ខ្សែ​ជីវិតស្ថាបនិក​ Moon OSខ្មែរ

នៅ​ពេល​បច្ចុប្បន្ន​នេះ ​មាន​អ្នក​ជំនាញ​ជា​ច្រើន​ ​កំពុង​តែ​ខិត​ខំ​ស្រាវជ្រាវ​រិះ​រក​បច្ចេកវិទ្យា​ថ្មី​ៗ​ ជា​ពិសេស​ខិត​ខំ​​សរសេរ​កម្មវិធី​ សម្រាប់​បំពេញ​តម្រូវ​ការ​​របស់​អ្នក​ប្រើ​ប្រាស់កុំព្យូទ័រ។ ជា​មួយ​គ្នា​នេះ​ដែរ​​ ធីម ច័ន្ទឬទ្ធី​ជា​អ្នក​បច្ចេកវិទ្យា​វ័យ​ក្មេង​ម្នាក់​​បាន​ខិត​ខំស្រាវជ្រាវ​រហូត​បង្កើត​បាន​ប្រព័ន្ធ​ប្រតិបត្តិការ​ជា​ភាសា​ខ្មែរ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Moon OS ។ ផ្ទុយ​ទៅ​វិញ​ សមិទ្ធផល​ដែល​ផុស​ចេញ​ពី​ស្នាដៃ​​របស់​យុវជន​វ័យ​ក្មេង​ម្នាក់​នេះ បែរ​ជា​ពុំ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​អ្នក​ប្រើ​ប្រាស់​ក្នុង​ស្រុក​​ខ្មែរ​​ទៅ​វិញ គឺ​មាន​តែ​ជន​បរទេស​ប៉ុណ្ណោះ​ដែល​ចូល​ទាញ​យក​ទៅ​ប្រើ​ប្រាស់​។

ទំព័រ​នេះ Sabay នឹង​បង្ហាញ​ពី​ខ្សែ​ជីវិត​ពិត​ ការ​តស៊ូ និង​ទេពកោសល្យ​របស់​យុវជន​​វ័យ​ក្មេង​​ម្នាក់​​នេះ​ជូន​ដល់​ប្រិយមិត្ត​។ តើ​​ឬទ្ធី​​មាន​ការ​តស៊ូ​​យ៉ាង​​ម៉េច​ខ្លះ? ស្ថាន​ភាព​គ្រួសារ​វិញ​យ៉ាង​ម៉េច​ដែរ? ឆ្លង​កាត់​ការ​លំបាក​អ្វី​ខ្លះ​ទម្រាំ​​ទទួល​បាន​ជោគ​ជ័យ? ចុះ​បំណង​ប្រាថ្នា​ទៅ​អនាគត​វិញ​យ៉ាង​ម៉េច​ដែរ ?

ម្ចាស់Moon OS ម្នាក់​នេះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​​ជាតិ​ថា​ធីម ច័ន្ទឬទ្ធីកើត​នៅ​ថ្ងៃ​​ទី​១៥ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩២​។​ ឬទ្ធី​មាន​ស្រុក​កំណើត​ស្ថិត​ក្នុង​ភូមិ​​ឫស្សី​ស្រស់​ សង្កាត់​និរោធ​ ខណ្ឌ​មាន​ជ័យ ក្រុង​ភ្នំពេញ​។ ​ឪពុក​ចន្ទឬទ្ធី​ធ្វើ​ការ​នៅ​អគ្គិសនី​កម្ពុជា ចំណែក​ម្ដាយ​វិញ​ជា​គ្រួ​បង្រៀន​​ថ្នាក់​បឋមសិក្សា​បង្រៀន​នៅ​សាលា​​ប្រជុំ​វង្ស​។ ឬទ្ធី​ជា​កូន​ទី​មួយ​មាន​ប្អូន​បី​នាក់​ស្រី​ទាំង​បីប្អូន​ទី​មួយ​មាន​អាយុ​១៤​​ឆ្នាំ​រៀន​ថ្នាក់​ទី១០ ប្អូន​ទី​ពីរ​មាន​អាយុ​៨​​ឆ្នាំ​រៀន​ថ្នាក់​ទី​៣ ចំណែក​ប្អូន​​ពៅ​មាន​អាយុ​៤​ឆ្នាំ​។

