ភូមិសាស្រ្ត​រដ្ឋបាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ

krmap_432

នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រទេស​កម្ពុជា​មិន​ត្រូវ​បាន​បែងចែក​ជា​ខេត្ត-ក្រុង​នោះទេ តែ​ត្រូវ​បែង​ចែក​ចេញ​ជា​ភូមិភាគ និង​តំបន់​វិញ។ លេខា​បក្ស​ប្រចាំ​​ភូមិភាគ ភាគច្រើន​​សុទ្ធ​តែ​ជា​សមាជិក​ គណៈ​កម្មាធិការ​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​កម្ពុជា ហើយ​គឺ​ជា​ស្តេច​ត្រាញ់​នៅ​ក្នុង​ភូមិភាគ ដែល​ពួក​គេ​កាន់​កាប់។
ពួកខ្មែរក្រហមបានធ្វើការបែងចែក​ទឹកដី​ប្រទេស​កម្ពុជា​ជា​ភូមិភាគ​ តាំង​ពី​មុន​ឆ្នាំ​១៩៧៥​ម៉្លេះ។ ភូមិភាគ​នីមួយៗ គឺ​ជា​ការ​យក​ខេត្ត​ពីរ​ឬ​ច្រើន ឬ​កាត់​យក​ខេត្ត​នេះ​ខ្លះ ខេត្ត​នោះ​ខ្លះ មក​ដាក់​បញ្ចូល​គ្នា។ ភូមិភាគ​នីមួយៗ​ត្រូវ​បែង​ចែក​ជា​តំបន់ ហើយ​តំបន់​នីមួយៗ​ត្រូវ​បែង​ចែក​ជា​ស្រុក ឃុំ និង​សហករណ៍​បន្ត​ទៀត។

នៅតាមភូមិភាគនីមួយៗ លេខា​បក្ស​ប្រចាំ​ភូមិភាគ​គឺ​ជា​អ្នក​មាន​អំណាច​សម្រេច​លើ​អ្វីៗ​ទាំង​អស់​ នៅ​ក្នុង​ភូមិភាគ​របស់​ខ្លួន។ អ្នក​ដែល​មាន​អំណាច​បន្ទាប់​ពី​ភូមិភាគ គឺ​សហករណ៍។ សហករណ៍​នីមួយៗ​ដឹកនាំ​ដោយ ប្រធាន​សហករណ៍​មួយ​រូប និង​សហការី​២រូប​ផ្សេង​ទៀត។ យោង​តាម​លោក David Chandler សហករណ៍ ​មាន​អំណាច​ធ្វើ​សេចក្តី​សម្រេច​លើ​អ្វីៗ​ទាំងអស់​​នៅ​ក្នុង​​រង្វង់​​ដែនដី ​របស់​ខ្លួន ដូចជា ការ​កំណត់​របប​ចំណី​អាហារ ទំហំ​ការងារ​ដែល​​ប្រជាជន​ត្រូវបំពេញ ឬ កំណត់​ថា​កុមារ​ណា​ដែល​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​កង​ចល័ត ជាដើម ។ល។

នៅឆ្នាំ១៩៧៦ កម្ពុជា​ប្រជាធិបតេយ្យ​​ត្រូវ​បាន​បែង​ចែក​ជា​៧​ភូមិភាគ ដែល​រួម​មាន ៣២​តំបន់។

