អតីត​គ្រូ​បង្រៀន​មួយ​រូប​បង្កើត​រថយន្ត​ប្រើ​ពន្លឺ​ថ្ងៃ​ដំបូង​នៅ​កម្ពុជា

អតីត​គ្រូ​បង្រៀន​ផ្នែក​គណិត​វិទ្យា​និង​រូប​វិទ្យា​មួយ​រូប​នៅ​ខេត្ត​ កំពង់ឆ្នាំង គឺ​លោក គង់ ផារិទ្ធ បាន​ប្រឹងប្រែង​ប្រើ​គំនិត​បញ្ញា​ដើម្បី​ច្នៃ​ប្រឌិត​ដំឡើង​រថយន្ដ​ប្រើ​ ថាមពល​ព្រះ​អាទិត្យ​មួយ​រហូត​បាន​សម្រេច។

សំឡេង​លាន់​ឮ​អម្បាញ់​មិញ​នេះ​គឺ​ជា​ការសាកល្បង​នៃ​ការបញ្ជា​យាន​យន្ដ​ មួយ​គ្រឿង​ដែល​ប្រើ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​និង​កែ​ច្នៃ​ប្រឌិត​ឡើង​ ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​ដោយ​អតីត​គ្រូ​បង្រៀន​ផ្នែក​គណិត​ វិទ្យា​និង​រូបវិទ្យា​មួយ​រូប​នៅ​ខេត្ត​កំពង់ឆ្នាំង។ លោក​គ្រូ​រូប​នោះ​មាន​ឈ្មោះ​ថា គង់ ផារិទ្ធ មាន​ដើម​កំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង​ផងដែរ។

ចំពោះ​គំនិត​ផ្តួចផ្ដើម​ធ្វើការ​កែ​ច្នៃ​យាន​យន្ត​នេះ លោក គង់ ផារិទ្ធ បច្ចុប្បន្ន​ជា​ប្រធាន​អង្គការ​អ្នក​កសាង​សមត្ថភាព និង​ជា​ប្រធាន​គម្រោង​មជ្ឈមណ្ឌល​វៃ​ឆ្លាត ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា មុន​នឹង​អាច​ដំឡើង​ជា​រថយន្ដ​កែ​ច្នៃ​នេះ​គឺ​លោក​បាន​ចំណាយ​ពេលវេលា​ប្រមាណ​ កន្លះ​ឆ្នាំ​ក្នុង​ការស្រាវជ្រាវ​រូបមន្ត គឺ​ក្រោយ​ពី​បាន​ធ្វើការ​ស្រាវជ្រាវ​ផ្នែក​ច្នៃ​ប្រឌិត​កង់​សម្រាប់​ជិះ​ដែល ​ប្រើប្រាស់​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ប្រកប​ដោយ​ ជោគជ័យ​នោះ​មក។

លោក​បាន​បន្ត​ថា សម្រាប់​រថយន្ដ​ដែល​ប្រើ​ដោយ​ថាមពល​ព្រះ​អាទិត្យ​នេះ គឺ​លោក​បាន​យក​គ្រឿង​ចាស់ៗ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ស្រុក​មក​ផ្សំ​ដំឡើង​ ឲ្យ​ចេញ​ជា​រូប​រាង​ហើយ​ទើប​បំពាក់​ឧបករណ៍​បន្ថែម​ដែល​មាន​កញ្ចក់​ស្រូប​ ពន្លឺ​ព្រះ​អាទិត្យ អាគុយ និង​ម៉ូទ័រ ជាដើម។

លោក គង់ ផារិទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «ប្រព័ន្ធ​បញ្ជា​ម៉ូទ័រ​យឺត​លឿន​ ហ្នឹង បើ​សិន​ជា​យើង​អត់​ចេះ​បញ្ជា កាល​ណា​យើង​ឲ្យ​ម៉ូទ័រ​យឺត វា​ខ្សោយ ភ្លើង​ចូល​អត់​គ្រប់​វា​ខ្សោយ ខ្សោយ​វា​អូស​ឡាន​អត់​រួច​ទេ តែ​ដល់​ពេល​យើង​ស្រាវជ្រាវ​ទៅ ប្រើ PMW។ PMW​ហ្នឹង… គេ​ប្រើ​រលក​ទៅ​បញ្ជា​ម៉ូទ័រ​វិញ ដើម្បី​ឲ្យ​ម៉ូទ័រ​យឺត​លឿន​បាន ហើយ​ម៉ូទ័រ​នៅ​ខ្លាំង​ដដែល។ មាន​ការសាកល្បង​ច្រើន​លើក​ច្រើន​សា​ណាស់​ក្នុង​ការស្រាវជ្រាវ​ធ្វើ​ហ្នឹង»