ប្រវត្តិ​សិក្សា និង​ការ​សរសេរ Moon OS

ឬទ្ធី​ចូល​រៀន​​ដំបូង​នៅ​សាលា​បឋម​សិក្សា​​បឹង​ ឈូក​ប្រជុំវង្ស​ បន្ទាប់​មក​ទៀត​នៅវិទ្យាល័យ​ច្បា​អំពៅ​​ ហើយ​បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​មួយ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា IIC ជំនាញ IT។ កាល​ពី​រៀន​នៅ​ថ្នាក់​បឋម​សិក្សា​ ឬទ្ធី​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​គួរសម​ គឺ​ត្រឹម​លេខ​៥​ឬ​លេខ​៦ ​មិន​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លើស​ពី​លេខ​១០​ទេ​។

ចាប់​ចូល​រៀន​ថ្នាក់​ទី​៧​ភ្លាម ឬទ្ធី​ចាប់​ផ្ដើម​ចូល​រៀន​កុំព្យូទ័រ​នៅ​សាលា​ឯកជន​។ ​ដំបូង​ឡើយ​គ្រាន់​​តែ​ចង់​ចេះ​ចង់​ដឹង​តែ​ប៉ុណ្ណោះ​ គឺ​មិន​ទាន់​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​សរសេរ​កម្មវិធី​អ្វី​​នោះ​ទេ។ ដោយ​សារ​តែ​ចិត្ត​ចង់​ចេះ​ចង់​ដឹង​ ឬទ្ធី​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​រៀន​កុំព្យូទ័រ​ដោយ​ខ្លួន​ឯង ​ រហូត​ដល់​ថ្នាក់​ទី​៩​​ ឬទ្ធី​ចាប់​ផ្ដើម​ងាក​មក​សរសេរ​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​​នេះ​។

បើ​ទោះ​បី​មួយ​ថ្ងៃ​ៗ​ខិត​ខំ​សរសេរ​កម្មវិធី​យ៉ាង​ណា​ក៏​ដោយ ​ក៏​យុវជន​ប្រកប​ដោយ​ការ​តស៊ូ​ម្នាក់​នេះ​មិន​ដែល​មាន​ជំងឺ​ឈឺ​ថ្កាត់​ធំ​ដុំ​អី​ទេ​ សូម្បី​តែ​ភ្នែក​ក៏​នៅ​ល្អ​មិន​ទាន់​ពាក់​វ៉ែន​តា​ដែរ​។

ការ​សរសេរ OS នេះ​គឺ​ចំណាយ​ពេល​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ឯណោះ​។ ​មុន​នឹង​សម្រេច​បាន OS មួយ​នេះ​ ឪពុក​ម្ដាយ​មិន​ចង់​ឲ្យ​រូប​គេ​​រៀន​​កុំព្យូទ័រ​ច្រើន​ពេក​​ទេ គឺ​ពួក​គាត់​ចង់​ឲ្យ​រៀន​សាលា​រដ្ឋ​​ឲ្យ​បាន​ច្រើន​សិន​។

វា​ជា​ការ​លំបាក​ណាស់​សម្រាប់​ការ​សរសេរ OS នេះ​​ ពី​ព្រោះ​បើ​និយាយ​​​មែន​ទែន​ទៅ ​នៅ​រៀន​ត្រឹម​ថ្នាក់​ទី​ប្រាំបួន​សោះ​​​ មិន​ទាន់​បាន​រៀន​កម្មវិធី Programming អ្វី​ធំ​ដំ​ទេ​ ហើយ​កិច្ចការ​នេះ​ធ្វើ​តែ​ម្នាក់​ឯង​គត់​ និង​គ្មាន​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​​ផ្នែក​បច្ចេកទេស​ពី​ស្ថាប័ន​​ណា​មួយ​​ឡើយ​។ តែ​ទោះ​ជា​អីចឹង​ក្ដី ​​យុវជន​វ័យ​១៩​ឆ្នាំ​រូប​នេះ​​បាន​ជម្នះ​រាល់​ការ​លំបាក​គ្រប់​បែប​យ៉ាង​​ រហូត​ទទួល​បាន​​ជោគ​ជ័យ​​សម្រេច​ចេញ​ជា​ផ្លែ​ផ្កា​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ជា​ភាសា​ខ្មែរ​នេះ​ឡើង​ចុង​ឆ្នាំ​២០០៥​។

