ស្នាដៃ​របស់​កវី​ខ្មែរ ក្រម ង៉ុយ (ភាគ​១)

អ្នក​ជំនាន់​ក្រោយ​មួយចំនួន​យល់​ឃើញ​ថា កេរ​ដំណែល​របស់​​លោក ក្រម ង៉ុយ នៅតែ​មាន​​តម្លៃ​សម្រាប់​​មនុស្ស​ខ្មែរ​ស្ទើរ​គ្រប់​​សម័យ​កាល​ទាំងអស់។

ប្រធាន​វិទ្យាស្ថាន​ភាសា​ជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា លោក អ៊ីវ ច័ន បណ្ឌិត​ផ្នែក​ប្រវត្តិសាស្រ្ត​បាន​រំឭក​ឲ្យ​ដឹង​ថា ស្នាដៃ​របស់​កវី ក្រម ង៉ុយ បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ពី​សម័យ​កាល​មួយ​ដែល​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម ​ការត្រួតត្រា​របស់​បារាំង ហើយ​កវី​ឯក​រូប​នេះ​ក៏​មាន​គំនិត​រក្សា​នូវ​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ ខ្មែរ​ឲ្យ​បាន​គង់វង្ស​ផងដែរ។

លោក អ៊ីវ ច័ន្ទ បាន​ឲ្យ​ដឹង​ថា ៖ «ស្នាដៃ​របស់ ក្រម ង៉ុយ គឺ​មាន​សារសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​យើង​នៅ​ពេល​ដែល​អាណាព្យាបាល​បារាំង​ ចូល​មក​ប្រទេស​យើង ហើយ​មាន​វប្បធម៌​ថ្មី​ច្រើន​ចូល​មក ម្ល៉ោះ​ហើយ ក្រម ង៉ុយ គាត់​ចង់​រក្សា​វប្បធម៌​ខ្មែរ​ប្រពៃណី​ខ្មែរ»

ជាមួយ​គ្នា​នេះ​ផងដែរ សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ លោក យ៉ាន់ បូរិន ក៏​បាន​កត់​សម្គាល់​ផងដែរ​ថា លោក ក្រម ង៉ុយ ជា​កវី​អច្ឆរិយៈ​មួយ​រូប​ដែល​កេរ​ដំណែល​របស់​គាត់​មាន​តម្លៃ​ទាំង​នៅ​ អតីតកាល​និង​ក្នុង​ពេល​បច្ចុប្បន្ន ព្រម​ទាំង​ទៅ​អនាគត​ផងដែរ។

លោក យ៉ាន់ បូរិន បាន​មាន​ប្រសាសន៍​ថា ៖ «ពិសេស​ណាស់ បើ​និយាយ​ពី​កវី​និពន្ធ​ដូច ក្រម ង៉ុយ នេះ ខ្ញុំ​ថា​ដូច​ជា​អព្ភូត​ហេតុ​អ៊ីចឹង​គាត់​កើត​មក ព្រោះ​ស្នាដៃ​របស់​គាត់​ត្រូវ​គ្រប់​សម័យ​ទាំងអស់ ហើយ​ជើង​កាព្យ​ដែល​គាត់​សរសេរ​យើង​រក​កន្លែង​កែ កន្លែង​ខុស​ឆ្គង​អត់​ឃើញ វា​រណ្ដំ វា​ជួន ពីរោះ ដែល​ខ្ញុំ​ជឿ​ថា​ពិបាក​រក​អ្នក​និពន្ធ​ណា​ដូច​គាត់​ណាស់»

លោក ម៉ុញ សារី ជា​សាស្រ្តាចារ្យ​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បន្ថែម​ទៀត​ថា ៖ «កវី ក្រម ង៉ុយ អ្នក​ស្រុក​គេ​ចូល​ចិត្ត មជ្ឈដ្ឋាន​សិក្សា​ក៏​ចូល​ចិត្ត គឺ​ដោយសារ​ស្នាដៃ​គាត់​ទាក់ទង​ទៅ​រឿង​ប្រជាជន រឿង​អ្នក​ស្រុក អ្នក​ភូមិ គឺ​អប់រំ​កូន​ចៅ​ក្នុង​គ្រួសារ ទូន្មាន​ឲ្យ​ខិតខំ​រកស៊ី ទូន្មាន​ក្នុង​ការរើស​គូ​ស្រករ ទូន្មាន​ក្នុង​ការប្រតិបត្តិ​សាសនា»

ប្រជាពលរដ្ឋ​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល វ័យ​៥៥​ឆ្នាំ​ម្នាក់ ឈ្មោះ សុខ ចំរើន បាន​ឲ្យ​ដឹង​តាម​រយៈ​ការចងចាំ​របស់​គាត់​ថា កំណាព្យ​របស់​កវី ក្រម ង៉ុយ មាន​តម្លៃ​មួយ​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ។

