វ័យ​កុមារ​ភាព​តែ​ចេះ​កែច្នៃ​ឡាន​ ប្រើ​ពន្លឺ​ព្រះអាទិត្យ

ភ្នំពេញ៖ កុមារា​ រិទ្ធ​ វឌ្ឍនៈ​ អាយុ​១៤​ឆ្នាំ​ កំពុង​សិក្សា​នៅ​អនុវិទ្យាល័យ​បុរី​១០០​ខ្នង​ហ៊ុនសែន​​សង្កត់​ទឹកថ្លា​ ខណ្ឌ​ឫស្សីកែវ​ ក្រៅ​ពី​ការ​រៀនសូត្រ​ កុមារា​​រូប​នេះ​ចូលចិត្ត​លេង​កូន​ឡាន​តូចៗ​ដែល​មាន​លក់​នៅ​ទី​ផ្សារ។ ជាមួយ​នេះ​ក៏​មាន​គំនិត​ចង់​កែច្នៃ​​ឡាន​តូច​ប្រើ​តេឡេកុម្ម៉ង់​នោះ​ ដោយ​ប្រើ​ពន្លឺ​ព្រះអាទិត្យ​រួម​ជាមួយ​ផង។ ក្នុង​គោលបំណង​ដ៏​មាន​សារប្រយោជន៍​ រួម​ទាំង​ការ​ព្យាយាម​រៀន​កែច្នៃ​បណ្ដើរៗ​ផង​ រយៈពេល​២-៣​ឆ្នាំ​រួច​មក​ ទើប​នៅ​ដើម​ឆ្នាំ​២០០៨​នេះ​ គោលបំណង​របស់​កុមារា​វឌ្ឍនៈ​ ក៏​សម្រេច​បាន​ជោគជ័យ​ប្រាកដ​មែន។

កុមារា​ រិទ្ធ​ វឌ្ឍនៈ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ឡាន​ប្រើ​ពន្លឺ​ព្រះអាទិត្យ​នេះ​ គឺ​ជា​ឡាន​ប្រើ​ថ្ម​បញ្ជា​ធម្មតា​បាន​តែ​រយៈពេល​១៥​នាទី​​យ៉ាង​យូរ។ ប៉ុន្តែ​ពេល​​នេះ​កុមារា​រូប​នេះ​បាន​ចេះ​កែច្នៃ​ឡាន​ដែល​ប្រើ​ថ្ម​បាន​ រយៈពេល​តែ​១៥​នាទី​ធ្វើ​ឲ្យ​កើន​ថាមពល​ឡាន​តូច​ប្រើ​តេឡ​បញ្ជា​នោះ​លេង​​បាន ​ដល់​រយៈពេល​កន្លះ​ម៉ោង​ គឺ​កើន​ថាមពល​បាន​១៥​នាទី​បន្ថែម​ទៀត។

ពាក់ព័ន្ធ​​នឹង​ពាក្យ​ថា​ ឡាន​ប្រើ​ពន្លឺ​ព្រះអាទិត្យ​នេះ​ កុមារា​ រិទ្ធ​ វឌ្ឍនៈ​បញ្ជាក់​​ឲ្យ​ដឹង​ថា​ ឡាន​តូច​ដែល​ទិញ​ពី​ផ្សារ​មក​នោះ​ត្រូវ​បាន​កែច្នៃ​បន្ថែម​ ដោយ​បំពាក់​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ ឬ​សូឡា​ ដើម្បី​បង្កើន​ថាមពល​ប្រើ​វា​លេង​បាន​រយៈពេល​យូរ​ជាង​ការ​ប្រើ​តែ​ថ្មី​សាក​ ធម្មតា។ កុមារា​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា​ ឡាន​តូច​នេះ​វា​មាន​លក្ខណៈ​ពិសេស​​ ដោយ​បញ្ជា​ឲ្យ​រត់​លេង​បាន​យូរ​ជាង​ការ​ប្រើ​ថ្មី​សាក​តែ​៥​គ្រាប់។ លក្ខណៈ​ពិសេស​ផ្សេង​ទៀត​ឡាន​តូច​ប្រើ​ពន្លឺ​ព្រះអាទិត្យ​ក៏​អាច​​បញ្ចូល​ ថាមពល​(សាក) ទូរស័ព្ទ​​បាន​ និង​រួម​ទាំង​សាក​បញ្ចូល​ថាមពល​ចង្កៀង​ប្រើ​ពន្លឺ​ព្រះអាទិត្យ​បាន​ទៀត​ផង។ ចង្កៀង​ដែល​មាន​​កម្លាំង​​៥​វ៉ាត់​ អាច​​សាក​ពី​ឡាន​​តូច​ប្រើ​ពន្លឺ​ព្រះអាទិត្យ​រយៈពេល​មួយ​ថ្ងៃ​​នឹង​អាច​ ប្រើ​បំភ្លឺ​ក្នុង​ផ្ទះ​បាន​៨​ទៅ​១០​ម៉ោង។

