វប្បធម៌​ខ្មែរ​ និង​ជនជាតិ​សៀម

សៀម​បាន​ទទួល​យក​វប្បធម៌​ខ្មែរ​ហើយ​រួម​គ្នា​គោរព​ និង​ប្រតិបត្តិ​តាម​កសាង​ជា​គ្រួសារ​​ កសាង​​ជា​សង្គម​ជាតិ​ថ្មី​មួយ​លើ​​អតីត​ទឹក​ដី​ខ្មែរ​ និង​មន​ បង្ក​ឲ្យ​ប្រទេស​សៀម​ទទួល​នូវ​ការ​រីកចម្រើន​​ជា​ខ្មែរ​ដែល​ជា​ម្ចាស់​ វប្បធម៌​ និង​ម្ចាស់​ទឹកដី។ តើ​ខ្មែរ​ជា​អ្នក​ណា? អ្វី​ខ្លះ​ជា​វប្បធម៌​ខ្មែរ? តើ​សៀម​ជា​អ្នក​ណា? មក​ពី​ណា?

ខ្មែរ​ជា​មនុស្ស​ស្រឡាញ់​សេចក្ដី​សុខ​ក្សេមក្សាន្ត​ មិន​ចូល​​ចិត្ត​ឈ្លោះ​គ្នា​ឡើយ​ និង​ជា​ជនជាតិ​​មួយ​កើត​ និង​រស់​នៅ​លើ​ទឹក​ដី​ជ្រោយ​សុវណ្ណភូមិ​តាំង​ពី​យូរលង់​ណាស់​មក​ហើយ​ ដែល​យោង​​តាម​វត្ថុ​តាង​នៅ​ស្ថានីយ​បុរេប្រវត្តិ​ល្អាង​​ស្ពាន​ នា​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា​​បង្ហាញ​ឲ្យ​ដឹង​​ថា​ មនុស្ស​ខ្មែរ​​បាន​កើត​នឹង​រស់នៅ​តំបន់​នេះ​តាំង​ពី​៥០០០​ឆ្នាំ​មុន​ គ្រិស្តសករាជ។ មនុស្ស​ខ្មែរ​​ប្រតិបត្តិ​តាម​វប្បធម៌​ខ្មែរ​​ដែល​ជា​វប្បធម៌​បណ្ដុះ​ពូជ​ ខ្មែរ​ឲ្យ​មាន​អត្តចរិត​ល្អ​ ដឹង​ខុសត្រូវ​គោរព​ច្បាប់​និង​ប្រពៃណី​ទំនៀមទម្លាប់​​គោរព​ប្រណិប័តន៍​មេបា​ ពិសេស​គោរព​ម៉ែ​ឳ​ គ្រូ​អាចារ្យ​ ចាស់​ទុំ​យ៉ាង​ខ្ជាប់​ខ្ជួន។ វប្បធម៌​ខ្មែរ​ គឺ​ភាសា​ខ្មែរ​ អក្សរសាស្ត្រ​ខ្មែរ​ ជំនឿ​អ្នក​តា​ ព្រហ្មញ្ញសាសនា​ ព្រះពុទ្ធ​សាសនា​ ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ សិល្បៈ។ល។​ វប្បធម៌​ខ្មែរ​​ផលិត​ចំណេះ​ឲ្យ​ខ្មែរ​​មាន​ប្រាជ្ញា​វៃ​ឆ្លាត​ និង​ចូល​ចិត្ត​ការ​បង្កបង្កើត​មិន​ឈប់ឈរ។ វប្បធម៌​ខ្មែរ​បណ្ដុះ​ខ្មែរ​ឲ្យ​ក្លាយ​​ជា​មនុស្ស​ថ្លៃថ្នូរ​មាន​ពូជ​ពង្ស​ វង្ស​ត្រកូល​ជា​អ្នក​ស្រុក​មុន​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​តាមរយៈ​ការ​ បង្កើត​រដ្ឋ​នគរភ្នំ​ (ចិន​ហៅ​ថា​ ហ្វ៊‌ូណន)​ នា​ដើម​សតវត្ស​ទី​១​ នៃ​គ្រិស្តសករាជ​ដែល​ជា​គ្រឹះ​អារ្យធម៌​ខ្មែរ​នាំ​ទៅ​​ដល់​ការ​បង្កើត​ អារ្យធម៌​ខ្ពង់ខ្ពស់​ថ្កុំថ្កើង​រុងរឿង​បំផុត​នា​សម័យ​អង្គរ​ (ឆ្នាំ​៨០២-១៤៣១)។ មនុស្ស​ខ្មែរ​និយាយ​ភាសាខ្មែរ​ ជា​អម្បូរភាសា​មន-ខ្មែរ​មាន​វ័យ​ចំណាស់​ក្នុង​តំបន់។ សម័យ​ហ្វ៊ូណន​ភាសាខ្មែរ​​បាន​ទទួល​នូវ​ការ​រីកចម្រើន​ថ្មី​ដោយ​មាន​ការ​បូក​ បញ្ចូល​គ្នា​រវាង​​ភាសា​ខ្មែរ​បុរាណ​ និង​ភាសា​សំស្ក្រឹត។ មនុស្ស​ខ្មែរ​បាន​បង្កើត​អក្សរ​ខ្មែរ​នៅ​ដើម​សតវត្ស​ទី​៧​មាន​ភស្តុតាង​ជា​ សិលាចារឹក​អក្សរ​ខ្មែរ​ដំបូង​​បំផុត​នា​គ្រិស្តសករាជ​៦១១​ (លេខ​កា​៦០០)​ នៅ​អង្គរ​បុរី​ខេត្តតាកែវ​ ហើយ​គឺ​អក្សរ​ខ្មែរ​នេះ​ហើយ​ជា​ប្រភព​ដ៏​មាន​តម្លៃ​បំផុត​មាន​អត្ថន័យ​ជា​​ ប្រវត្តិសាស្ត្រ​ជួយ​អភិវឌ្ឍន៍​សមត្ថភាព​អ្នក​ស្រុក​ខ្មែរ​កាន់​តែ​ប្រសើរ​ ឡើង​អាច​បង្កបង្កើត​ទ្រព្យ​សម្បត្តិ​វប្បធម៌​ជា​ច្រើន​​ទុក​ឲ្យ​កូន​ខ្មែរ​​ ជំនាន់​ថ្មី​ធ្វើ​ជា​ទុន​អភិវឌ្ឍន៍​មាតុភូមិ​រហូត​សព្វ​ថ្ងៃ។ ទ្រព្យសម្បត្តិ​ទាំងនោះ​មាន​អក្សរសាស្ត្រ​ខ្មែរ​សិល្បៈ​ប្រពៃណី​​ ទំនៀមទម្លាប់​ដ៏​ល្អ។ល។​ និង​ប្រសាទ​​ជា​ច្រើន​ពាសពេញ​ព្រះរាជាណាចក្រ​កម្ពុជា​ ពិសេស​ប្រាសាទ​អង្គរវត្ត​ដ៏​ល្អ​វិចិត្រ​នា​សតវត្ស​ទី​១២​ និង​ប្រាសាទ​ព្រះវិហារ​ដ៏​ល្អ​ឯក​នា​សតវត្ស​ទី​៩-១១។


ឯ​សៀម​វិញ​ជា​អ្នក​ណា? មក​ពី​ទី​ណា?

