ពិធី​ខួប​កំណើត​ខ្មែរ ដែល​ស្ទើរ​តែ​ត្រូវ​បំភ្លេច​ចោល

ពិធី​អុជ​ទាន​ពេល​ប្រារព្ធ​ខួប​កំណើត​តាម​បែប​ប្រពៃណី​ខ្មែរ​បុរាណបច្ចុប្បន្ន ​នេះ មាន​មនុស្ស​ជា​ច្រើន បាន​នាំ​គ្នា​ប្រារព្ធ​ខួប​កំណើត តាម​បែប​លោក​ខាង​លិច ដែល​គេ​និយម​ហៅ​ថា Birth Day ប៉ុន្តែ ពួក​គេ​ប្រហែល​ជា​ភ្លេច​ហើយ​ថា ពិធី​ខួប​កំណើត​បែប​ខ្មែរ​ក៏​មាន​ដែរ ។ តាម​ក្បួន​ខ្នាត​ដែល​មាន​សេស​សល់​ពី​បុរាណ និង​កំពុង​អនុវត្ត​នៅ​ក្នុង​សង្គម​ខ្មែរ​សព្វ​ថ្ងៃ ពិធី​ខួប​កំណើត​ខ្មែរ​នេះ​គេ​ធ្វើ​ឡើង​ដោយ​មិន​ប្រកាន់​ក្មេង ចាស់ ប្រុស ស្រី ព្រះសង្ឃ និង​ព្រះរាជា​នោះ​ទេ គឺ​គ្រាន់​តែ​ការ​ហៅ​ខុស​គ្នា និង​ពេល​វេលា​នៃ​ការ​ប្រារព្ធ​ធ្វើ​តែ​ប៉ុណ្ណោះ ។ សម្រាប់​ព្រះ​មហាក្សត្រ និង​ព្រះសង្ឃ​គេ​ហៅ​ថា ពិធី​ចម្រើន​ព្រះជន្ម តែ​សម្រាប់​មនុស្ស​សាមញ្ញ​វិញ​គេ​ហៅ​ថា ចម្រើន​អាយុ ឬ​ខួប​កំណើត ។

ការ​ធ្វើ​បុណ្យ​ខួប​កំណើត​បែប​ប្រពៃណី​ខ្មែរ ដែល​ស្ទើរ​តែ​បាត់​បង់​ទាំង​ស្រុង​ទៅ​ហើយ​នោះ ត្រូវ​បាន​គេ​បង្ហាញ​តាម​កញ្ចក់​ទូរទស្សន៍​ជា​រឿយ​ៗ ឡើង​វិញ ។ ក្រៅ​ពី​នោះ ពិធី​នេះ ត្រូវ​បាន​គេ​ប្រារព្ធ​តែ​ចំពោះ​ព្រះ​មហាក្សត្រ ញាតិ​វង្សានុវង្ស មន្ត្រី​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ និង​បណ្ដា​ជន​ដែល​មាន​ធនធាន​សម្បូរ​ហូរហៀរ ។

កាល​ពី​សម័យ​បុរាណ ពិធី​នេះ​គេ​ច្រើន​ប្រារព្ធ​ធ្វើ​រវាង​១២​ឆ្នាំ​ម្ដង គឺ​កំណត់​យក​តាម​ថ្ងៃ​ខែ​ឆ្នាំ របស់​ម្ចាស់​ពិធី តាម​ប្រតិទិន​ចន្ទគតិ (ប្រតិទិន​ពុទ្ធសាសនា) តែ​ដល់​សម័យ​ក្រោយ​មក គេ​ក៏​ឃើញ​មាន​ការ​ផ្លាស់​ប្ដូរ​ពី​ធ្វើ​រវាង​១២​ឆ្នាំ​ម្ដង មក​ប្រារព្ធ​ធ្វើ​មួយ​ឆ្នាំ​ម្ដង​វិញ​ទៅ​តាម ធនធាន ។ ជាក់​ស្ដែង​សព្វថ្ងៃ​នេះ ពិធី​ខួប​កំណើត​ច្រើន​តែ​រៀបចំ​សម្រាប់​ព្រះមហាក្សត្រ មន្ត្រី​រដ្ឋាភិបាល​ធំ​ៗ និង​អ្នក​មាន​ធនធាន​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ។

