ទេ។ ពួក​ខ្មែរក្រហម​ធ្វើ​បែបនេះ​ក្នុង​ចេតនា​ផ្តាច់​បដិវត្តន៍​របស់​ពួកគេ​ឲ្យ​ ដាច់​ស្រឡះ​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ដើម្បី​​កុំ​ឲ្យ​មាន​ជាប់​ជំពាក់​វាក់វិន​ជាមួយ​ប្រទេស​វៀតណាម។ តាមពិត ការ​មិន​ចុះ​សម្រុង​គ្នា និងការ​ដែល​ចលនា​ខ្មែរ​កុម្មុយនិស្ត​ត្រូវ​បែក​ជា​ពីរ ដោយ​ពាក់កណ្តាល​រត់​ទៅ​ប្រទេស​វៀតណាម និង​ពាក់កណ្តាល​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជាដូចនេះ​ហើយ ដែល​នាំ​ឲ្យ​មាន​ការ​កាប់​សម្លាប់​គ្នា​រវាង​សមាជិក​បក្ស នៅ​កំឡុង​ឆ្នាំ១៩៧៥ ដល់​​១៩៧៩ រហូត​ដល់​ខ្មែរ​កុម្មុយនិស្ត​មួយ​ក្រុម​រត់​ភៀសខ្លួន​ទៅ​វៀតណាម​ ហើយ​នាំ​ទ័ព​វៀតណាម​មក​វាយ​ខ្មែរ​កុម្មុយនិស្ត​ក្នុង​ស្រុក ដែល​ជា​អតីត​សហការី។

បក្ស​កុម្មុយនិស្ត​កម្ពុជា

នៅ ​ក្រោយ​ពេល​ដែល​ទូ សាមុត បាន​បាត់​ខ្លួន នៅ​ឆ្នាំ​១៩៦៣ សាឡុត ស ក៏​បាន​ឡើង​មក​កាន់​តំណែង​ជា​លេខា​បក្ស​ពលករ​កម្ពុជា​ រំលង​នួន ជា ដែល​ជា​លេខារង។ ក្នុង​អំឡុង​ចុង​ឆ្នាំ​១៩៦៤ ដើម​ឆ្នាំ​១៩៦៥ សាឡុត ស បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម និង​នៅ​ចិន។ ក្រោយ​ពី​បាន​ទទួល​នូវ​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ចិន សាឡុត ស ក៏​បាន​ផ្តាច់​ខ្លួន​បន្តិច​ម្តងៗ​ពី​ឥទ្ធិពល​វៀតណាម។ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៦៦ សាឡុត ស បាន​ប្តូរ​ឈ្មោះ​បក្ស​ពលករ​កម្ពុជា មក​ជា​ “បក្ស​កុម្មុយនិស្ត​កម្ពុជា” វិញ។

ត្រលប់​មក​និយាយ​អំពី​បក្ស​ពលករ​កម្ពុជា​វិញ បើ​ទោះជា​បាន​បង្កើត​ជាផ្លូវការ​ហើយ​ក៏​ដោយ ក៏​បក្ស​នេះ​ស្ថិត​នៅ​ជា​សម្ងាត់​ដដែល ដោយ​មិន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​នោះទេ។ ពួក​កុម្មុយនិស្ត​នៅ​តែ​បន្ត​ធ្វើការ​តស៊ូ​ផ្នែក​នយោបាយ​ ជាពិសេស ចូលរួម​ក្នុងការបោះឆ្នោតជាតិ ដោយ​ប្រើ​ឈ្មោះ​គណបក្ស​ប្រជាជន​ដដែល៕

Leave a comment