ក្នុង​ការ​សរសេរ OS នេះ​ដែរ​ កាល​ពី​ដំបូង​ឡើយ​​​ ឬទ្ធី​​ទទួល​បាន​ការ​ជួយ​គាំទ្រ​ពី​វិទ្យាស្ថានខ្មែរ​បើក​ទូលាយ​ (Open Institute) ក្នុង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​ និង​ប្រើ​ប្រាស់​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ។

នៅ​ពេល​​រៀន​ថ្នាក់​ទី​ប្រាំ​បួនជា​ឆ្នាំ​ប្រឡង​ឌីប្លូម​ផង​ ឬទ្ធី​មិន​បាន​រៀន​មេរៀន​នៅ​សាលា​រដ្ឋ​ប៉ុន្មាន​​ទេ​ គឺ​មួយ​ថ្ងៃ​ៗ​នៅ​ពី​មុខ​កុំព្យូទ័រ​រហូត ពី​ព្រោះ​​តែ​ជក់​ចិត្ត​សរសេរ​កម្មវិធី OS។

ចាប់​ផ្ដើម​ចូល​រៀន​នៅ​ថ្នាក់​វិទ្យាល័យ ​ឬទ្ធី​​កាន់​តែ​​​មមាញឹក​មែន​ទែន​​ ជា​ពិសេស​នៅ​ពេល​រៀន​​ថ្នាក់​ទី១២​ជា​ថ្នាក់​​​​ប្រឡង​បាក់ឌុប​ កម្មវិធីBarcamp លើក​​ទី​ពីរ ដែល​បាន​​ប្រព្រឹត្ត​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ ​តម្រូវ​ឲ្យ​ឬទ្ធី​​បង្ហាញ​ពី OS នោះ​ផង​ ទើប​ធ្វើ​ឲ្យ​រូប​គេ​ខិត​ខំ​សរសេរ version ទី​បី​ឲ្យ​ចេញ​មុន Barcampទី​ពីរ​នេះ​​​។

បើ​ទោះ​បី​ជា​រវល់​យ៉ាង​នេះ​ក្ដី​ ឬទ្ធី​នៅ​តែ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​នៅ​ពេល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ គឺ​ទទួល​​បាន​និទ្ទេស C។ ក្នុង​ចំណោម​មុខ​​វិទ្យា​រៀន​នៅ​វិទ្យាល័យ​ ឬទ្ធី​ស្រឡាញ់​​គណិតវិទ្យា​​ និង​រូបវិទ្យា​​ខ្លាំង​​ជាង​គេ។ ​​​​ដោយ​សារ​តែ​រវល់​សរសេរ OS នេះ​​ខ្លាំង​ពេក ​មុខ​វិទ្យា​គណិត ឬទ្ធី​ទទួល​បាន​និទ្ទេសC ចំណែក​​រូបវិទ្យា​វិញ​ទទួល​បាន​​និទ្ទេសE។

បើ​និយាយ​ពី​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​វិញ ​បើ​ថ្ងៃ​ណា​មិន​ទៅ​សាលា​ ឬទ្ធី​ចំណាយ​ពេល​ជា​​មធ្យម​ពី​ម៉ោង​​៨​​ព្រឹក​ដល់​ម៉ោង​១២​​ថ្ងៃ​ត្រង់ និង​ពី​ម៉ោង​១​រសៀល​រហូត​ដល់​ម៉ោង​៦​ឬ៧​ល្ងាច​ ហើយ​នៅ​ពេល​ល្ងាច​ចាប់​ពី​ម៉ោង​៨​​រហូត​ដល់​ម៉ោង​១២​យប់​។ មាន​យប់​ខ្លះ​ស្ទើរ​តែ​មិន​ចង់​ចូល​គេង​ទៅ​​ទៀត ដោយ​សារ​ចេះ​តែ​ជក់​ចិត្ត​ និង​នឹក​​ឃើញ​អ្វី​ដែល​ថ្មី​ៗ​ ហើយ​​ទាល់​តែ​ម្ដាយ​បង្ខំ​​ឲ្យ​ចូល​​គេង​​ទើប​ចូល​គេង​។

ក្រោយ​ពី​បញ្ចប់​​ថ្នាក់​បាក់​ឌុប​ភ្លាម​ ឪពុក​ម្ដាយ​ឬទ្ធី​ចង់​​ឲ្យ​រៀន​បន្ត​​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ​ តែ​ឬទ្ធី​ប្រកែក​មិន​ចង់​ទៅ​រៀន​ទេ​ដោយ​សារ​តែ​សាលា​នោះ​ឆ្ងាយ​ពី​ផ្ទះ​ពេក​ ទើប​​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា IIC ទៅ​។