ឡាន​ប្រើ​ពន្លឺ​ថ្ងៃ​៣០៥
រថយន្ដ​ប្រើ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ ដែល​លោក គង់ ផារិទ្ធ ដំឡើង។ RFA Photo/Keopich Metta

លោក គង់ ផារិទ្ធ បាន​បញ្ជាក់​ទៀត​ដែរ​ថា រថយន្ដ​នោះ​គឺ​អាច​ផ្ទុក​មនុស្ស​បាន​ពី​២​នាក់​ទៅ​៤​នាក់ និង​មាន​ល្បឿន​ពី​៣០​ទៅ​៣៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មាន​ទម្ងន់​៧៥០​គីឡូក្រាម ហើយ​មាន​កម្លាំង​ថាមពល​ដែល​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​ចំនួន​ពី​២០០០​វ៉ាត់​ ទៅ​២៤៣០​វ៉ាត់​ក្នុង​មួយ​ថ្ងៃ ហើយ​អាច​បើក​បាន​ចម្ងាយ​ផ្លូវ​ពី​៣០​-​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​ថ្ងៃ​ណា​មិន​មាន​ពន្លឺ​ព្រះ​អាទិត្យ​ទេ​ឬ​មួយ​គេ​ចង់​បើក​ឲ្យ​បាន ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​លើស​ពី​នេះ គឺ​គេ​អាច​សាក​ភ្លើង​ចរន្ដ​អគ្គិសនី ពីព្រោះ​នៅ​ក្នុង​រថយន្ដ​នោះ​លោក​បាន​រៀបចំ​ត​ជា​ប្រព័ន្ធ​ភ្លោះ​ផងដែរ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អាគុយ​មួយ​ថែម​ទៀត។

លោក គង់ ផារិទ្ធ បាន​បញ្ជាក់​ថា ៖ «អ៊ីចឹង​ប្រព័ន្ធ​ឡាន​ហ្នឹង​វា Hybrid វា​ប្រព័ន្ធ​ភ្លោះ យើង​មិន​មែន​ប្រើ​តែ​សូឡារ​សុទ្ធ​ទេ យើង​មាន​កន្លែង​ដោត​ភ្លើង​សាក​អាគុយ​វា គឺ​យើង​នៅតែ​ប្រើ​បាន​ដដែល។ ហើយ​ទៅ​ថ្ងៃ​មុខ​យើង​ចង់​ធ្វើ​បំពាក់​កូន​ម៉ាស៊ីន​មួយ​តូច​នៅ​ក្នុង​ហ្នុង​ មួយ​ទៀត។ ពេល​ណា​ដែល​យើង​រត់​ទៅ​ឆ្ងាយ យើង​អាច​បញ្ឆេះ​កូន​ម៉ាស៊ីន​តូច​មួយ​ដើម្បី​ឲ្យ​វា​ជួយ​ជាមួយ​ពន្លឺ​ថ្ងៃ បូក​ចូល​គ្នា​អាច​ជំរុញ​ឲ្យ​ចលនា​ហ្នឹង​អាច​ទៅ​មុខ។ ប្រព័ន្ធ​ស្អីៗ​យើង​ធ្វើ​ឲ្យ​មាន​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​តែម្ដង អាច​ថា​ថ្ងៃ​ក្រោយ​ខូច​កៅស៊ូ ខូច​កន្លែង​ណា​មួយ គឺ​ថា​យើង​ទៅ​ទិញ​ពី​ផ្សារ​មក​ដោះដូរ​បាន​ដូច​គ្នា»

លោក គង់ ផារិទ្ធ បាន​ឲ្យ​ដឹង​ផងដែរ​ថា សម្រាប់​រថយន្ដ​ប្រើ​ដោយ​ថាមពល​ព្រះអាទិត្យ​ដែល​លោក​បាន​ធ្វើការ​ច្នៃ​ ប្រឌិត​ក្នុង​ការសាកល្បង​ជា​លើក​ដំបូង​នេះ គឺ​បាន​ចំណាយ​ថវិការ​អស់​ប្រមាណ​ជាង​៣០០០​ដុល្លារ ដែល​លោក​គិត​ថា​ជា​ការចំណាយ​ច្រើន ពីព្រោះ​វត្ថុ​ដែល​យក​មក​ផ្សំ​ដំឡើង​នោះ​គឺ​មាន​តម្លៃ​ថ្លៃ​ពេក ជា​ពិសេស​គឺ​កញ្ចក់​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​ចំនួន​បី​ដែល​បំពាក់​ពី​លើ​ រថយន្ដ ដែល​ក្នុង​មួយ​បន្ទះ​មាន​ខ្នាត​ចំនួន​១៣០​វ៉ាត់ ថ្លៃ​ជិត​៧០០​ដុល្លារ ហើយ​និង​បន្ទះ​កញ្ចក់​តូច​មួយ​ទៀត​ខ្នាត​២០​វ៉ាត់ ថ្លៃ​១០០​ដុល្លារ។

