ប្រយ័ត្ន​ការ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ព្រោះ​ទេព្ដា​ឆ្នាំ​ថ្មី​ចូលចិត្ត​លោហិត

បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នឹង​មក​ដល់​នា​ពេល​ខាង​មុខ ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​រំពឹង​ថា​ជា​ពេល​វេលា​ថ្មី​ដ៏​វិសេសវិសាល​ប្រកប​ដោយ​សុខដុមរមនា ជម្រះ​ឧបទ្រព​នៅ​ឆ្នាំ​ចាស់ ហើយ​រង់ចាំ​សិរីសួស្ដី​ជយមង្គល​វិបុលសុខ​នា​ឆ្នាំ​ថ្មី។

 

តាមធម្មតា បង​ប្អូន​ប្រជាពលរដ្ឋ​របស់​យើង ពិសេស​អ្នក​រស់នៅ​ក្នុង​រាជធានី ក្នុង​ទីក្រុង និង​ទីប្រជុំជន​នានា​តែងតែ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ស្រុកទេស ទៅ​កន្លែង​កម្សាន្ត​ឆ្ងាយៗ ហើយ​ប្លែកៗ ដើម្បី​ជួបជុំ​ញាតិ​មិត្ត​ផៅសន្ដាន និង​បន្ធូរ​អារម្មណ៍ បន្ទាប់​ពី​បំពេញ​ការងារ និង​មុខ​ជំនួញ​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក។ កុំ​ថា​ឡើយ​ខ្មែរ សូម្បី​តែ​ចិន​ចាម​យួន​ និង​ជនបរទេស​ដទៃ​ទៀត​ដែល​តាំង​លំនៅ និង​រស់​នៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ខ្លួន​នៅ​កម្ពុជា​ក៏​តែងតែ​ចូល​រួម​រីករាយ​សាទរ​ពិធី​បុណ្យ​នេះ​ដែរ។

វា​មិន​មែន​ជា​រឿង​ចម្លែក​​នោះ​ទេ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​នេះ ព្រោះ​វា​ជា​ពិធី​បុណ្យ​ប្រពៃណី​ដែល​តែងតែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​អ្វី​ដែល​ប្លែក​សម្រាប់​ឆ្នាំ​នេះ​គឺ​​ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ជា​លើក​ដំបូង។ ច្បាប់​នេះ​មាន​ការ​ដាក់​ពិន័យ​យ៉ាង​ចាស់​ដៃ​ដល់​អ្នក​បើកបរ​ទាំងឡាយ​ដែល​រំលោភ​ច្បាប់។ នៅ​ក្នុង​មាត្រា​ទី ៨២ នៃ​ច្បាប់​នេះ​បាន​ចែងថា «ជន​ណា​​បើកបរ​ដោយ​បង្ក​ឱ្យ​ស្លាប់​ដល់​អ្នក​ដទៃ​​ដោយ​អចេតនា​ត្រូវ​ផ្ដន្ទាទោស​​ដាក់​ពន្ធនាគារ​ពី​មួយ (១) ឆ្នាំ ទៅ​បី (៣) ឆ្នាំ ឬ/និង​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ពីរ​លាន (២.០០០.០០០) រៀល ទៅ​ប្រាំ​មួយ​លាន (៦.០០០.០០០) រៀល»។ នេះ​គ្រាន់​តែ​អចេតនា​ប៉ុណ្ណោះ គឺ​មិន​ទាន់​គិត​ដល់​ពី​រឿង​ចេតនា​នោះ​ទេ។ ច្បាប់​ក៏​បាន​តម្រូវ​ដាច់ខាត​ឲ្យ​អ្នក​បើកបរ​ទោចក្រយាន​យន្ត​ទាំងអស់​ពាក់​មួក​សុវត្ថិភាព បើ​មិន​ដូច្នោះ​ទេ​ពួកគេ​ត្រូវ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ពី​នគរបាល​មានសមត្ថកិច្ច។

នៅ​ពេល​ថ្មីៗនេះ លោក​ ត្រាំ អ៊ីវ​តឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ក៏​បាន​រំលឹក​ដាស់តឿន​ដល់​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ទាំង​អស់​ត្រូវ​គោរព​ច្បាប់​ចរាចរ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដោយ​ត្រូវ​បើកបរ​តាម​ល្បឿន​កំណត់ ដែល​មាន​ចែង​ក្នុង​ច្បាប់ ពិសេស​គឺ​ប្រុងប្រយ័ត្ន​បំផុត​នា​ពេល​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ទី ១៤ មេសា​ខាង​មុខ​នេះ ដើម្បី​ចូលរួម​ទប់ស្កាត់​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ។