ចម្លើយ​ត្រឹមត្រូវ​ហើយ​ងាយ​ចាំ​បំផុត​ គឺ​សៀម​ជា​មនុស្ស​ខ្ចាត់​ព្រាត់​​មក​រស់នៅ​លើ​អតីត​ទឹកដី​របស់​ខ្មែរ។ ព្រោះ​យោង​តាម​លោក​ ហងរីប៉ាកម៉ង់ជេ​ HenriParmentier ជនជាតិ​បារាំង​​បាន​សរសេរ​​សៀវភៅ​មាន​ចំណង​ជើង​ថា​ “អង្គរ” បោះពុម្ព​ផ្សាយ​ដោយ​បណ្ណាគារ​អេគ្លីព​ E.K.L.I.P នៅ​ភ្នំពេញ​ឆ្នាំ​១៩៦០​ បង្ហាញ​ឲ្យ​ដឹង​ក្នុង​ទំព័រ​ទី​៩​ថា​ “ពួក​សៀម​មាន​ឈាម​​ជ័រ​ជា​ថៃ​បាន​ចុះ​ពី​ប្រទេស​ចិន​ខាង​ត្បូង​មក​រស់​លើ​ ទឹកដី​ខ្មែរ​ ទទួល​យក​អារ្យធម៌​ខ្មែរ​ ចាត់​ទុក​ខ្មែរ​ជា​ម្ចាស់​លើ​ពួក​គេ​ តែ​ពួក​សៀម​មិន​បង្អង់​យូរ​បាន​បះបោរ​ប្រឆាំង​នឹង​ម្ចាស់​ខ្លួន​ឯង​ បង្ក​សង្គ្រាម​ជា​បន្តបន្ទាប់​ និង​ទី​បំផុត​ដណ្ដើម​យក​ទឹក​ដី​កម្ពុជា”។ ចំណែក​​លោក​ ដូហ្វាំង​ ម៉ឺនីញេ​ A.Dauphin-Meunier ជា​​ជនជាតិ​បារាំង​ដែរ​បាន​សរសេរ​សៀវភៅ​ “ប្រវត្តិសាស្ត្រ​កម្ពុជា” Que saia-je? Histoire du Cambodge បោះពុម្ព​នៅ​ក្រុង​ប៉ារីស​ ឆ្នាំ​១៩៦៨​ លោក​បាន​សរសេរ​ក្នុង​ទំព័រ​ទី​៥០​បញ្ជាក់​ថា​ “ពួក​សៀម​បាន​បង្កើត​រដ្ឋ​ណានចាវ​នា​សតវត្សរ៍​ទី​៨​ នៅ​យូណាន​ប្រទេស​ចិន​ ក្រោយ​មក​បាន​ជ្រៀត​ចូល​មក​​រស់នៅ​តាម​ជ្រលង​ភ្នំ​នៃ​ភាគ​កណ្ដាល​ឥណ្ឌូចិន​ និង​ភូមា។ ឆ្លៀត​ឱកាស​ដែល​ភូមា​ត្រូវ​ផ្ដួល​រំលំ​ដោយ​ពួក​ម៉ុងហ្គោល​ ដឹកនាំ​ដោយ​គុប៊ីឡៃខាន់​ សៀម​បាន​កាន់​កាប់​ផ្នែក​ជា​ច្រើន​នៃ​ទឹក​ដី​ភូមា​ ហើយ​រៀន​សូត្រ​តាម​ពួក​​ម៉ុងហ្គោល​ខាង​ក្បូន​ទ័ព​ និង​ចម្លង​យក​អក្សរ​ជ្រៀង​ខ្មែរ​ទៅ​ប្រើប្រាស់​ ធ្វើ​ឲ្យ​ពួក​សៀម​កាន់កាប់​បាន​រដ្ឋបាល​ខ្មែរ​នៅ​តំបន់​ទន្លេ​មេណាម។ អ្នក​ស្រុក​ខ្មែរ​​បាន​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​ការ​វាយ​លុកបំផ្លិចបំផ្លាញ​ពី ​សំណាក់​ពួក​សៀម​ តែ​ខ្មែរ​ទទួល​ការ​ខាត​បង់​ធំធេង​ ព្រោះ​ពួក​សៀម​ទទួល​​ជោគជ័យ​ បង្កើត​ជា​រដ្ឋ​ និង​រាជធានី​សុខោទ័យ​លើ​អតីត​ក្រុង​របស់​ខ្មែរ”។ សូម្បី​តែ​លោក​អនុម៉ាន​ រាចាថន​ Aunman Rajadhon ជា​សាស្ត្រាចារ្យ​បណ្ឌិត​សៀម​ម្នាក់​នៃ​សកលវិទ្យាល័យ​ជូឡាឡុងកន​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ពិនិត្យ​ឡើង​វិញ​ប្រវត្តិសាស្ត្រ​ថៃ​នា​ឆ្នាំ​ ១៩៦៨​ ក៏​លោក​បាន​សរសេរ​ពី​ប្រវត្តិសាស្ត្រ​សៀម​មាន​អត្ថន័យ​ដូច​លោក​ ប៉ាកម៉ង់ជេ​ និង​លោក​ ម៉ឺនីញេ​ដែរ។

លោក​ អនុម៉ាន​ បាន​សរសេរ​សៀវភៅ​ “Essay on Thia Folklore” បោះពុម្ព​ផ្សាយ​នៅ​បាងកក​ឆ្នាំ​១៩៦៨​ បញ្ជាក់​ឲ្យ​ដឹង​លើ​ទំព័រ​ទី​៨-១១​ថា​ សៀម​មាន​ប្រភព​រស់នៅ​ខាង​ត្បូង​ទន្លេ​យ៉ាង​សេក្យាង​ Yang-tse Kiang ប្រទេស​ចិន​​ ហើយ​ចិន​បាន​កត់ត្រា​ទុក​ក្នុង​ឯកសារ​ហៅ​ពួក​សៀម​ថា​ “អ្នក​ព្រៃ”។ នា​សតវត្សរ៍​ទី​៧​ ឬ​៨ ពួក​សៀម​បាន​បង្កើត​រដ្ឋ​ឈ្មោះ​ “ណានចាវ” ដែល​ជា​ឈ្មោះ​បូក​ផ្សំ​គ្នា​រវាង​​ភាសា​សៀម​ និង​ចិន។ ពាក្យ​ណាន​តាម​​ភាសា​ចិន​មាន​ន័យ​ថា​ ទិស​ខាង​ត្បូង​ ឯ​ពាក្យ​ចាវ​តាម​ភាសា​សៀម​មាន​ន័យ​ថា​ ស្ដេច។ នា​ដើម​សវត្សរ៍​ទី​១៣​ ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ​ពីរ​នាក់​ ពួក​សៀម​ដណ្ដើម​បាន​ទឹក​ដី​ខ្មែរ​បង្កើត​រដ្ឋ​សុខោទ័យ​យក​ក្រុងឈៀងម៉ៃ​ធ្វើ​ ជា​រាជធានី។ ចុង​សតវត្សរ៍​ទី​១៣​នា​ឆ្នាំ​១២៨៣​ ស្ដេច​ទី​៣​នៃ​សុខោទ័យ​ឈ្មោះ​រាមកំហែង​បាន​កាឡៃ​អក្សរ​ខ្មែរ​បង្កើត​ជា​ អក្សរ​សៀម​ ដែល​សៀម​ចាត់​ទុក​ថា​ ជា​ឆ្នាំ​​ប្រវត្តិសាស្ត្រ​នៃ​វប្បធម៌​សៀម។ មុន​មាន​អក្សរ​របស់​ខ្លួន​ ពួក​សៀម​ប្រើ​អក្សរ​​ខ្មែរ​​ ហើយ​ដោយសារ​​តែ​គេ​ប្រើប្រាស់​អក្សរ​ខ្មែរ​នោះ​ហើយ​ ទើប​សៀម​អាច​ដណ្ដើម​ និង​គ្រប់គ្រង​បាន​សុខោទ័យ។ កើត​បាន​ជា​រដ្ឋ​ហើយ​ ក៏​សៀម​នៅ​តែ​ប្រើប្រាស់​អក្សរ​ខ្មែរ​​ក្នុង​ផ្នែក​ព្រះ​ពុទ្ធសាសនា​ពិសេស​​ សរសេរ​លើ​សាស្ត្រា​ស្លឹករឹត​ព្រោះ​សៀម​មាន​ជំនឿ​ថា​ អក្សរ​ខ្មែរ​ជា​អក្សរ​សក្ការៈ។ ទោះ​បី​​ដណ្ដើម​ដី​ពី​ខ្មែរ​បង្កើត​បាន​រដ្ឋ​ យក​អក្សរ​​ខ្មែរ​កាឡៃ​បង្កើត​បាន​អក្សរ​ប្រើប្រាស់​ហើយ​ក៏​ដោយ​ ក៏​សៀម​នៅ​តែ​លោភលន់​បន្ត​ប្រើ​កងទ័ព​វាយដណ្ដើម​ដី​ខ្មែរ​បន្ថែម​ទៀត​ ជាក់ស្ដែង​នា​ឆ្នាំ​១៤៣១​ គឺ​១៩៣​ឆ្នាំ​បន្ទាប់​ពី​ដណ្ដើម​បាន​សុខោទ័យ​ សៀម​វាយ​ដណ្ដើម​បាន​​ និង​កាន់កាប់​ក្រុង​អង្គរ​ លួច​ប្លន់​យក​សម្បត្តិ​វប្បធម៌​ខ្មែរ​ស្ទើរ​តែ​អស់​នាំ​ឲ្យ​កើត​ជា​ ព្រឹត្តិការណ៍​និរាស​អង្គរ​មនុស្ស​ខ្មែរ​និរាស​ព្រាត់​ប្រាស់​បែក​បាក់​ គ្រួសារ​ទទួល​ការ​ឈឺ​ចាប់​ជា​​ពន់​ពេក​រាប់​រយ​ឆ្នាំ។ តាំង​ពី​ពេល​នោះ​មក​ កូន​ខ្មែរ​ជំនាន់​ក្រោយ​ពុំ​សូវ​ស្គាល់​ និង​យល់​ដឹង​ដី​វប្បធម៌​ខ្មែរ​បាន​សព្វ​គ្រប់​ឡើយ​ ជា​ហេតុ​នាំ​ឲ្យ​មាន​ឧបសគ្គ​ចំពោះ​ដំណើរ​អភិវឌ្ឍន៍​នៃ​សង្គម​ខ្មែរ។ លោក​អនុម៉ាន​ សរសេរ​នៅ​ទំព័រ​៨៥​ក្នុង​ Essay on Thai Folklore ថា​ “ថៃ​បាន​ទទួល​យក​បន្តិច​ម្ដងៗ​ភាសា​មន​ និង​ភាសា​ខ្មែរ​​មួយ​ចំនួន​ធំ​បញ្ចូល​ក្នុង​ភាសា​ថៃ​ និង​​អក្សរសិល្ប៍​ថៃ”។ តាម​ពិត​សៀម​និយាយ​ភាសា​ថៃ​ជា​អម្បូរ​ភាសា​មួយ​នៅ​យូណាន​ប្រទេស​ចិន​ តែ​សៀម​បាន​ខ្ចី​ពាក្យ​ខ្មែរ​ជា​ច្រើន​យក​ទៅ​ប្រើ​ថែម​ទៀត​ ដូច​ជា​ពាក្យ​ខ្មែរ​ថា​ តិះដៀល​ សៀម​ថា​ទិតៀន​ កល​ សៀម​ថា​កុន​ (ភាពយន្ត) កំពែង​ សៀម​ថា​ កាំផែង​ ថ្នល់​សៀម​ថា​ ថាណុន​ រូប​រាង​​សៀម​ថា​ រូបរ៉ាង​ សាលារៀន​ សៀម​ថា​ រោង​រៀន​ ចម្រើន​ សៀម​ថា​ថា​រើន​ព្រះវិហារ​ សៀម​ថា​ព្រះវិហាន​ ដើមក្ទម្ពទេស​ សៀម​ ថា​ក្រៈទុំថេត។ល។​ ពិសេស​​លោក​អនុម៉ាន​សរសេរ​លើ​ទំព័រ​ទី​៨៧​ថា​ រាជស័ព្ទ​ដែល​កំពុង​ប្រើ​សព្វថ្ងៃ​ក្នុង​រាជវង្សានុវង្ស​ថៃ​ គឺ​ជា​រាជស័ព្ទ​ខ្មែរ។ សៀម​ចម្លង​យក​ប្រពៃណី​ទំនៀមទម្លាប់​ល្អ​របស់​ខ្មែរ​ ដែល​​ចេះ​​គោរព​ម៉ែឪ​ គ្រូ​អាចារ្យ​ចាស់​ទុំ​ ស្រឡាញ់​រាប់​អាន​គ្នា​ជា​បងប្អូន​ ប្រុស​ដណ្ដឹង​ស្រី​ ស្លៀកពាក់​ផាមួងចងក្បិន​ អាវកត្រង់​ ស្លៀក​សំពត់​​សារុង​ចោម​ពុង​ ធ្វើ​ផ្ទះ​រោង​ដាល​រោងឌឿង។ ផ្នែក​អក្សរសិល្ប៍​ សៀម​ចម្លង​យក​រឿង​រាមកេរ្ដិ៍​ខ្មែរ​ទៅ​ធ្វើ​ជា​រ៉ាម៉ាកេន។ ម្ហូប​ស្ងោរ​ជ្រក់​បង្គា​ (សៀម​ប្ដូរ​ហៅ​តុមយាំ) ហហ្មុក​ សម្លកកូរ​ ទឹក​គ្រឿង…ក៏​ជា​របស់​ខ្មែរ​​តែ​ខុស​គ្នា​លើ​ចំណុច​ហិរ​ខ្លាំង​ ព្រោះ​សៀម​ចូល​ចិត្ត​​ប្រើ​ម្ទេស​ច្រើន។ ខ្មែរ​ជា​ម្ចាស់​ស្រុក​មាន​ទឹកដី​​នេសាទ​ធ្វើ​ស្រែ​ចម្ការ​​ មាន​ទី​លំនៅ​ច្បាស់លាស់​មិនមែន​ជា​អ្នក​ផ្លាស់​ទី​ មាន​ម្ហូប​អាហារ​ស្រស់​ឆ្ងាញ់​​គ្រប់គ្រាន់​ទើប​ខ្មែរ​មិន​ប្រើ​ម្ទេស​ច្រើន ​សម្រាប់​​ភូត​អណ្ដាត​លើក​រសជាតិ​ម្ហូប​ឡើយ។ ផ្នែក​សិល្បៈ​បុរាណ​សៀម​បាន​ចម្លង​ពី​ខ្មែរ​ដូចជា​របាំ​ក្បាច់​បុរាណ​ ស្បែក​ធំ​ភ្លេង​ពិណពាទ្យ​ តែ​សៀម​ធ្វើ​មិន​បាន​ល្អ​ដូច​ខ្មែរ​យើង​ឡើយ។ ជំនឿ​ព្រហ្មញ្ញសាសនា​ ពិសេស​ពិធី​ក្នុង​ព្រះរាជវាំង​ និង​ពិធី​បុណ្យ​ទ្វារ​ទសមាស​ ដូចជា​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ ព្រះរាជ​ពិធី​បុណ្យ​បង្ហោះ​ខ្លែង។ល។ សៀម​ធ្វើ​តាម​ខ្មែរ​ទាំងអស់។ លោក​ ពីទ័រ​ ចានសាន់​ Peter Janssan សរសេរ​ក្នុង​កាសែត​ Hindustan Times ចេញ​​ផ្សាយ​ថ្ងៃ​ទី​១៨​ ខែ​ឧសភា​ ឆ្នាំ​២០០៨​ បាន​ស្រង់​សម្ដី​លោក​ ស៊ូឡាក់ សិវៈរក្សា​ Sulak Sivaraksa ប្រវត្តិវិទូ​ល្បីល្បាញ​របស់​សៀម​ស្ដី​ពី​ចក្រភព​ខ្មែរ​​ថា​ “ការ​រាតត្បាត​របស់​សៀម​លើ​ទឹកដី​ខ្មែរ​ ធ្វើ​ឲ្យ​ខ្មែរ​​ចុះ​ទន់ខ្សោយ​ តែ​សៀម​ទទួល​យក​ប្រពៃណី​ទំនៀមទម្លាប់​វប្បធម៌​ខ្មែរ​ រួម​ទាំង​ជំនឿ​លើ​លទ្ធិ​ទេវរាជ​ និង​របៀប​រៀបចំ​ពិធី​នៅ​ក្នុង​វាំង​ ហើយ​ជំនឿ​ជា​ទី​ពេញចិត្ត​កំពុង​ពេញ​និយម​សព្វថ្ងៃ​​ ពិសេស​ក្នុង​ជួរ​អ្នក​នយោបាយ​សៀម​ គឺ​យ័ន្ត​មន្តអាគម​គាថា”។