ចំពោះ​ការ​រៀន​សូត្រ​នៅ​មហាវិទ្យាល័យ ​ឪពុក​ម្ដាយ​ជា​អ្នក​រ៉ាប់​រង​ទាំង​ស្រុង​គឺ​បង់​ថ្លៃ ៣០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​។ ចំពោះ​ប្រាក់​ចំណាយ​លើ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ជា​មធ្យម​អស់​​១០​ដុល្លារក្នុង​មួយ​ខែ​ៗ។ ​ពេល​ខ្លះ​ឬទ្ធី​ចំណាយ​ពេល​សរសេរ​អត្ថបទ​មួយ​ ឬ​ពីរ​ឲ្យ​ទស្សនាវដ្ដី​កុំព្យូទ័រ (CM) លក់​បាន​ក្នុង​មួយ​អត្ថបទ​៥​ដុល្លារ​ដើម្បី​យក​លុយ​នោះ​មកបង់​ថ្លៃ​កាត​​ម៉ូឌឹម​​។

ចំពោះការ​ប្រឡង​ប្រជែង​​អាហារូបករណ៍ ឬទ្ធី​​ពុំ​​ដែល​បាន​ដាក់​ប្រឡង​នៅ​សាលា​ណា​នោះ​ទេ ដោយ​សារ​តែ​មិន​សូវ​បាន​ដឹង​រឿង​នេះ​​។

ចំពោះ​បទ​ពិសោធ​រៀន​សូត្រ​ ឬទ្ធី​មិន​បាន​រៀន​ជំនាញ​សរសេរ​កម្មវិធី​ជា​មួយ​សាលា​ឯកជន​ខាង​ក្រៅ​ច្រើន​ទេ​ គឺ​ភាគ​ច្រើន​រៀន​ដោយ​ខ្លួន​ឯង​តាម​រយៈ​ការ​​ប្រើ​អ៊ីនធឺណិត​ស្រាវ​ជ្រាវ​ទាំង​អស់​។ ដូច្នេះ​ហើយ​ឬទ្ធី​ជួប​បញ្ហា​ខ្លះ​ៗ​ចំពោះ​ការ​សរសេរ OS នេះ​ដោយ​សារ​មិន​បាន​រៀនកម្មវិធី​សរសេរ​កម្មវិធី (Programming) ច្រើន​​។ ​បច្ចុប្បន្ន​ឬទ្ធី​ចេះ​​ច្បាស់​ជាង​គេ​គឺ Python និង Cខ្លះ​ៗ​ប៉ុណ្ណោះ​​។

ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការកុំព្យូទ័រជា​ភាសា​ខ្មែរ​នេះ គេ​ដាក់​ឈ្មោះ​ឲ្យ​ថា Moon OS។ មូល​ហេតុ​សំខាន់​ដែល​ឬទ្ធី​ជ្រើស​រើស​ឈ្មោះ​នេះ​​ដោយ​សារ​តែ​ពាក្យ​ថា Moon មាន​ន័យ​ជា​ភាសា​ខ្មែរថា​ព្រះចន្ទ​យក​តាម​ឈ្មោះ​​របស់​ខ្លួន​​ច័ន្ទ

មក​ដល់​បច្ចុប្បន្ន​នេះ ឬទ្ធី​កំពុង​ចំណាយ​ពេល​ធ្វើ​ការ Upgrade version ៥​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​កាន់​តែ​សម្បូរ​បែប​ជាង​​​មុន ​ជា​ពិសេស​ចង់​ផ្ដាច់​មិន​ឲ្យ​ OS មួយ​នេះ​ត្រូវ​ការ​ជំនួយ​ពី​អ៊ីនធឺណិត​ច្រើន​ទៀត​ទេ​នៅ​ពេល​ដំឡើង​ម្ដង​ៗ​​​ និង​​​ចង់​ផ្ដាច់​ដោយ​ឡែក​ពី​គ្នា​រវាងកម្មវិធី Windows និង​កម្មវិធី​ការិយាល័យ​ខ្មែរ (Open Office)។