ជា​ការ​ពិត​ជា​រៀង​រាល់​ឆ្នាំ គេ​តែងតែ​សង្កេត​ឃើញ​ថា គ្រោះថ្នាក់​ចរាចរ​បាន​កើន​ឡើង​នៅ​ពេល​មាន​ពិធី​បុណ្យ​ផ្សេងៗ ពិសេស នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​មាន​រយៈ​​ពេល​បី​ថ្ងៃ​នេះ។ បញ្ហា​សំខាន់​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​នេះ​គឺ​បណ្ដាល​មក​ពី​ការ​បើកបរ​ធ្វេសប្រហែស បើកបរ​នៅ​ពេល​ស្រវឹង និង​ការ​បើកបរ​ក្នុង​ល្បឿន​លឿន​ហួសហេតុ ឬក៏​ការ​បើកបរ​ប្រជែង​គ្នា​ដោយ​មិន​មាន​ការ​យោគយល់​គ្នា​ជា​ដើម ពិសេស​អ្នក​ជិះ​ទោចក្រយានយន្ត​មិន​បាន​ពាក់​មួក​សុវត្ថិភាព ដែល​បណ្ដាល​ឲ្យ​បោក​ក្បាល​នឹង​ថ្ម និង​វត្ថុធាតុ​រឹង​ដទៃ​ទៀត​នៅ​ពេល​ដែល​ពួក​គេ​ដួល​។

ការ​បើកបរ​ល្បឿន​លឿន​ហួសហេតុ ឬក៏​ការ​បើក​ជ្រែ​ប្រជែង​គ្នា​ដោយ​មិន​មាន​ការ​យោគយល់​គ្នា​នេះ​គឺ​កើត​មាន​ចំពោះ​មនុស្ស​គ្រប់ជំពូក និង​គ្រប់​ឋានៈ។ ឧទាហរណ៍​ជាក់​ស្ដែង រឿង​ភ្លើង​សញ្ញា​ចរាចរណ៍។ តាមធម្មតា ភ្លើង​សញ្ញា​ពណ៌​លឿង​ជា​សញ្ញា​កំណត់​ថា អ្នក​បើកបរ​ត្រូវ​ប្រុងប្រយ័ត្ន គឺថា ត្រូវ​បន្ថយ​ល្បឿន ឬ​ត្រៀម​ចេញ​ដំណើរ តែ​ភាគ​ច្រើន ពិសេស​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែល​លោក​អភិបាល​ក្រុង​បាន​ខិតខំ​ដាក់​ភ្លើង​ចរាចរណ៍​នៅ​តាម​កែង​ផ្លូវ​ស្ទើរ​គ្រប់​កន្លែង​ក៏ដោយ ក៏​អ្នក​បើកបរ​មួយ​ចំនួន​មិន​ខ្វល់។ ពួក​គេ​បែរ​ជា​បង្កើន​ល្បឿន​ទៅ​វិញ​នៅ​ពេល​ឃើញ​ភ្លើង​ពណ៌​លឿង ដោយ​ពេល​ខ្លះ​ពួកគេ​បាន​ទៅ​ស្វាគមន៍​គ្នា​នៅ​កណ្ដាល​ទ្រូង​ផ្លូវ​បណ្ដាល​លាន់​ដូច​រន្ទះ​រង​របួស​បាក់​ដៃ​បាក់​ជើង​ទាំង​សងខាង​ផង ហើយ​ពេល​ខ្លះ​ទៀត​បាត់បង់​ជីវិត ឬ​ក៏​ពិកា​អស់​មួយ​ជីវិត​ក៏​មាន។ នេះ​មិន​ទាន់​គិត​ពី​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ផង។