អត្ថន័យ​នៃ​ពិធី​ខួប​កំណើត​ខ្មែរ

ពិធី​ខួប​កំណើត​បែប​ប្រពៃណី​ខ្មែរ​មាន​បង្កប់​អត្ថន័យ​អប់រំ ដាស់​តឿន​មនុស្ស​តាម​បែប​ទស្សនវិជ្ជា​ខ្មែរ ព្រោះ​នៅ​ក្នុង​ពិធី​នីមួយ​ៗ សុទ្ធ​តែ​បង្កប់​នូវ​អត្ថន័យ​អប់រំ​មនុស្ស​ឲ្យ​ដើរ​ទៅ​រក​ផ្លូវ​ល្អ មិន​មែន​ចេះ​តែ​ប្រឌិត​ធ្វើ​ដោយ​គ្មាន​គោល​បំណង​ពិត​នោះ​ទេ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ ជា គាន អគ្គលេខាធិការ​រង​គណៈកម្មការ​បុណ្យ​ជាតិ និង​អន្តរជាតិ ។

លោក​បន្ត​ថា តាំង​ពី​សម័យ​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ប្រជាជន​ខ្មែរ​បាន​ភ្ជាប់​ខ្លួន​ជានិច្ច​ទៅ​នឹង​រូបភាព អច្ឆរិយ ផ្សេង​ៗ​ដូច​ជា​៖ ដង​ទន្លេ​មេគង្គ ទួល ឬ​អង្គ ភ្នំ សត្វ​ដំរី ជំនឿ​លើ​ទេវតា អារក្ស​អ្នកតា ប្រាង្គ​ប្រាសាទ​នានា និង​សាសនា​ជាដើម ។

ជំនឿ​ទាំង​អស់​នេះ​ជា​ធាតុ​សំខាន់​មួយ​នៅ​ក្នុង​ខឿន​វប្បធម៌​ខ្មែរ ដែល​គេ​ពុំ​អាច​កាត់​ផ្ដាច់​ចេញ​បាន​ឡើយ ។ លោក​ជា គាន បញ្ជាក់​ថា “ពិធី​ខួប​កំណើត​បែប​ប្រពៃណី​ខ្មែរ​កើត​ចេញ​ពី​ជំនឿ​សាសនា​សុទ្ធសាធ ហើយ​ពិធី​នេះ នឹង​ព្យាបាល​ចិត្ត​គំនិត​របស់​ម្ចាស់​ពិធី និង​អ្នក​ចូលរួម​ពិធី​ឲ្យ​យល់​ពី​តម្លៃ​នៃ​ជីវិត​ដែល​បាន​ចាប់​បដិសន្ធិ​មក​ ហើយ​ត្រូវ​ខិតខំ​ធ្វើ​អំពើ​ល្អ ចេះ​យោគយល់​អាណិត​អាសូរ​និង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក” ។

បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក ជា គាន បច្ចុប្បន្ន​ប្រជាជន​ខ្មែរ​មួយ​ចំនួន​នៅ​តាម​បណ្ដា​ខេត្ត​នានា​នៅ​តែ​ធ្វើ​ ពិធី​នេះ​នៅ​ឡើយ ប៉ុន្តែ​មាន​អ្នក​ខ្លះ​ធ្វើ​ចំ​ថ្ងៃ​កំណើត អ្នក​ខ្លះ​ក៏​រើស​យក​ថ្ងៃ​ផ្សេង​ដែល​គេ​យល់​ថា ល្អ​តាម​ក្បួនតម្រា​ផ្សេង​ៗ និង​ជា​ពិសេស​គេ​ច្រើន​ឃើញ​មាន​ធ្វើ​នៅ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ជា​ថ្ងៃ​ដែល​ប្រជាជន​ខ្មែរ​យល់​ថា មាន​ជ័យ​មង្គល​បំផុត​លើស​អស់​ថ្ងៃ​ទាំង​ពួង​នៅ​ក្នុង​ឆ្នាំ​នីមួយ​ៗ ។

