រូប​អប្សរា​ស៊ិចស៊ី: ប្រតិកម្ម​អវិជ្ជមាន​របស់​អ្នក​វប្បធម៌

ភ្នំពេញ​៖ រដ្ឋមន្ត្រី​កិច្ចការ​នារី​ និង​អ្នក​​វប្បធម៌​កម្ពុជា​​បាន​ស្នើ​សុំ​ឲ្យ​ក្រុម​វិចិត្រករ​ខ្មែរ​រស់នៅ​ អាមេរិក​បញ្ឈប់​ការ​គូរ​រូប​អប្សរា​ស៊ិចស៊ី​ និង​ផ្លាស់​ប្ដូរ​ឥរិយាបថ​មិន​ប្រក្រតី​នោះ​ចេញ​បន្ទាប់​ពី​រូប​បែប​នោះ​ជា​ ច្រើន​កាយវិការ​ត្រូវ​បាន​គេ​ដាក់​បង្ហោះ​លក់​តាម​វេបសាយ​មួយ​ឈ្មោះ​ reahu.net រួច​មក។

បណ្ឌិត​ មីសែល​ ត្រាណេ​ អ្នក​ឯកទេស​ខាង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​​ដ៏​ល្បីល្បាញ​បាន​លើក​ឡើង​ ថា​ រូប​តាម​វេបសាយ​នោះ​ វា​បាន​ធ្វើ​ឲ្យ​​ឃ្លាត​ឆ្ងាយ​ពី​បរិបទ​ដើម​នៃ​វប្បធម៌​ខ្មែរ​​យើង​នា​សម័យ​ អង្គរ​មហា​រុងរឿង។ លោក​បាន​លើក​ហេតុ​ផល​មក​បញ្ជាក់​ថា​ ឥរិយាបថ​ប្រកប​ដោយ​ភាព​ស្រើបស្រាល​បែប​អឺរ៉ុប​ ជា​ចេតនា​​របស់​ក្រុម​វិចិត្រករ​ក្នុង​គោលបំណង​បំផុស​នូវ​​ពេស្យាចារ។ ពួក​ទេសចរ​ខ្លះ​តែង​មាន​ចំណង់​កាម​តណ្ហា​ ហើយ​នេះ​​មិនមែន​​ជា​រឿង​ថ្មី​ថ្មោង​ ឬ​អាថ៌កំបាំង​ឡើយ។

ជា​ការ​ពិត​ណាស់​ អ្វី​ដែល​លោក​បណ្ឌិត​ចង់​បាន​ គឺ​ទេសចរណ៍​វប្បធម៌​ល្អ​មិនមែន​ទេសចរណ៍​ផ្លូវ​ភេទ​កាម​គុណ​ទេ​ (រួម​ភេទ)។

លោក​ មីសែល​ ត្រាណេ​ បន្ត​ថា​ ឥរិយាបថ​ស្ត្រី​អប្សរា​តាម​វេបសាយ​ទាំង​នោះ​ជា​គំនូរ​ដែល​បាន​គូរ​ខុស​ប្លែក ​ពី​ចម្លាក់​នា​សម័យ​អង្គរ​ ព្រោះ​ថា​ ជា​ស្រី​អប្សរា​ចំ​តិតក្ដិត​ ឬ​ឱប​គ្នា​ “នេះ​ជា​អ្វី​មួយ​ដែល​វប្បធម៌​ខ្មែរ​យើង​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ ឬ​ក៏​ពុំ​ធ្លាប់​លើក​តម្កើង​នោះ​ឡើយ”។

នេះ​ជា​ឥទ្ធិពល​របស់​វប្បធម៌​អុជអាលកាមគុណ​ (Pornography) អ្វី​មួយ​ដែល​ជា​ការ​ឃ្លាត​ឆ្ងាយ​ពី​ទម្រង់​ ឬ​លក្ខណៈ​ដើម​របស់​ខ្មែរ។ វា​ជា​ការ​ពិត​ណាស់​ ថ្វី​ដៃ​វិចិត្រករ​ខ្មែរ​បុរាណ​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​មោទនៈ​ ហើយ​កម្រ​នឹង​ឈាន​ដល់។ ក៏​ប៉ុន្តែ​ផ្ទុយ​នឹង​តម្លៃ​វប្បធម៌​ជាតិ​ខ្មែរ​ ក្រុម​ខ្មែរ​​អាមេរិក​គូរ​រូប​តាម​​វេបសាយ​មិន​លើក​តម្លៃ​ស្ត្រី​ខ្មែរ​​ឲ្យ ​ខ្ពស់​ផុត​លេខ​ដូច​សម័យ​អង្គរ​ឡើយ។

បុរាណវិទ្យា​យើង​បាន​ធ្វើ​ការ​​អំពាវនាវ​សុំ​ឲ្យ​វិចិត្រករ​ដ៏​ចំណាន​ ទាំងនោះ​ គ្រាន់​តែ​កែច្នៃ​ ឬ​ផ្លាស់ប្ដូរ​កាយវិការ​ឥរិយាបថ​ ដែល​មិន​ប្រក្រតី​ទាំងនោះ​ចេញ​ដែល​វា​ផ្ទុយ​ពី​ទស្សនវិជ្ជា​របស់​ខ្មែរ។ បើ​សិន​ជា​ក្រុម​សិល្បករ​ទាំងនោះ​មាន​សុច្ឆន្ទៈ​ និង​សុភវិនិច្ឆ័យ​ គឺ​ធ្វើ​តែ​អ្វី​ដែល​ល្អ​ ហើយ​ត្រូវ​វិញ​ ទើប​វា​ប្រសើរ​ជាង។