នេះ​គឺ​រឿង​ភ្លើង​​ពណ៌​លឿង ឯ​រឿង​មួយ​ទៀត​គឺ​រឿង​ភ្លើង​ពណ៌ក្រហម។ នៅ​ពេល​ភ្លើង​ចរាចរណ៍​ពណ៌​ក្រហម អ្នក​បើកបរ​បាន​ឈប់​លើ​គំនូស​សម្រាប់​អ្នកដំណើរ​ថ្មើរជើង​ឆ្លងកាត់ ដែល​ធ្វើ​ឲ្យ​អ្នក​ថ្មើរជើង​មិន​ដឹង​ដើរ​តាម​កន្លែង​ណា។ ជាង​នេះ​ទៅ​ទៀត អ្នក​ថ្មើរជើង​មួយ​ចំនួន​ក៏​មិន​យល់​ពី​សញ្ញា​ភ្លើង​ចរាចរណ៍​ទៅទៀត។ ពួកគេ​ឆ្លងកាត់​ផ្លូវ​នៅ​ពេល​យានយន្ត​កំពុង​មាន​ចលនា ដោយ​ពួក​គេ​មិន​បាន​ដឹង​ថា ទាល់តែ​ភ្លើង​ចរាចរណ៍​ចេញ​ពណ៌​ក្រហម​ទើប​ពួកគេ​អាច​ឆ្លង​កាត់​បាន។ ប្រកា​នេះ​បាន​បណ្ដាល​ឲ្យ​អ្នក​ថ្មើរជើង​ជា​ច្រើន​រង​របួស​ ហើយ​ពេល​ខ្លះ​បាត់បង់​ជីវិត​ក៏​មាន នៅ​ពេល​ពួកគេ​ឆ្លង​ផ្លូវ ខណៈ​ដែល​យានយន្ត​កំពុង​មាន​ចលនា​លឿន​ដូច​ព្យុះ​នោះ។

រឿង​មួយ​ទៀត​គឺ​ការ​បើកបរ​តាម​ដង​ផ្លូវ​ជាតិ។ អ្នក​បើកបរ​មួយ​ចំនួន​មិន​ខ្វល់​ឡើយ​ពី​ផ្លាក​សញ្ញា​ដាក់​នៅ​តាម​ដង​ផ្លូវ​ដូចជា សញ្ញា​បន្ថយ​ល្បឿន សញ្ញា​កំណត់​ល្បឿន​បើកបរ សញ្ញា​មាន​មន្ទីរ​ពេទ្យ​នៅ​ខាង​មុខ សញ្ញា​មាន​សិស្ស​ឆ្លងកាត់ សញ្ញា​មាន​មន្ទីរពេទ្យ និង​សញ្ញា​មាន​សត្វពាហណៈ​ឆ្លងកាត់​ជាដើម។ល។ និង។ល។

មាន​ពេល​ខ្លះ ពួក​បរទេស​ដែល​នៅ​ស្រុក​ខ្មែរ​យូរ​ដុះស្លែ​ទៅ​ក៏​យក​ទម្លាប់​តាប់​ម្ចាស់​ស្រុក​ដែរ ព្រោះ​ពួក​គេ​គិត​ថា “ចូល​ស្ទឹង​តាម​បត់ ចូល​ស្រុក​តាម​ទេស” គឺ​ទៅ​ទាំង​ប៉ី​ទៅ​ទាំង​ទ្រ។ ពេលខ្លះ​ទៀត ជន​បរទេស​ទាំង​នោះ​បើកបរ​ឈ្លើយ​កោងកាច​ជាង​ម្ចាស់​ស្រុក​ទៅ​ទៀត ព្រោះ​ពួកគេ​អាង​ថា ពួកគេ​ជា​ជនបរទេស​មាន​អាទិភាព​ជាង​ខ្មែរ ដោយ​ពួកគេ​មក​កម្ពុជា​គឺ​មក​ជួយ​ខ្មែរ ហើយ​អ្នក​ខ្លះ​ទៀត​មិន​ខ្វល់ ព្រោះ​រថយន្ត​របស់​គេ​ជា​រថយន្ត​របស់​អង្គភាព​មាន​ការ​ធានា​រ៉ាប់រង​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង។ បើ​មាន​បញ្ហា ក្រុមហ៊ុន​ធានារ៉ាប់រង​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ពិត​ជា​ស្មុគស្មាញ​មែនទែន​រឿង​ចរាចរណ៍​នៅ​ស្រុក​យើង​នេះ។