ដំណើរ​ការ​នៃ​ការ​ប្រារព្ធ​ពិធី

លោក​ស្រី ស៊ុន សុវណ្ណនី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​សៀមរាប​បាន​និយាយ​ថា ពិធី​ខួប​កំណើត​បែប​ប្រពៃណី​ខ្មែរ​បាន​ចាប់​ផ្ដើម​ពិធី​ទី​មួយ​របស់​ខ្លួន​ ដោយ​ការ​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​រំដោះ​គ្រោះ​ចង្រៃ​ទាំង​ឡាយ​ឲ្យ​ចៀស ​ចេញ​ឆ្ងាយ និង​នាំ​ចូល​មក​វិញ​នូវ​សិរីសួស្ដី ជ័យ​មង្គល និង​លាភ​សំណាង​ទាំង​ពួង ។

បន្ទាប់​មក​ទៀត គឺ​ពិធី​សំពះ​ម្ដាយ​ដើម​ដែល​សាមី​ពិធី​ត្រូវ​សំពះ​នៅ​ចំពោះ​មុខ​ទៀន​មួយ​គូ ហើយ​នៅ​ក្នុង​ទៀន​នីមួយ​ៗ​មាន​សរសៃ​អំបោះ​ចំនួន​១២​សរសៃ តំណាង​ឲ្យ​គុណ​ម្ដាយ​ទាំង​១២ ។ រីឯ​ពិធី​ទី​បី​វិញ គឺជា​ពិធី​បង្វិល​ពពិល ការ​បង្វិល​ពពិល​មាន​ច្រើន​បែប​ដូច​ជា​៖ បង្វិល​៣​ជុំ មាន​ន័យ​ថា មនុស្ស​យើង​មុន​នឹង​ចូល​មក​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​មាតា​ត្រូវ​ដើរ​ក្រឡឹង ​ចំនួន​៣​ជុំ​សិន ។ ចំណែក​ឯ​បង្វិល​៥​ជុំ គឺ​តំណាង​ឲ្យ​គុណ​ព្រះ​ពុទ្ធ​ទាំង​៥​អង្គ (ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គុណ​មាតា និង​បិតា) ។ លោក​ស្រី​បញ្ជាក់​ថា “ក្នុង​ការ​បង្វិល​ពពិល​នោះ គេ​មិន​អនុញ្ញាត​ឲ្យ​បុរស​ចូល​រួម​បង្វិល​ទេ គឺ​មាន​តែ​ស្ត្រី​ប៉ុណ្ណោះ ដែល​អាច​ចូល​អង្គុយ​បង្វិល​បាន” ។

ពិធី​ទី​៤​គឺ​ពិធី​ចង​ដៃ ឬ​ចង​ព្រលឹង គឺ​គេ​យក​អំបោះ​មក​ចង​ដៃ ដែល​ក្នុង​អំបោះ​មួយ​ខ្សែ​មាន​សរសៃ​អំបោះ​ចំនួន​១២​វេញ​បញ្ចូល​គ្នា​តំណាង​ ឲ្យ​គុណ​ម្ដាយ​ទាំង​១២ ហើយ​នៅ​ចុង​បញ្ចប់​គឺ​ពិធី​ស្រោច​ទឹក​កម្ចាត់​គ្រោះ​កាច​ចង្រៃ ។

លោក​ស្រី​ ស៊ុន សុវណ្ណនី បញ្ជាក់​ថា “មាន​ពិធី​ខួប​កំណើត​ខ្មែរ​ខ្លះ​បាន​ប្រព្រឹត្ត​ធ្វើ​ដល់​ទៅ​៦​ពិធី គឺ​មាន​ពិធី​សែន​ក្រុង​ពាលី​មួយ​ទៀត​ប៉ុន្តែ​នេះ​ជា​ពិធី​ធំ​មួយ​ដែល​ត្រូវ​ ​ចំណាយ​ច្រើន​ទាំង​ពេលវេលា និង​ធន​ធាន​ដែល​ជា​ទូទៅ​មាន​តែ​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ និង​ព្រះសង្ឃ​ជា​ដើម​ដែល​ត្រូវ​ធ្វើ” ។