លោក​បាន​បញ្ជាក់​ទៀត​ថា ៖ «ខ្លះ​របស់​ដែល​យើង​ទិញ​យក​មក​ធ្វើ​ហ្នឹង ដូច​ជា​ភាសា​បច្ចេកទេស គេ​ហៅ​ថា ប៉ែត​ត្រង់ស៊ីស្ទ័រ ប៉ែត​ត្រង់ស៊ីស្ទ័រ​ហ្នឹង​គឺ​ជា​ឧបករណ៍​ស៊ីមី​កុងឌុចទ័រ​តូចៗ​មួយចំនួន​ដែល​ យើង​យក​មក​ដើម្បី​ដំឡើង​វា​បញ្ជា​ម៉ូទ័រ​យឺត​លឿន។ អ៊ីចឹង​ការ​ដែល​យើង​ធ្វើ​ដំបូង​វា​ឆេះ ខូច​ខាត សាក​អា​ផ្សេង​ទៅ​អត់​កើត ដោះ​អា​ហ្នឹង​ចេញ ដាក់​ថ្មី​ទៀត ច្រើន​លើក​ច្រើន​សា ប៉ុន្តែ​ទី​ចុង​បំផុត​ខ្ញុំ​បាន​ជោគជ័យ ខ្ញុំ​រក​ឃើញ​ចំណុច​ណា​ដែល​ដាក់​ប្រើ​ទៅ​បាន​ជោគជ័យ»

ទាក់ទង​នឹង​ការច្នៃ​ប្រឌិត​យាន​យន្ដ​ប្រើ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​នេះ លោក ង៉ែត វិបុល ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​នៃ​ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល បាន​មាន​ប្រសាសន៍​ថា លោក​បាន​ជ្រាប​ផងដែរ​ពី​បញ្ហា​នេះ ហើយ​បាន​ចូលរួម​លើក​ទឹក​ចិត្ត​ដល់​អ្នក​ចេះ​ច្នៃ​ប្រឌិត​នោះ។

លោក​បាន​បន្ត​ថា លោក​គ្រាន់តែ​បាន​ដឹង ប៉ុន្តែ​មិន​ទាន់​បាន​ឃើញ​ម្ចាស់​កម្មសិទ្ធិ​យាន​យន្ដ​នោះ​មក​ដាក់​លិខិត​ សុំ​ការពារ​កម្មសិទ្ធិ​បញ្ញា​របស់​គេ​នៅ​ឡើយ​ទេ។

លោក ង៉ែត វិបុល បាន​ថ្លែង​ថា ៖ «គាត់​បាន​ផ្សព្វផ្សាយ​យើង​ដឹង​អស់​ ហើយ ប៉ុន្តែ​គ្រាន់តែ​ថា គាត់​ត្រូវ​សុំ ច្បាប់​កម្មសិទ្ធិ​បញ្ញា​ក៏​ជា​ច្បាប់​ឯកជន អ៊ីចឹង​យើង​ទុក​ឲ្យ​សិទ្ធិ​អ្នក​ផលិតករ​សម្រេច​ខ្លួន​ឯង យើង​អត់​បង្ខំ​ទេៗ គ្រាន់​តែ​ថា​បច្ចេកទេស​ផ្សេងៗ​ហ្នឹង​ខាង​ជំនាញ​មួយ​ទៀត»

លោក គង់ ផារិទ្ធ ប្រធាន​អង្គការ​អ្នក​កសាង​សមត្ថភាព ដែល​ច្នៃ​ប្រឌិត​យានយន្ដ​ប្រើ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា លោក​នៅ​មិន​ទាន់​បាន​ទៅ​សុំ​ចុះ​ឈ្មោះ​សុំ​ការពារ​កម្មសិទ្ធិ​បញ្ញា​អំពី​ យាន​យន្ដ​នេះ​នៅ​ឡើយ​ទេ ពីព្រោះ​ទើប​តែ​បាន​ស្រាវជ្រាវ​និង​ដំឡើង​ចប់​ថ្មីៗ។