លោក សុខ ចំរើន បាន​បញ្ជាក់​ថា ៖ «ចំពោះ ក្រម ង៉ុយ ខ្ញុំ​យល់​ថា នៅតែ​មាន​សារប្រយោជន៍ ព្រោះ​ថា​ជា​ការដាស់​តឿន​មនុស្ស​ក្នុង​សង្គម តាំង​ពី​មុន​ក៏​ដូច​ឥឡូវ ក៏​ដូច​ទៅ​មុខ​ទៀត កុំ​ឲ្យ​យើង​វង្វេង​ភ្លេច​ខ្លួន។ ធៀប​ឧបមា​ដូច​ជា​ប្រាសាទ​អង្គរវត្ត​របស់​យើង​អ៊ីចឹង ទោះ​ជា​ចាស់​ជំនាន់​មុន​បាន​សាង​ឡើង រចនាបថ​មិន​សូវ​ទំនើប​ឆើត​ឆាយ​ដូច​សព្វថ្ងៃ​ក៏​ដោយ ក៏​មាន​ចំណុច​ខ្លះ​នៅតែ​អស្ចារ្យ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​កោត​ស្ញប់ស្ញែង»

ជាមួយ​គ្នា​នេះ​ផងដែរ សិល្បករ​កំប្លែង​ល្បីល្បាញ​មា្នក់ គឺ​នាយ​កុយ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ៖ «ខ្ញុំ ​ដឹង​ថា លោក​តា ក្រម ង៉ុយ គឺ​ជា​សិល្បករ​ម្នាក់​ដែល​ជា​គំរូ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង។ ខ្ញុំ​ជា​សិល្បករ​ខ្មែរ​ម្នាក់ ជួង ជី ហៅ​នាយ​កុយ ចាត់​ទុក​គាត់​ជា​គ្រូ​តា ជា​រៀមច្បង​បំផុត»

និស្សិត​ឆ្នាំ​ទី​២ នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ម្នាក់​ឈ្មោះ ធួក ណារី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ៖ «បច្ចុប្បន្ន ​ហ្នឹង​ខ្ញុំ​កំពុង​តែ​អនុវត្ត​វា​តែម្ដង ខ្ញុំ​គិត​ថា​ដើរ​ផ្លូវ​ហ្នឹង​ឲ្យ​ល្អ​ចំពោះ​ខ្លួន​ខ្ញុំ​ទៅ​អនាគត ព្រោះ​អី​ខ្ញុំ​គិត​ថា អត្ថន័យ​នៅ​ក្នុង​ហ្នឹង​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ម្នាក់ ជា​យុវជន​ល្អ​នៅ​ក្នុង​សង្គម ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ជា​កូន​ល្អ​របស់​ឪពុក​ម្ដាយ​ខ្ញុំ»

ទោះ​បី​ជា​មាន​ការគោរព​និង​ឲ្យ​តម្លៃ​ចំពោះ​លោក ក្រម ង៉ុយ ក៏​ដោយ ក៏​មាន​មនុស្ស​មួយចំនួន​ទៀត​មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​កវី​ល្បីល្បាញ​រូប ​នេះ​ជា​ដដែល។

កញ្ញា ហេង ណៃស៊ីម និស្សិត​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ដែល​មាន​វ័យ​២៣​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ការអប់រំ​របស់ ក្រម ង៉ុយ មាន​លក្ខណៈ​ទូន្មាន​ប្រៀន​ប្រដៅ​ល្អ ប៉ុន្តែ​ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ ក៏​នាង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្នាដៃ​កំណាព្យ​របស់​កវី ក្រម ង៉ុយ ដែល​រូប​នាង​ធ្លាប់​រៀន​នោះ​ឡើយ។

កញ្ញា ហេង ណៃស៊ីម បាន​ឲ្យ​ដឹង​ថា ៖ «ជា​ការប្រចាំ​ថ្ងៃ​ដូច​ជា​ខ្ញុំ​ មិន​ចាប់​អារម្មណ៍​ទៅ​លើ​រឿង​ហ្នឹង។ ខ្ញុំ​គិត​រឿង​រៀន​រឿង​អី​និង​រឿង​រកស៊ី រឿង​ក្រុម​គ្រួសារ​អី​អ៊ីចឹង»

អតីត​ទាហាន​ម្នាក់​ឈ្មោះ ទិន សេរីវុធ បាន​ឲ្យ​ដឹង​ដែរ​ថា គាត់​ធ្លាប់​បាន​សិក្សា​អំពី​ស្នាដៃ​កំណាព្យ​របស់​លោក ក្រម ង៉ុយ ប៉ុន្តែ​គាត់​មិន​សូវ​បាន​ចាប់​អារម្មណ៍​ពី​កេរ​ដំណែល​របស់​កវី​រូប​នេះ​ឡើយ ៖ «អត់​បាន​យក​ជា​ការគិត​អី​ផង បាន​តែ​មើលៗ ចាំ​ខ្លះ មិន​ចាំ​ខ្លះ​ទៅ»