ការ​កែច្នៃ​ឡាន​ប្រើ​ពន្លឺ​ព្រះអាទិត្យ​ដែល​អាច​ចាត់​ទុក​ថា​ ជា​ការ​​រក​ឃើញ​លើក​ដំបូង​ចំពោះ​​វ័យ​កុមារ​ភាព​ជា​ជនជាតិ​ខ្មែរ​រូប​នេះ​ បាន​បញ្ជាក់​ប្រាប់​រស្មីកម្ពុជា​ឲ្យ​ដឹង​ទៀត​ថា​ ឡាន​នេះ​ក៏​មាន​បំពាក់​ឧបករណ៍​ត្រួតពិនិត្យ​ពន្លឺ​ថ្ងៃ​ ដែល​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា​ ភ្លើង​នោះ​ប្រើ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ និង​អំពូល​ភ្លើង​ណា​ដែល​ប្រើ​ថាមពល​ថ្ម​សាក​ធម្មតា។

កុមារា​វឌ្ឍនៈ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ពេល​យើង​លេង​គ្រប់​រយៈពេល​៣០​នាទី​ ហើយ​អស់​ថាមពល​យើង​គ្រាន់​តែ​ទុក​ឡាន​នេះ​នៅ​ហាល​ថ្ងៃ​តែ​រយៈពេល​ពី​១​ទៅ​៣​ ម៉ោង​ឡាន​តូច​បញ្ជា​នេះ​នឹង​បន្ត​លេង​បាន​៣០​នាទី​ទៀត​ដូច​ធម្មតា​​ ថែម​ទាំង​មាន​គុណភាព​​ថាមពល​បញ្ជា​ឡាន​ឲ្យ​រត់​បាន​លឿន​ និង​បត់បែន​ទៅ​មុខ​ថយក្រោយ​បាន​យ៉ាង​រហ័ស​ទាន់​ចិត្ត។

បើ​ទោះ​បី​កុមារា​វឌ្ឍនៈ​ បាន​សម្រេច​ជោគជ័យ​ដោយ​ការ​ចេះ​កែច្នៃ​ឡាន​ប្រើ​ពន្លឺ​ព្រះអាទិត្យ​កាល​ពី​ ដើម​ខែ​ធ្នូ​ ឆ្នាំ​២០០៨​ថ្មីៗ​នេះ​​ក្ដី​ ក៏​កុមារ​​រូប​នេះ​ឲ្យ​ដឹង​ថា​ មុន​ពេល​សម្រេច​ជោគជ័យ​ក៏​ក្មួយ​រូប​នេះ​​បាន​ព្យាយាម​ធ្វើ​ខុសៗ​ជា​ច្រើន​​ លើក​ច្រើន​សា​រួច​មក​ហើយ​ ទម្រាំ​សម្រេច​លទ្ធផល​ជាក់លាក់​ជា​ចុង​ក្រោយ។