លោក​បាន​បន្ថែម​ទៀត​ថា លោក​នឹង​ទៅ​ធ្វើការ​ចុះ​ឈ្មោះ​បន្ទាប់​ពី​យក​ទៅ​ឲ្យ​ក្រសួង​សាធារណការ​ ធ្វើការ​ពិនិត្យ​បច្ចេកទេស​រថយន្ដ​នេះ​ចប់​សព្វ​គ្រប់​នៅ​ពេល​ខាង​មុខ​នោះ។

គួរ​ជម្រាប​ជូន​ដែរ​ថា ក្រៅ​ពី​មាន​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការបង្កើត​ជា​រថយន្ដ​ប្រើ​ដោយ​ថាមពល​ ពន្លឺ​ព្រះ​អាទិត្យ លោក គង់ ផារិទ្ធ កន្លង​មក​ក៏​ធ្លាប់​បាន​ធ្វើការ​ច្នៃ​ប្រឌិត​កង់​សម្រាប់​ជិះ​ប្រើប្រាស់​ ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ផងដែរ ប៉ុន្តែ​ដោយ​ពុំ​មាន​ថវិកា​គ្រប់គ្រាន់​ហើយ​មិន​សូវ​ទាន់​មាន​អតិថិជន​គេ​ បាន​ដឹង​និង​ចាប់​អារម្មណ៍​ច្រើន​នោះ រហូត​មក​ដល់​ពេល​នេះ​គឺ​លោក​បាន​ដំឡើង​កង់​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​នោះ​បាន​ ចំនួន​៤​គ្រឿង​ប៉ុណ្ណោះ។

លោក គង់ ផារិទ្ធ បាន​ប្រាប់​ឲ្យ​ដឹង​ផងដែរ​ថា កាលពី​ពេល​ថ្មីៗ​នេះ​មាន​ការបញ្ជា​ទិញ​កង់​ប្រើ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ ខ្លះៗ​ពី​ខាង​ក្រៅ​ស្រុក​ដូច​ជា​ប្រទេស​បារាំង​ជាដើម។

លោក គង់ ផារិទ្ធ បាន​បញ្ជាក់​ថា ៖ «មិន​ហ៊ាន​ធ្វើ​អី​ច្រើន​នៅ​ឡើយ​ទេ ដោយសារ​តែ​កង់​ពន្លឺ​ថ្ងៃ​វា​មាន​តម្លៃ​ថ្លៃ​ដល់​៣០០​-​៤០០(ដុល្លារ)​ជាង​ ឯណោះ។ យើង​ខំ​ធ្វើ​ឲ្យ​ថោក ថោក​អត់​កើត បើ​សិន​ជា​ថោក​របស់​ហ្នឹង​អត់​គុណភាព កង់​ដែក​អី​វា​ធ្ងន់ អ៊ីចឹង​យើង​ត្រូវ​ធ្វើ​ឲ្យ​ស្រាល។ ដូច​ឡាន​ពន្លឺ​ថ្ងៃ​ខ្ញុំ​ហ្នឹង ខ្ញុំ​ក៏​ចង់​ធ្វើ​ឲ្យ​ស្រាល​ដែរ បើ​យើង​ធ្វើ​បាន​កាន់តែ​ស្រាល​ឡាន​កាន់តែ​ល្អ»

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ខិតខំ​បង្កើន​គំនិត​កែច្នៃ​ដោយ​ខ្លួន​ឯង​គឺ​លោក​បាន​បើក​វគ្គ​ បណ្ដុះ​បណ្ដាល​ដល់​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​ដែរ ដោយ​យក​ក្នុង​តម្លៃ​២​ខែ​ចំនួន​២០០​ដុល្លារ ហើយ​ក្រៅ​ពី​នេះ​គឺ​លោក​បាន​ធ្វើការ​បង្ហាត់​បង្រៀន​ដល់​អ្នក​ក្រីក្រ​មក​ពី ​បណ្ដា​ខេត្ត​នានា​ដោយ​មិន​គិត​ថ្លៃ​ទេ ហើយ​សព្វថ្ងៃ​នេះ​មាន​ចំនួន​សិស្ស​សារុប​កំពុង​ហាត់​រៀន​ចំនួន​ជាង​១០​នាក់៕

ដោយ RFA Photo

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s