តាម​ពិត​ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ​មួយ​នេះ ​មិន​មែន​​មាន​តែ Moon OS មួយ​ទេ​គឺ​មាន Khmer Open Suse មួយ​ទៀត តែ OS ផ្សេង​ទៀត​នេះ​​មិន​មាន​ លក្ខណៈ​ពិសេស​លើស Moon OS ប៉ុន្មាន​ទេ​។ ហើយ​បើ​និយាយ​មែន​ទែន​ទៅ Moon OS សរសេរ​ដោយ​​មនុស្ស​​ តែ​ម្នាក់​គត់​គឺ​ច័ន្ទ​ឬទ្ធី ចំណែក Khmer Open Suse វិញ​​គឺ​មាន​សមាគម Open Institute ​(Khmer OS) ដែលមាន Developer ជាច្រើន​ជា​អ្នក​សរសេរ​។

ក្រៅ​ពី​ជំនាញ​សរសេរ​កម្មវិធី ​ចំពោះ​ភាសា​អង់គ្លេស​ឬទ្ធី​អាច​ប្រើ​ប្រាស់​បាន​ទាំង​ការ​ អាន សរសេរ ស្ដាប់​​ និង​និយាយ​ ហើយ​ម្ចាស់ Moon OS រូប​​នេះ ​មាន​គម្រោង​ចង់​រៀន​យក​បរិញ្ញាបត្រ​ភាសា​អង់គ្លេសមួយ​ទៀត​។ ចំពោះ​គម្រោង​​​ថ្មី​នេះ​ ឬទ្ធី​ប្រហែល​​ជា​ចង់​​បន្ត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ ឬទ្ធី​គ្មាន​បំណង​ចង់​ទៅ​រៀន​បន្ត​ទៀត​ទេ​បន្ទាប់​ពី​បញ្ចប់​បរិញ្ញាបត្រ IT នៅ​សាកលវិទ្យាល័យ​ ពីព្រោះ​ចង់​​​ចំណាយ​ពេល​ច្រើន​ទៀត​លើ OS មួយ​នេះ​។

បច្ចុប្បន្ននេះ Moon OS មានគេហទំព័រ​ផ្ទាល់​ខ្លួន​មួយ​ ដែល​មាន​អាសយដ្ឋាន moonos.org។ នៅ​ក្នុង​គេហទំព័រ​នេះ​ ប្រិយមិត្ត​អាច​មើល​ព័ត៌មាន​ទាក់​ទង​ទៅ​នឹង version នី​មួយៗ​របស់ OS នេះ​ នឹង​ថែម​ទាំង​អាច​ទាញ​យកទៅ​ដំឡើង​លើ​ម៉ាស៊ីន​កុំព្យូទ័រ​​របស់​អ្នក​បាន​ដោយ​ឥត​គិត​ថ្លៃ​។

ស្ថាបនិក Moon OS រូប​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់​ការ​បង្ហោះ​គេហទំព័រ​នេះ​ ត្រូវ​បាន​មិត្តភ័ក្ដិ​ម្នាក់​ជួយ​ឧបត្ថម្ភ​បង់​ថ្លៃ Server ប្រចាំ​ខែ​ឲ្យ​ ហើយ​ចំពោះ​ការDownload OS ​នេះ​ទៅ​ប្រើ​ប្រាស់​ភាគ​ច្រើន​គឺ​ជន​បរទេស​ ខ្មែរ​ឯង​មិន​សូវ​ជា​មាន​ទេ​។

ថ្មី​ៗ​​នេះ​ក្រៅ​ពី​ការ​បង្កើតប្រព័ន្ធ​ប្រតិបត្តិការ​លើ​កុំព្យូទ័រ​នេះ​ ឬទ្ធី​កំពុង​មាន​ចាប់​យក​គម្រោង​មួយ​ទៀត​គឺ​មាន​ឈ្មោះ​ថា Android User Group។ គម្រោង​មួយ​នេះ ឬទ្ធី​មិន​ទាន់​ចំណាយ​ពេល​ច្រើន​ប៉ុន្មាន​ទេ​ដោយ​សារ​តែ​ជាប់​រវល់ Upgrade version ថ្មី​ៗ​សម្រាប់ Moon OS ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន​​។ គោល​បំណង​សំខាន់​នៃ​គម្រោង​ទីពីរ​នេះ គឺ​ចង់​​ឲ្យ​កម្មវិធី Khmer Unicode អាច​ដំណើរ​ការបាន​ជា​មួយ​ទូរស័ព្ទ​ម៉ូដែល​វៃ​ឆ្លាត​​ដែល​ដំណើរ​ការ​​ដោយ Android OS។