សេចក្ដី​សង្ខេប​ប្រវត្តិសាស្ត្រ​ដែល​បាន​រៀបរាប់​ខាង​លើ​​បង្ហាញ​ឲ្យ​ឃើញ ​ថា​ សុខោទ័យ​ជា​ទី​កំណើត​របស់​រដ្ឋ​សៀម​បាន​បង្កើត​ឡើង​នា​សតវត្សរ៍​ទី​១៣​ គឺ​មាន​អាយុ​ប្អូន​ប្រាសាទ​ព្រះវិហារ​ច្រើន​សតវត្សរ៍។ ប្រវត្តិសាស្ត្រ​ក៏​បាន​បង្ហាញ​​ឲ្យ​ឃើញ​ថា​ សៀម​ជា​ពួក​នៅ​យូណាន​ខ្ចាត់​ព្រាត់​​ចុះ​មក​រាតត្បាត​ដណ្ដើម​ទឹកដី​ខ្មែរ​ ហើយ​យក​វប្បធម៌​ខ្មែរ​​ជា​កត្តា​ផ្ដល់​ចំណេះ​ឲ្យ​ពួក​គេ​កសាង​​រដ្ឋ​ថ្មី​ មួយ​រីកចម្រើន​ជា​ប្រទេស​ថៃឡងដ៏​សព្វថ្ងៃ។ បច្ចុប្បន្ន​នេះ​នា​សតវត្សរ៍​ទី​២១​ទៅ​ហើយ​សៀម​នៅ​តែ​បង្កើត​ព្រឹត្តិការណ៍​ បែប​អនារ្យជន​តាម​ព្រំដែន​បង្ហាញ​ឲ្យ​ខ្មែរ​យើង​ឃើញ​ជាក់​នឹង​ភ្នែក​ គឺ​សកម្មភាព​បន្ត​រាតត្បាត​យក​ទឹក​ដី​ និង​សម្បត្តិ​​វប្បធម៌​ខ្មែរ​ទំនង​​ជា​សៀម​មិនទាន់​បញ្ចប់​​នៅ​​ឡើយ​ទេ។ ស្រប​ដូច​លោក​អនុម៉ាន​ បាន​សរសេរ​លើ​ទំព័រ​ទី​១០​ក្នុង​សៀវភៅ​របស់​គាត់​ “Essay on Thia Folklore” ថា​ The Thai never ceased to be on the move ថៃ​មិន​ដែល​បាន​ឈប់​ធ្វើ​ចលនា​ទៅ​មុខ​សោះ។ ដូច្នេះ​​ខ្មែរ​ត្រូវ​តែ​ជឿ​លើ​ខ្លួន​ឯង​ ពង្រឹង​​ខ្លួន​ឯង​ឲ្យ​រឹងមាំ​​ ដោយ​​ផ្អែក​លើ​វប្បធម៌​ខ្មែរ​​ គួប​ផ្សំ​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ខ្មែរ​មាន​ប្រាជ្ញ​ បារមី​ ថាមពល​ខ្លាំងក្លា​ ការពារ​បាន​វប្បធម៌​ជាតិ​ និង​ទឹកដី​ និង​​អាច​អភិវឌ្ឍន៍​ប្រទេស​រីកចម្រើន​ឆាប់រហ័ស។ ខ្មែរ​ត្រូវ​តែ​យល់​ឲ្យ​ច្បាស់​ថា​ សត្វ​សារិកា​ចូល​ចិត្ត​ស៊ី​ផ្លែ​ម្ទេស​ទោះ​បី​ចេះ​និយាយ​ត្រាប់​តាម​ ភាសាខ្មែរ​​បាន​ពីរោះ​គួរ​ជា​ទី​ស្រឡាញ់​យ៉ាង​ណា​ក៏​​ដោយ​ ក៏​សត្វ​ស្លាប​នេះ​ពុំ​អាច​ក្លាយ​ជា​មនុស្ស​ខ្មែរ​កើត​ឡើយ។ មនុស្ស​ខ្មែរ​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ជានិច្ច​ និង​ជឿ​លើ​ពាក្យ​ប្រៀនប្រដៅ​របស់​ដូនតា​យើង​ថា​ “ឈើ​កោង​វល្លិព័ទ្ធ​ មនុស្ស​ខ្ចាត់​ព្រាត់​ កុំ​យក​ខ្លួន​បៀត”៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s