មាន​មធ្យោបាយ​ជា​ច្រើន​ក្នុង​ការ​ធ្វើ​ឲ្យ​ចរាចរណ៍​នៅ​ស្រុក​យើង​បាន​កាន់​តែ​ប្រសើរ ហើយ​អាច​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​បាន​ច្រើន​ទៀត​ផង។ ទី​មួយ​គឺ​ថា ទន្ទឹម​នឹង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ អ្នក​ធំ​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ​មុន​គេ។ ជាទូទៅ អ្នក​មាន​ចំណេះ​ដឹង​ទាប អ្នក​ស្រែ​ចម្ការ និង​ពលរដ្ឋ​មាន​ឋានៈ​តូច​ទាប​ទំនង​ជា​គោរព​ច្បាប់​បើកបរ​ជាង​អស់​លោក​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ ជាង​ឧត្ដម​មន្ត្រី​ដែល​មាន​ឋានៈ​គ្រាក់ៗ មាន​ស័ក និង​ផ្កាយ​ពេញ​ស្មា​ទៅ​ទៀត។ ការ​គោរព​ច្បាប់​របស់​ពលរដ្ឋ​តូចតាច​បែប​នេះ​គឺ​ព្រោះ​តែ​ពួក​គាត់​ខ្លាច​ច្បាប់ និង​ខ្លាច​លោក​នគរបាល​ចរាចរ​ក្របួច​ពួកគាត់​ដក​សោ​ម៉ូតូ​​ផាក​យក​លុយ ដើម្បី​ទុក​ជូន​រដ្ឋ​យក​ទៅ​អភិវឌ្ឍ​ប្រទេសជាតិ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ!!

យើង​ពិត​ជា​សរសើរ និង​គួរ​ឲ្យ​គោរព ហើយ​ត្រូវ​ប្រតិបត្តិ​តាម​អ្នក​តូចតាច​ទាំង​នោះ​ដែល​ខំ​គោរពច្បាប់​បើកបរ គឺ​មិន​ដូច​អស់លោក​មួយ​ចំនួន​ដែល​ជិះ​រថយន្ត​ទំនើបៗ​ផលិត​អស់​ឆ្នាំ តម្លៃ​ថ្លៃ​គ្មាន​គេ​ប្រៀប​នោះ​ទេ។ បើ​តាម​ការ​សង្កេត​ជា​ទូទៅ គេ​មើល​ឃើញ​ថា នៅ​ពេល​​ផ្លូវ​ចង្អៀត ពិសេស​នៅ​ពេល​មាន​ពិធី​បុណ្យ​ម្ដងៗ មាន​រថយន្ត​ខ្លះ​ពាក់​ស្លាក​លេខ​រាជការ ខម និង​នប​ជា​ដើម ដោយ​ពេលខ្លះ​ក៏​មាន​ស្លាក​លេខ​រដ្ឋសភា និង​ព្រឹទ្ធសភា​ដែរ ហើយ​រថយន្ត​ទាំង​នោះ​មហា​ទំនើប មហា​សែន​ថ្លៃ​បាន​ប្រជែង​រុល​ទៅមុខ។ ពេល​ខ្លះ​បើ​គេ​មិន​ចៀស លោក​តៃកុង​ឡាន​ដែល​មាន​ឯកសណ្ឋាន​ឈុត​ហ៊ឺហា​បែបជា​អង្គរក្ស​បាន​ស៊ីផ្លេ​ស្ទើរ​បែក​ស្លឹកត្រចៀក ហើយ​ពេល​ខ្លះ លោក​តៃកុង​ឡាន​ហ៊ឺហា​​​ទាំង​នោះ​បើក​កញ្ចក់​រថយន្ត​ស្រែក​គំរាម​គេ​ឯង​ឲ្យ​ប្រញាប់​ចៀស។ ជាង​នេះ​ទៅ​ទៀត មាន​អង្គរក្ស​ដែល​កំពុង​អង្គុយ​អែប​តៃកុង​ឡាន​បាន​បើក​កញ្ចក់​វាយ​ក្បាល​អ្នក​រត់​ម៉ូតូឌុប និង​អ្នក​រត់​រម៉ក​ទុក​ទុក ដោយ​ជេរប្រមាថ​ពួក​គាត់​ថែម​ទៀត ដែល​មើល​ទៅ​គួរ​ឲ្យ​គយគន់​និង​ពីរោះ​ស្ដាប់​ទៀត​ផង! នេះ​បាន​ចំ​ជា​គេ​អ្នក​ធំ​មាន​អំណាច​មែន។ មិន​ដឹង​ថា លោក ឬ​ឧកញ៉ា ឬ​ក៏​ឯកឧត្ដម​មហា​មន្ត្រី​ដែល​អង្គុយ​ផ្នែក​ខាង​ក្រោយ​ក្នុង​រថយន្ត​នោះ​បាន​បញ្ជា​ឲ្យ​តៃកុង​ឡាន​ដ៏​ហ៊ឺហា និង​អង្គរក្ស​ដ៏​ស្លូត​បូត​របស់​ខ្លួន​ស៊ីផ្លេ​​បំបែក​ហ្វូង​មនុស្ស​កកកុញ បើក​កញ្ចក់​រថយន្ត​ស្រែក​គំរាម​ជេរប្រមាថ​គេ​ឯង និង​វាយ​ក្បាល​អ្នក​រត់​ម៉ូតូឌុប និង​អ្នក​រត់​រម៉ក​ទុក​ទុក​បែប​ហ្នឹង ឬ​យ៉ាង​ណា​ទេ។ ទោះ​បី​ជា​បាន ឬ​​មិន​បាន​បញ្ជា​ក៏​ដោយ ក៏​ពលរដ្ឋ​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ជា​មួយ​នោះ​បាន​ឲ្យ​ពរ​គាត់​ពី​ក្រោយ​ជា​ហូរហែ។ ពួកគេ​មិន​ហ៊ាន​ជូនពរ​នៅ​ចំពោះ​មុខ​ទេ ព្រោះ​ពួកគេ​ខ្លាច​បារមី​យសស័ក្ដិ​ម្ចាស់​រថយន្ត​ទំនើប​ទាំង​នោះ ដោយ​ពួកគេ​សុខចិត្ត​ជូន​ពី​ក្រោយ​គួរ​ឲ្យ​ពីរោះ​ស្ដាប់ ។ អ្នកខ្លះ​ជូនពរ​ថា «អស់​លោក​ប្រញាប់​ទៅ​ងាប់» ។ អស់​លោក​មាន​ឡាន​ល្អ​ទំនើប តែ​មាន​ចរិត​ដូច​សត្វ។ ចរិត​របស់​អស់​លោក​មិន​ថ្លៃថ្នូរ​ដូច​ជា​រថយន្ត​ទំនើប​ទាល់​តែ​សោះ។ល។ និង ។ល។ ដែល​ពេល​ខ្លះ​ទៀត អ្នក​ធ្វើ​ដំណើរ​បាន​ជូន​ពរ​ដល់​ឪពុក​ម្ដាយ​របស់​ម្ចាស់​រថយន្ត​ទំនើប​នោះ​ទៀត​ផង។ ពិត​ជា​មាន​កិត្តិយស និង​ថ្លៃថ្នូរ​មែន​ទែន នៅ​ពេល​ដែល​មាន​គេ​ជូន​ពរ​ពី​ក្រោយ​បែប​នេះ។ បើ​អស់​លោក ឧកញ៉ា ឬ​ក៏​ឯកឧត្ដម​មហា​មន្ត្រី​ដែល​ស្ថិត​នៅ​ក្នុង​រថយន្ត​នោះ​បាន​ឭ ពួកគាត់​ពិត​ជា​សប្បាយ​ចិត្ត ពិសា​អាហារ​បាន​ឆ្ងាញ់ និង​សម្រាក​បាន​លក់​ស្កប់ស្កល់​ជា​មិន​ខាន។ បើ​ពិត​ជា​សប្បាយ​ត្រេកត្រអាល​នឹង​ពរ​បែបនេះ​អញ្ចឹង​មែន សូម​អស់​លោក​បន្ត​សកម្មភាព​អញ្ចឹង​រហូត​ទៅ!!