ក្រោយ​ពេល​សម្រេច​បាន​ជោគជ័យ​នៃ​ការ​ចេះ​កែច្នៃ​ឡាន​ប្រើ​ពន្លឺ​ ព្រះអាទិត្យ​​នេះ​ហើយ​ កុមារា​វឌ្ឍនៈ​ក៏​មាន​គំនិត​ចង់​កែច្នៃ​ឡាន​តូច​បញ្ជា​ រួម​ទាំង​ការ​​ប្រើ​ពន្លឺ​ព្រះអាទិត្យ​នេះ​ផង​ ដើម្បី​លក់​លើ​ទី​ផ្សារ​តាម​តម្លៃ​សមស្រប។ ព្រោះ​ឡាន​ប្រើ​ថ្ម​បញ្ជា​ធម្មតា​មាន​តម្លៃ​១៥​ដុល្លារ​ ប៉ុន្តែ​​បើ​បន្ថែម​ការ​បំពាក់​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​មួយ​ទៀត​រួម​ នឹង​ឧបករណ៍​ខ្លះៗ​ផង​តម្លៃ​ឡាន​អាច​កើន​ឡើង​ពី​ជាង​៨០​ទៅ​៩០​ដុល្លារ។

បើ​ទោះ​បី​ការ​កែច្នៃ​ឡាន​តូច​ប្រើ​ពន្លឺ​ព្រះអាទិត្យ​មិន​ទាន់​បាន​ល្អ​ ទាំង​ស្រុង​ក៏​ដោយ​តែ​ក៏​បាន​បង្ហាញ​ថា​ គោល​គំនិត​​ចេះ​ច្នៃប្រឌិត​របស់​កុមារា​ រិទ្ធ​ វឌ្ឍនៈ​ ទៅ​លើ​បច្ចេកវិជ្ជា​​សម័យ​ទំនើប​គឺ​សមស្រប​​នឹង​ស្ថានភាព​បច្ចុប្បន្ន​ដែល​ ពិភពលោក​កំពុង​ព្រួយបារម្ភ​អំពី​កង្វះ​ថាមពល​ប្រេង​​ឥន្ធនៈ​មិន​ប៉ះពាល់​ បរិស្ថាន​ និង​មិន​បារម្ភ​ពី​ការ​កើន​កម្ដៅ​ផែនដី​នោះ​ឡើយ។

ក្មួយ​វឌ្ឍនៈ​ បាន​ឲ្យ​ដឹង​ពី​គោល​គំនិត​សម្រាប់​ពេល​អនាគត​ក្មួយ​ចង់​កែច្នៃ​ធ្វើ​ឡាន​ធំ​ ដែល​អាច​ជិះ​បាន​មនុស្ស​ពី​២​ទៅ​៤​នាក់។ ឡាន​ធំ​ពិតៗ​នោះ​ ដោយ​ប្រើ​ពន្លឺ​ព្រះអាទិត្យ​ រួម​ជា​មួយ​ការ​ប្រើ​អាគុយ​ និង​ប្រើ​ប្រេង​សាំង​តិច​តួច​ផង​ដែរ។ គោល​គំនិត​ប្រើ​ឡាន​របៀប​នេះ​ នឹង​ចំណេញ​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណេញ​ក្នុង​ការ​កាត់​បន្ថយ​ការ​​ចំណាយ ​សាំង​ និង​កាត់​បន្ថយ​ការ​បំពុល​​បរិស្ថាន។ ការ​ចាប់​ផ្ដើម​ដំបូង​ និង​កែច្នៃ​ទៅ​លើ​ឡាន​ Jeep ព្រោះ​រថយន្ត​នេះ​មាន​ដំបូល​ក្រណាត់​ដែល​អាច​ងាយស្រួល​បំពាក់​បន្ទះ​សូឡា​ ដូច​ឡាន​តូច​ប្រើ​ថ្ម​បញ្ជា​នេះ​ដែរ៕

By http://women.open.org.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s