បញ្ជាពិធកល្យាណីៈ​ សំដៅ​ទៅ​លើ​គ្រឿង​លំអ​ប្រាំប្រកា​របស់​ស្ត្រី

នៅ​ក្នុង​គម្ពីរ​ធម្មបទខុទ្ទនិកាយ​មាន​និយាយ​អំពី​លំអ​ទាំង​ប្រាំ​ប្រការ​ របស់​ស្ត្រី​ពោល​គឺ​ មាន​ការ​រៀបរាប់​អំពី​លំអ​របស់​នាង​វិសាខា។​ លំអ​ទាំង​៥​នោះ​គឺ:

១-​ កេសកល្យាណ : លំអ​សក់

២-​ មំសកល្យាណ : លំអ​សាច់

៣-​ អដ្ឋិកល្យាណ : លំអ​ឆ្អឹង​ លំអ​ធ្មេញ

៤-​ ឆវី​កល្យាណ : លំអរ​សម្បុរ​ស្បែក

៥-​ វយកល្យាណ : លំអ​វ័យ​ (ចាំ​សាច់​ ឬ​សាច់​ចាំ)។

លំអ​សក់ : សក់​ជា​គ្រឿង​លំអ​របស់​ស្ត្រី​ ដែល​ស្ត្រី​ចូលចិត្ត​រៀបចំ​តុបតែង​វេញ ក្រង​ បួង​ អ៊ុត​ លាប​ប្រេង​ឲ្យ​រលើប​ក្រអូប​ ដើម្បី​លើក​សម្រស់​ និង​សោភ័ណភាព​របស់​នារី​ ឬ​ស្ត្រី​ឲ្យ​កាន់​តែ​ល្អ​ប្រកបដោយ​ការ​ទាក់ទាញ​ និង​ចាប់​អារម្មណ៍​ពី​មនុស្ស​ដែល​នៅ​ជុំវិញ។

ឧទាហរណ៍​ នៅ​ក្នុង​រឿង​កាកី​ទំព័រ​​៦​ថា​ កាយ​កើត​អស្ចារ្យ​ អំពី​ផ្កា​កា​ ណិកាសោភី​ ភក្ដ្រាសោភ័ណ​ ដូច​ចន្ទបូណ៌មី​ សក់​ដូច​ភមរី​ រលើប​ខ្មាញ់ខ្មៅ។​ មាន​កំណាព្យ​មួយ​ទៀត​ក៏​បាន​បញ្ជាក់​អំពី​សក់​របស់​នារី​ ដែល​នាំ​ឲ្យ​បុរស​ចាប់ចិត្ត​ស្នេហា​ដែរ​ថា​ “សក់​វែង​អន្លាយ​រំសាយសព្វ​ ធុំក្លិន​ទឹកអប់​ស្រស់​វរលក្ខណ៍​ ឃើញ​ភ្លាម​ចិត្ត​រៀមប៉ង​ស្ម័គ្រ​ តើ​ស្រស់​វលក្ខណ៍​ស្ម័គ្រ​បង​ទេ?”។

លំអ​សាច់​ : ការ​ថែរក្សា​សាច់​ឲ្យ​ល្អ​ គឺ​ជា​ចំណង់ចំណូល​ចិត្ត​របស់​ស្ត្រី​គ្រប់​សម័យ​កាល​ទាំងអស់។​ ដូច​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​គេ​ថា​នារី​ ឬ​ស្ត្រី​មាន​សាច់​ល្អ​ ព្រោះ​បាន​ត្រាំ​ទឹកដោះគោ។​ ការ​បន្ទុំ​សាច់​ពេល​ចូល​ម្លប់​របស់​នារី​ជំនាន់​ដើម។​ ឧទាហរណ៍​ សម្រស់​សាច់​របស់​នាង​កាកី​ទំព័រ​៧​ថា​ ថ្ពាល់​ទាំង​សងខាង​ដូច​ផ្លែ​ម៉ាក់ប្រាង​ បំព្រង​ផង់ផូរ​ នាសាសមសល់​ ដូច​កលគំនូរ​ ជាង​ចេះ​គន់គូរ​ សួន​សម​សោភា។

លំអ​ឆ្អឹង : ជាពិសេស​បញ្ហា​ធ្មេញ​ល្អ​ ធ្មេញ​ត្រឹម។​ ដូច​បទចម្រៀង​បុរាណ​ច្រៀង​ថា​ សារិកា​កែវអើយ សារិកា​កែវកើច​ បង​លោម​ឲ្យ​សើច​ ចង់​ឃើញ​ជើង​ធ្មេញ​ បង​គន់​ជើង​សក់​រត់ជួររមេញ​ បង​គន់​ជើង​ធ្មេញ​ត្រឹម​ដូច​គេ​ក្រី។​ ឯ​លំអ​ធ្មេញ​របស់​នាង​កាកី​ ក៏​អ្នក​និពន្ធ​បាន​បញ្ចេញ​ទឹក​ដៃ​តាម​រយៈ​កំណាព្យ​ថា​ “ធ្មេញ​ខ្មៅ​រលីករលង​ប៉ផ្លេក​ ដូច​និលរតនា​កកប​ល្អ​លន់ គូរគន់​ដូចនា​ ត្របកបទុមា​ រាយរីក​ស្រស់ស្រី។​ រីឯ​រឿង​រាមកេរ្តិ៍​ខ្សែ​៤​ ទំព័រ​២៥​ បង្ហាញ​អំពី​ធ្មេញ​នាង​សីតា ថា​ “ចាំ​ធ្មេញ​ខ្មៅ​ជិត​ ដូច​អ្នក​ប្រកិត​និលរត្ន័​ថ្លៃ​ បង​គន់​សំគាល់​នៃ​អម្បាល​រូប​ដ៏​ប្អូន​បង”។