លោក​ មីសែល​ ត្រាណេ​ សុំ​ឲ្យ​អ្នក​វិចិត្រករ​ទាំង​បី​នាក់​នោះ​មេត្តា​រក្សា​នូវ​ព្រលឹង​ជាតិ​ដែល ​ខ្លួន​មាន​ឈាម​ជ័រ​ជា​ខ្មែរ​ផង​ ដោយ​ហេតុ​ថា​ ចង់​ ឬ​មិន​ចង់​ទង់​នៃ​ព្រលឹង​ជាតិ​ គឺ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គេ​ទៅ​ហើយ។

ដោយ​ឡែក​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ លោក​ស្រី​ អ៊ឹង​ កន្ថាផាវី​ បាន​សម្ដែង​​ការ​ព្រួយបារម្ភ​ចំពោះ​វេបសាយ​នោះ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ តម្លៃ​ស្ត្រី​ និង​​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ដ៏​ល្អ​ផូរផង់។

លោកស្រី​ កំពុង​ព្យាយាម​ទាក់ទង​ទៅ​នឹង​ក្រុម​វិចិត្រករ​គូរ​រូប​អប្សរា​ទាំងនោះ​ ដើម្បី​សុំ​ឲ្យ​មាន​ការ​ស្រាយ​បំភ្លឺ​ច្បាស់លាស់​អំពី​គោលបំណង​ថា​ តើ​ពួក​គេ​ចង់​ធ្វើ​អ្វី?

លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ឯកភាព​ការ​មិន​គាំទ្រ​របស់​លោក​ស្រី​ អ៊ឹង​ កន្ថាផាវី​ ប៉ុន្តែ​លោក​គិត​ថា​ វា​មិនមែន​ជា​រឿង​នយោបាយ​អ្វី​ទេ។

ចំណែក​ឯ​លោក​ ជុច​ ភឿន​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថា​ វេបសាយ​នោះ​វា​មិន​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ទេ។ យើង​ធ្វើ​អ្វី​មិន​កើត! ប៉ុន្ដែ​​បើ​ពួក​គេ​នៅ​ក្នុង​ស្រុក​ខ្មែរ​​យើង​អាច​ហៅ​មក​សួរ​នាំ។ លោក​ក៏​បាន​គិត​ថា​​ វា​អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​ប្រពៃណី​ ទំនៀមទម្លាប់​ខ្មែរ​ដែរ​ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េច។

លោក​ រាហ៊ូ​ សមាជិក​ម្នាក់​នៃ​ក្រុម​វិចិត្រករ​កុំព្យូទ័រ​ របស់​វេបសាយ​ reahu.net ដែល​មក​លេង​ទី​ក្រុង​ភ្នំពេញ​ថ្មីៗ​នេះ​បាន​និយាយ​ថា​ ក្រុម​វិចិត្រករ​​កុំព្យូទ័រ​នៃ​វេបសាយ​ reahu មាន​គ្នា​៣​នាក់​ ដែល​សុទ្ធ​តែ​ធ្លាប់​បាន​រៀនសូត្រ​ជំនាញ​វិចិត្រករ​​នៅ​អាមេរិក​ លុះ​ពេល​ទំនេរ​អផ្សុក​ក៏​នាំ​គ្នា​ច្នៃប្រឌិត​គូរ​រូប​អប្សរា​បំប្លែង​ឲ្យ​ មាន​មុខមាត់​ថ្មី​តាម​ការ​ស្រមើស្រមៃ​របស់​ខ្លួន​ ហើយ​ជា​រូប​ស៊ិចស៊ី​មើល​ទៅ​ស្រើបស្រាល។

រូប​គំនូរ​​អប្សរា​ដែល​ក្រុម​ខ្មែរ​នៅ​អាមេរិក​បាន​គូរ​ដាក់​លក់​កន្លង​ មក​មាន​ដូចជា​រូប​តួ​អប្សរា​ពីរ​នាក់​អង្គុយ​លែង​​ខ្លួន​មួយ​កំណាត់​លើ​ តួ​អប្សរា​រាំ​បង្ហាញ​ឃើញ​សុដន់​បាំង​ដោយ​ស្បៃ​កន្សែង​បន្តិច​ តួ​អប្សរា​លែង​ខ្លួន​ក្រាប​លើ​ផ្ទាំង​​សិលា​មុខ​ផ្ទាំង​ចម្លាក់​អប្សរា​ពិតៗ ​ និង​មាន​គូរ​រូប​នារី​ខ្មែរ​ក្រហម​ ប៉ុលពត​ម្នាក់​ស្ពាយ​កាំភ្លើង​អាកាពាក់​មួកកន្ដិប​ឈរ​ក្បែរ​ដើម​ត្នោត​ បង់កក្រមា​លែង​ទ្រូង​ទទេ​គួរ​ឲ្យ​ស្រៀវស្រើប៕

https://i0.wp.com/ikhmer.info/wp-content/uploads/2008/12/apsareahu.jpg

By http://women.open.org.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s