១ ភូមិភាគនិរតី ឬភូមិភាគ៤០៥

យោងតាមលោកស្រី Elizabeth Becker ភូមិភាគ ​និរតី​គឺ​ជា​ភូមិភាគ​ធំ​ជាង​គេ មាន​ប្រជាជន​ក្រីក្រ​ជាង​គេ ប៉ុន្តែ មាន​កងទ័ព​ខ្លាំង​ជាង​គេ។ លេខា​ភូមិភាគ​និរតី គឺ​ឈិត ជឿន ហៅ​តាម៉ុក។ ភូមិភាគ​នេះ​រួម​មាន​ខេត្ត​កំពត និង​ខេត្ត​តាកែវ​ទាំង​មូល ស្រុក​ពីរ​ក្នុង​ខេត្ត​កំពង់​ស្ពឺ គឺ​ស្រុក​សំរោង​ទង និង​ស្រុក​គង​ពិសី និង​ស្រុក​ប្រាំ​ក្នុង​ខេត្ត​កណ្តាល គឺ​ស្រុក​កណ្តាល​ស្ទឹង ស្រុក​ស្អាង ស្រុក​កោះធំ ស្រុក​កៀន​ស្វាយ និង​ស្រុក​លើក​ដែក។ ភូមិភាគ​នេះ​ចែក​ចេញ​ជា​បួន​តំបន់ គឺ​តំបន់​១៣ តំបន់​៣៣ តំបន់​៣៥ និង​តំបន់២៥។

ទី២ ភូមិភាគបូព៌ា ឬភូមិភាគ២០៣

ភូមិភាគ ​នេះ​ដឹកនាំ​ដោយ សោ ភឹម ដែល​បាន​ធ្វើ​អត្តឃាត​ នៅ​ឆ្នាំ​១៩៧៨ នៅ​ពេល​ដែល​ប៉ុល ពត បញ្ជូន​ទាហាន​ឲ្យ​មក​ចាប់​ខ្លួន​។ ភូមិភាគ​នេះ​រួម​មាន ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង​ទាំង​មូល ស្រុក​ទាំងអស់​ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​ទន្លេរ​មេគង្គ ក្នុង​ខេត្ត​កំពង់ចាម ស្រុក​ឆ្លូង​ក្នុង​ខេត្ត​ក្រចេះ និង​ស្រុក​បី​ទៀត​ក្នុង​ខេត្ត​កណ្តាល គឺ​ស្រុក​ខ្សាច់​កណ្តាល ស្រុក​ល្វាឯម និង​ស្រុក​មុខ​កំពូល។ ភូមិភាគ​នេះ​ចែក​ចេញ​ជា​៥​តំបន់ គឺ​តំបន់​២០ តំបន់​២១ តំបន់​២២ តំបន់​២៣ និង​តំបន់​២៥។

ទី៣ ភូមិភាគពាយ័ព្យ ឬភូមិភាគ៥៦០

លេខា ​ភូមិភាគ​ពាយ័ព្យ​ គឺ​ញឹម រស់។ ភូមិភាគ​នេះ​រួម​មាន​ខេត្ត​ពោធិសាត់ និង​បាត់ដំបង​ទាំង​មូល ហើយ​ចែក​ចេញ​ជា​៧​តំបន់ ពី​តំបន់​១ ដល់​តំបន់​៧។
ទី៤ ភូមិភាគឧត្តរ ឬភូមិភាគ៣០៣

ចាប់ពីឆ្នាំ១៩៧០ រហូត​ដល់​ឆ្នាំ​១៩៧៦​ ភូមិភាគ​នេះ​ដឹកនាំ​ដោយ កុយ ធួន ហៅ ធុច។ ក្រោយ​ពី កុយ ធួន ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម នៅ​ឆ្នាំ​១៩៧៦ កែ ពក ត្រូវ​បាន​តែង​តាំង​ជា​លេខា​ភូមិភាគ​នេះ​ជំនួស​ កុយ ធួន។ នៅ​ឆ្នាំ​១៩៧៧ ភូមិភាគ​ឧត្តរ​នេះ ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ភូមិភាគ​កណ្តាល​វិញ។ ចំណែក​ភូមិភាគ​ភូមិភាគ​ឧត្តរ​ចាស់​ត្រូវ​បាន​រើ​ទីតាំង​ទៅ​តាំង​នៅ​ខេត្ត​ ខេត្តសៀមរាប ឧត្តរ​មានជ័យ និង​ខេត្ត​ព្រះវិហារ​វិញ។ ភូមិភាគ​ឧត្តរ​ថ្មី​នេះ​ដឹកនាំ​ដោយ កង ចាប។