ទីពីរ​គឺ​ការ​បង្កើន​ការ​យល់​ដល់​ដឹង​ដល់​ពលរដ្ឋ​ចាប់​ពី​សហគមន៍​ឡើង​ទៅ។ ជា​ការ​ពិត​មាន​បងប្អូន​ពលរដ្ឋ​របស់​យើង​មួយ​ចំនួន​នៅ​តាម​ស្រុក​ស្រែ​ចម្ការ​មិន​បាន​យល់​ច្បាស់​ពី​ច្បាប់​ចរាចរ​ឡើយ។ ពួកគាត់​តែងតែ​ត្រូវ​បាន​នគរបាល​ចរាចរ​ស្វាគមន៍​នៅ​ពេល​ជិះ​ម៉ូតូ​ចូល​មក​ក្រុង​ម្ដងៗ។ នៅ​ត្រង់​ចំណុច​នេះ អាជ្ញាធរ​មូលដ្ឋាន ក្រុមប្រឹក្សា​ឃុំ​សង្កាត់ សហគមន៍ និង​អង្គការ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ការ​អប់រំ​យល់​ដឹង​ដល់​ពួក​គាត់​តាម​គ្រប់​មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន។

ទី​បី​គឺ​អប់រំ​ក្នុង​ចំណោម​​យុវវ័យ ព្រោះ​ពួក​គេ​​ជា​វ័យ​ឈាមរាវ ហើយ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ក្រុម​អ្នក​មិន​សូវ​អនុវត្ត​ច្បាប់ ហើយ​គ្រោះ​ថ្នាក់​តែង​តែ​កើត​មាន​ចំពោះ​ពួកគេ។ ដោយ​សម័យ​នេះ​ជា​សម័យ​ដែល​គេ​យល់​ថា ជា​សម័យ​ស្រី​ស្អាត​ប្រុស​ស្អាត នោះ​ពួកគេ​ជិះ​ម៉ូតូ​មិន​ពាក់​ពួក​សុវត្ថិភាព​ទេ ព្រោះ​ពួក​គេ​យល់​ថា បើ​ពាក់​មួក​សុវត្ថិភាព​នោះ គឺ​អ្នក​ដទៃ​មិន​បាន​ឃើញ​សម្រស់​ដ៏​ស្អាត ឃើញ​ម៉ូដ​សក់​ដ៏​ទំនើប​ហាយឡៃ​ពណ៌​ទាន់​សម័យ​របស់​គេ​ទេ ពិសេស​ក្មេង​ប្រុសៗ​ដែល​ស្រឡាញ់​ជើង​សក់​និង​ទុក​វែងៗ​នោះ។ ពេល​ខ្លះ​នៅ​ពេល​ដួល​ម៉ូតូ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពួកគេ​និយាយ​ថា “ហេង​វិញ​វើយ បែក​តែ​ក្បាល ហើយ​គ្រាន់តែ​សន្លប់​ធំ តែ​មិន​ខូច​ជើង​សក់”! ពិត​ជា​ឡូសិក​មិន​ស្គាល់​ឋាននរក​មែន! ហេតុនេះ ត្រូវ​បង្កើន​ការ​អប់រំ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​នេះ ហើយ​ត្រូវ​តែ​ធ្វើ​ជា​ប្រចាំ​ដល់​យុវវ័យ​នៅ​តាម​សាលា​រៀន។

ទាំង​អស់​គ្នា គឺ​ទាំង​ក្មេង​ទាំង​ចាស់ ទាំង​អ្នក​មាន​ទាំង​អ្នកក្រ ទាំង​អ្នក​ក្រុង​ទាំង​អ្នក​ស្រែ​ចម្ការ ទាំង​អ្នក​តូច​ទាំង​អ្នក​ធំ​ត្រូវ​រួម​គ្នា​មាន​ស្មារតី​ម្ចាស់ការ មាន​ចិត្ត​សន្ដោស​ប្រណី មាន​សេចក្ដី​ករុណា​យោគយល់​ និង​គោរព​ច្បាប់​ចរាចរណ៍ នៅ​ក្នុង​ការ​បើកបរ ពិសេស​កាន់​តែ​យក​ចិត្ត​ទុកដាក់​នៅ​ក្នុង​រយៈពេល​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ ដែល​ជា​សេចក្ដី​សុខ​របស់​យើង​ទាំង​អស់​គ្នា។ ត្រូវ​ប្រយ័ត្ន​ស្មារតី​ឲ្យ​បាន​ខ្ពស់​ក្នុង​ការ​បើក​បរ កុំ​បើកបរ​នៅ​ពេល​ស្រវឹង កុំ​បើកបរ​លឿន​ពេក ត្រូវ​មើល​ឆ្វេង​មើល​ស្ដាំ មើល​មុខ​មើល​ក្រោយ មើល​ភ្លើង​សញ្ញា​ចរាចរណ៍ និង​ផ្លាក​សញ្ញា​ចរាចរណ៍​ឲ្យ​បាន​យក​ចិត្ត​ទុកដាក់​មុននឹង​ទៅ ហើយ​ជិះ​ទោចក្រយានយន្ត​ត្រូវ​ពាក់​មួក​សុវត្ថិភាពឲ្យ​បាន​គ្រប់​ពេល​នៅ​ពេល​បើកបរ។ ម្យ៉ាងទៀត ដើម្បី​សុវត្ថិភាព​ទាំង​អស់​គ្នា យើង​ត្រូវ​ពាក់មួក​សុវត្ថិភាព​ទាំង​អ្នក​បើកបរ​ទាំង​អ្នក​ជិះ​ជា​មួយ។ ​ត្រូវ​ប្រយ័ត្ន​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ព្រោះ​ទេព្ដា​ឆ្នាំ​ថ្មី​នេះ​ចូលចិត្ត​សោយ​លោហិត​ផង!៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s