ចំពោះ​គម្រោង​ទី​ពីរ​នេះ​ ឬទ្ធី​នៅ​ជួប​បញ្ហា​ច្រើន​នៅ​ឡើយ​ ដោយ​សារ​តែ Android គឺ​ជា​កម្មវិធី​ដែល Google ប្រើ C++ សម្រាប់​សរសេរ​វា​ឡើង​ ដូច្នេះ​ជា​ការ​លំបាក​ដែរ​សម្រាប់​ឬទ្ធី​ ដោយ​សារ​តែ​គាត់​មិន​ទាន់​​ចេះ​កម្មវិធី C++។

តាម​ពិត​ទៅ Android មិន​មែន​ថា​មិន​អាច​ដំណើរ​ការ​ជា​មួយ Unicode បាន​ទាំង​ស្រុង​នោះ​ទេ​តែ​បើ​ដំឡើង​ទៅ​វា​នៅ​ចេញ​ជើង​ដៃ​ច្រងេងច្រងាង​នៅ​ឡើយ។ ដូច្នេះ​ចាំ​មើល​គម្រោង​ថ្មី​របស់​គេ​មើល​មើល៍​ថា​អាច​ដំណើរ​ការ​បាន​ទាំង​ស្រុង​ឬ​​យ៉ាង​ណា?។

ដំណើរទស្សនកិច្ច​នៅ​បរទេស

កាល​ពី​ចុង​ឆ្នាំ​២០០៩​ ឬទ្ធី​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ទៅ​​បង្ហាញ​ប្រព័ន្ធ​ប្រតិបត្តិការ​លើកុំព្យូទ័រ​ជា​ភាសា​ខ្មែរ​មួយ​នេះ នៅ​ប្រទេស​វៀតណាម​ក្នុង​កម្មវិធី Gnome Submit ដោយ​មាន​ប្រទេស​ចិន​ ឥណ្ឌា ម៉ាឡេស៊ី សិង្ហបុរី វៀតណាម​ និង​កម្ពុជា​ចូលរួម​​។ ក្នុង​ការ​បង្ហាញ​នោះ​ដែរ Moon OSទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ពី​បណ្ដា​ប្រទេស​ទាំង​នោះ​។

គម្រោង​ទៅ​អនាគត

យុវជន​ពោរពេញ​ដោយ​សមត្ថភាព​ម្នាក់​នេះ​ ​ទៅ​អនាគត​មាន​គម្រោង​ចង់​បង្កើត​ក្រុមហ៊ុន Softwares មួយ​​ ហើយ​ក្រៅ​ពី​នេះ​ក៏​មាន​បំណង​​ចង់​ក្លាយ​ជា​អ្នក​សរសេរ​កម្មវិធី​ជំនាញ​ ម្នាក់​​ឲ្យ​ក្រុមហ៊ុន​ឯកជន​ផង​ដែរ​។

ឬទ្ធី​ប្រៀប​បាន​ជា​កូន​ពេជ្រ​មួយ​គ្រាប់​​ដែល​មាន​តម្លៃ​បំផុត​ មិន​ត្រឹម​តែ​សម្រាប់​គ្រួសារ​របស់​គេ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​សម្រាប់​ប្រទេស​កម្ពុជា​​ផង​ដែរ​។ ក្នុង​វ័យ​ទើប​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​គេ​ជា​ក្មេង​ដែល​មាន​ភាព​អត់ធ្មត់ និង​ពោរពេញ​ដោយ​សមត្ថភាព​​​អាច​​បង្កើតOSកុំព្យូទ័រ​ជា​ភាសា​ខ្មែរ​នេះ​ឡើង ​ជា​ពិសេស​កំពុង​ចាប់​យក​គម្រោង​​ថ្មី​របស់​គេ​មួយ​ទៀត​គេ​គឺ Android User Group។

មិន​ដឹង​ថា​គម្រោង​របស់​កំលោះ​វ័យ​​ក្មេង​នេះ​បាន​សម្រេច​ទៅ​ ឬ​យ៉ាង​ណា​នោះ​ទេ គឺ​ត្រូវ​រង់​​ចាំ​មើល​ទាំង​អស់​គ្នា​សិន​៕

Copy right by: Sabay.com.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s