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ឈ្មោះ រ៉ា បាន​បន្ថែម​ទៀត​ថា ៖ «គិត​តែ​ព្រលឹម​ឡើង​ឌុប​កូន​ទៅ​រៀន ហើយ​រត់​ម៉ូតូ​ឌុប តែ​ប៉ុណ្ណឹង បើ​រវល់​តែ​គិត​អា​ហ្នុង​បែក​ខួ​ក្បាល វីវរ​សរសៃ​ប្រសាទ​ទៀត»

ម្ចាស់​ហាង​អ៊ុតសក់​ម្នាក់​នៅ​ក្បែរ​ស្ថានទូត​ចិន​ក្នុង​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ដែរ​ថា ទោះ​បី​ជា​គាត់​ធ្លាប់​រៀន​អំពី​ស្នាដៃ​របស់​លោក ក្រម ង៉ុយ ក៏​ដោយ ក៏​គាត់​មិន​បាន​យក​ការអប់រំ​នៅ​ក្នុង​កំណាព្យ​នោះ​មក​អនុវត្ត​នៅ​ក្នុង​ ជីវិត​ប្រចាំ​ថ្ងៃ​របស់​នាង​ដែរ ៖ «មាន​អី ល្អ​ដែរ គ្រាន់តែ​យើង​មិន​បាន​អនុវត្ត​តាម​ហ្នឹង យើង​គិត​តែ​ធម្មតាៗ​អ៊ីចឹង គិត​តែ​រឿង​អ្នក​នៅ​ក្នុង​ផ្ទះ»

យុវជន​ដែល​ជា​អតីត​សិស្ស​វិទ្យាល័យ​ទួលទំពូង​ម្នាក់​ដែល​និយាយ​ដោយ​មិន​ចង់​បញ្ជាក់​ឈ្មោះ​របស់​ខ្លួន​បាន​ឲ្យ​ដឹង​ដែរ​ថា ៖ «និយាយ ​ឲ្យ​ចំ​ទៅ​ខ្ញុំ​អត់​ដែល​គិត​ពី​ខ្លឹមសារ​អត្ថន័យ​របស់​គាត់​ផង អត់​ចាំ ហើយ​គិត​ថា​គាត់​ប្រហែល​ជា​បាន​អប់រំ​ខ្ញុំ​ពី​មុន​មក​ដែរ ប៉ុន្តែ​រាល់​ថ្ងៃ​ខ្ញុំ​អត់​បាន​គិត​ដល់​ឈ្មោះ ក្រម ង៉ុយ ផង»

សូម​បញ្ជាក់​ផងដែរ​ថា លោក ក្រម ង៉ុយ បាន​ចាប់​កំណើត​នៅ​ក្នុង​គ្រួសារ​អ្នក​រាជការ​មួយ​នា​សម័យ​កាល​នោះ ហើយ​បើ​តាមរយៈ​ឯកសារ​មួយចំនួន​បាន​ឲ្យ​ដឹង​ថា លោក​ធ្លាប់​បាន​បួស​រៀន​នៅ​ក្នុង​គន្លង​ព្រះពុទ្ធ​សាសនា។

តាម​រយៈ​ឯកសារ​បណ្តាំ ក្រម ង៉ុយ ដែល​បាន​ប្រមូល​ចងក្រង​ព័ត៌មាន​ដោយ​លោក យី ធន់ ហើយ​ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ដោយ​អង្គការ​សន្តិ​ស្ម័គ្រ​ចិត្ត​កម្ពុជា (អេសវីអេ) ភ្នំពេញ ក្នុង​ពុទ្ធ​សករាជ​២៥៤៩ ត្រូវ​នឹង​គ្រិស្ត​សករាជ​២០០៥ នៅ​ត្រង់​ទំព័រ​១២២ បាន​កត់ត្រា​ថា អ្នក​ព្រះ​ភិរម្យ​ភាសា​អ៊ូ ឈ្មោះ​ពេញ អ៊ុក អ៊ូ ហៅ ង៉ុយ កើត​នៅ​គ្រិស្ត​សករាជ​១៨៦៥ ពុទ្ធ​សករាជ ២៤០៨ នៅ​ភូមិ​ព្រៃ​អណ្តូង​ស្វាយ ឃុំ​កំបូល ស្រុក​ភ្នំពេញ ខេត្ត​កណ្តាល។

បិតា​លោក​នាម អ៊ុក ធ្វើ​មេ​ឃុំ​កំបូល មាន​គោរម្យងារ​ជា​ចៅពញា​ធម្មធារា។ ចៅពញា អ៊ុក ជាប់​ជា​សាច់​ញាតិ​នឹង​ម្ចាស់​អង្គ​ប៉ុក។ មាតា​លោក​នាម អៀង ជា​បុត្រី​របស់​ចៅពញា ម៉ុក មេ​ឃុំ​ស្ពានថ្ម ស្រុក​ខេត្ត ជាមួយ​គ្នា។ មាតា​និង​បិតា​លោក​ត្រូវ​ជា​បង​ប្អូន​ជីទួត​មួយ​នឹង​គ្នា។ លោក​ជា​កូន​ទី​ពីរ​នៅ​ក្នុង​គ្រួសារ៕

ដោយ RFA Photo

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s