ទី៥ ភូមិភាគ​កណ្តាល

គឺ ​ជា​ភូមិភាគ​បង្កើត​ថ្មី ដោយ​មាន​ទីតាំង​នៅ​ត្រង់​ភូមិភាគ​ឧត្តរ​ចាស់ ពោល​គឺ​រួមមាន​​ខេត្ត​កំពង់ធំ​ទាំងមូល ស្រុក​ទាំង​អស់​ដែល​ស្ថិត​នៅ​ត្រើយ​ខាង​លិច​ទន្លេរ​មេគង្គ ក្នុង​ខេត្ត​កំពង់ចាម និង​ស្រុក​ព្រែកប្រសប់ ក្នុង​ខេត្ត​ក្រចេះ។ ភូមិភាគ​នេះ​ត្រូវ​បាន​បែងចែក​ជា​បី​តំបន់ គឺ​តំបន់​៤១ តំបន់​៤២ និងតំបន់​៤៣។ លេខាភូមិភាគ​កណ្តាល គឺ កែ​ ពក។

ទី៦ ភូមិភាគបស្ចិម ឬភូមិភាគ៤០១

ភូមិភាគ ​នេះ​ដឹកនាំ​ដោយ ជូ ជេត ហើយ​​រួមមា​នខេត្ត​កោះកុង និង​ខេត្ត​កំពង់ឆ្នាំង​ទាំង​មូល និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​កំពង់ស្ពឺ។ ភូមិភាគ​នេះ​បែង​ចែក​ជា​៥​តំបន់ គឺ​តំបន់​៣១ តំបន់​៣២ តំបន់​៣៧ តំបន់១៥ និង​តំបន់​១១។

ទី៧ ភូមិភាគឥសាន្ត ឬភូមិភាគ១០៨

ណៃ សារ៉ាន់ ហៅ យ៉ា បាន​កាន់​តំណែង​ជា​លេខា​ភូមិភាគ​ឥសាន្ត​រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​១៩៧៦ ពេល​ដែល ណៃ សារ៉ាន់ ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ដាក់​ក្នុង​គុក​ទួល​ស្លែង។ ម៉ែន សាន ត្រូវ​បាន​តែងតាំង​ជា​លេខា​ភូមិភាគ​ជំនួស ណៃ សារ៉ាន់។ ភូមិភាគឥសាន្ត​រួមមាន ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី​ទាំង​មូល និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​ក្រចេះ។ ភូមិភាគ​នេះ​បែង​ចែក​ជា​៦​តំបន់ គឺ​តំបន់​១០១ តំបន់​១០២ តំបន់​១០៤ តំបន់​១០៥ តំបន់​១០៧ និង​តំបន់​៥០៥។

ក្រៅពីនេះ មាន​តំបន់​មួយ​ចំនួន​ត្រូវ​បាន​ផ្តាច់​ចេញ​ពី​ភូមិភាគ ឲ្យ​ទៅ​ជា​តំបន់​ស្វយ័ត​វិញ។ តំបន់​ទាំង​នោះ​រួម​មាន តំបន់​សៀមរាប-ឧត្តរមានជ័យ ឬ​តំបន់១០៦ និង​តំបន់​ព្រះវិហារ ឬតំបន់១០៣ ដែល​ពី​មុន​ស្ថិត​ក្នុង​ភូមិភាគ​ឧត្តរ តំបន់​ក្រចេះ ឬ​តំបន់៥០៥ និង​តំបន់​មណ្ឌលគិរី ឬ​តំបន់​១០៥ ពី​មុន​ស្ថិត​ក្នុង​ភូមិភាគ​ឥសាន្ត។ តំបន់​កំពង់សោម​ក៏​ត្រូវ​បាន​ចាត់​ជា​តំបន់​ស្វយយ័ត​ដែរ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s