លំអ​សម្បុរ​ស្បែក : នារី​តែង​ប្រាថ្នា​ចង់​បាន​សម្បុរ​ស្បែក​ល្អ។​ ទំនៀម​ទំលាប់​បុរាណ​បាន​ឲ្យ​កូន​ស្រី​ចូល​ម្លប់​ តាំង​ពី​ពេល​ដែល​នាង​ចាប់​មាន​រដូវ​គ្រា​ដំបូង​ ដើម្បី​បន្ទុំ​សម្បុរ​ស្បែក​​ឲ្យ​ភ្លឺ​ថ្លា​ផូរផង់។ នារី​ចូលចិត្ត​ពាក់អាវ​ដៃ​វែង​ គឺ​កុំ​ឲ្យ​ត្រូវ​កំដៅ​ថ្ងៃ​ ដើម្បី​ឲ្យ​សម្បុរ​ស្បែក​បាន​ល្អ។ ឧទាហរណ៍​ ក្នុង​រឿង​ទំព័រ​២៥​ក៏​បាន​បញ្ជាក់​​អំពី​សម្បុរស​របស់​នាង​​សីតា​ដែរ​ថា​ “បង​ចាំ​សម្បុរ​ប្អូន​ជិត​ ក្រៃលែង​ស្រលិត​ លឿង​ខៀវ​ដ៏​កន្លង​ វា​​ប្លែក​សម្បុរស​នោះ​ដ៏​បី​ដង​ មួយ​ថ្ងៃ​ផ្សឹងៗ​បំព្រង​ទុំ”។

លំអ​វ័យ: ស្ត្រី​ដែល​មាន​អាយុ​ច្រើន​ហើយ​ តែ​សាច់​នៅ​តែ​ល្អ​ ដែល​គេ​ហៅថា​​ចាំ​សាច់​ ឬ​សាច់​ចាំ។ ដូច​កនាង​វិសាខា​ ទោះ​ជា​មនុស្ស​អាយុ​ច្រើន​ទៅ​ជា​ជីដូន​របស់​គេ​ទៅ​ហើយ​ ក៏​សាច់​នៅ​តែ​ល្អ​ស្មើ​នឹង​ចៅ​របស់​គាត់​ដែរ។ ជា​ធម្មតា​វ័យ​របស់​មនុស្ស​មាន​៣​ គឺ​បឋម​វ័យ​ មជ្ឈិមវ័យ​ និង​បច្ឆិមវ័យ។ គឺ​យាយ​ វិសាខា​ឋិត​ក្នុង​បច្ឆិមវ័យ​ទៅ​ហើយ​ ក៏​សម្រាប់​របស់​គាត់​នៅ​តែ​ល្អ​ មាន​ន័យ​ថា​ សាច់​នៅ​តែ​ល្អ​ ស្រដៀង​នឹង​សាច់​ចៅៗ​ស្រីៗ​របស់​គាត់​ដែរ។ នេះ​ជា​បំណង​ប្រាថ្នា​របស់​នារី​ និង​ស្ត្រី​ទូទៅ​ដែល​តែង​ចង់​បាន​រូបរាង​ឲ្យ​ល្អ​ដូច​នាង​វិសាខា​ ដូច​ពាក្យ​ដែល​នារី​ ឬ​ស្ត្រី​តែង​ធ្វើ​កការ​បួងសួង​ថា​ “មាន​តំរិះ​ដូច​នាង​អមរា…”។

ជា​ការ​ពិត​ណាស់​ ធម្មជាតិ​​នៃ​មនុស្ស​ ក៏​ប្រកប​ដោយ​ការ​ប្រែប្រួល​ទៅ​តាម​សច្ចភាព​​ថា​ កើត​ ចាស់​ ឈឺ​ ស្លាប់។ ដូច​កំណាព្យ​គុក​កាម​កិលេស​ថា​ “ឃើញ​ធ្មេញ​សណ្ដក​ ស្បែក​ចេះ​តែ​សក​ ភ័យខ្លាច​ឆាប់​ចាស់​ ថ្ពាល់​ចេះ​តែ​ខូង​ ភ្នែក​រូង​រហ័ស​ ក្មេង​សោះ​ប្ដូរ​ផ្លាស់​ ជា​ទៅ​ហើយ”។ …”កើត​ ស្លាប់​ទៅ​មក​ ដូច​ទឹក​រលក​ អន្ទោល​តាម​គ្នា​ មួយ​ងើប​លិច​ទៅ​ ឥត​នៅ​រេរា​ មួយ​ទៀត​ងើប​ជា​រលក​កម្មផល”។

ដូចនេះ​ចំពោះ​លំអ​ស្ត្រី​ទាំង​៥​ដែល​បាន​រៀបរាប់​មក​នេះ​ ក៏​តែង​ប្រែប្រួល​ទៅ​តាម​ត្រៃ​លក្ខណ៍​យ៉ាង​ទៀងទាត់​ពិតប្រាកដ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s