ពិធី​ខួប​កំណើត ឬ​ចម្រើន​ព្រះជន្ម​អាច​និយាយ​បាន​ថា ក៏​មាន​ប្រើ​ពាក្យ​រួម​មួយ​ទៀត​ដែរ គឺ​ពិធី​អាយុ​វឌ្ឍនៈ​មង្គល ដែល​ជា​ទូទៅ​គេ​ធ្វើ​រៀងរាល់​១២​ឆ្នាំ​ម្ដង គឺ​នៅ​អាយុ​១២​ឆ្នាំ អាយុ​២៤​ឆ្នាំ​និង អាយុ​៣៦​ឆ្នាំ ។​នៅ​ពេល​ធ្វើ​ពិធី​អ្នក​ចូល​រួម​ត្រូវ​ជា​ភ្ញៀវ​កិត្តិយស​ក្ដី ជា​សាច់​ញាតិ​ក្ដី ត្រូវ​ប្រសិទ្ធិ​ពរជ័យ សេរី​មង្គល និង​ស្រោច​ទឹក លាង​ជម្រះ​សេចក្ដី មន្ទិល​សៅហ្មង​ទាំង​ឡាយ ដែល​កើត​មាន​នៅ​ឆ្នាំ​ចាស់​កន្លង​មក ។

លោក មៀច ប៉ុណ្ណ សមាជិក​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ បាន​និយាយ​ថា តាម​ការ​សិក្សា​ស្រាវ​ជ្រាវ ពិធី​ខួប​កំណើត​អាច​កើត​ឡើង​ប្រហាក់​ប្រហែល​គ្នា​ជាមួយ​ពិធី​កោរជុក ក្នុង​សម័យ​ប្រទេស​កម្ពុជា​កាន់​ព្រហ្មញ្ញ​សាសនា​ព្រោះ​របៀប​រៀបចំ​ក្នុង​ ពិធី​ទាំង​មូល​ស្ទើរ​តែ​ដូច​គ្នា​ទាំង​ស្រុង ។

មាន​ពិធី​ប្រពៃណី​ខ្មែរ​ផ្សេង​ៗ​ជា​ច្រើន​រួម​ទាំង​ពិធី​ខួប​កំណើត​ខ្មែរ​ នេះ​ផង បាន​បាត់​បង់ និង​ស្ទើរ​តែ​គ្មាន​អ្នក​ចង​ចាំ និង​ប្រតិបត្តិ​ឡើយ ។ លោក មៀច ប៉ុណ្ណ និយាយ​ថា “នេះ​គឺ​ដោយ​សារ​តែ​រយៈ​ពេល​នៃ​ការ​ប្រារព្ធ​ធ្វើ​ម្ដង​ៗ​យូរ​ពេក​គឺ​រហូត​ ដល់​១២​ឆ្នាំ​ធ្វើ​ម្ដង ទើប​ធ្វើ​ឲ្យ​ពិធី​នេះ​ត្រូវ​បាន​គេ​ភ្លេច​អស់ ហើយ​បែរ​ជាំ​នាំ​គ្នា​មក​ធ្វើ​តាម​បែប​បស្ចិមប្រទេស ដូច​សព្វ​ថ្ងៃ​វិញ” ។

ម្ដាយ​ដើម​របស់​មនុស្ស

តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​ម្ដាយ​ដើម​មាន​៩​គឺ​៖

  • ម្ដាយ​ទី​១​៖ ជា​អ្នក​បង្កើត​អាត្ម័ន​សង្ខារ ។
  • ម្ដាយ​ទី​២​៖ ជា​អ្នក​ថែរក្សា ។
  • ម្ដាយ​ទី​៣​៖ ជា​អ្នក​ជូន​ផ្លូវ​ឲ្យ​មក​ចាប់​បដិសន្ធិ​នា​ឋាន​កណ្ដាល ។
  • ម្ដាយ​ទី​៤​៖ ជា​អ្នក​សង់​ផ្ទះ​ឲ្យ​នៅ ឬ​រក​ផ្ទៃ​ឲ្យ​កំណើត ។
  • ម្ដាយ​ទី​៥​៖ ជា​អ្នក​បង្កើត បំពេញ​ឲ្យ​មើល​ឃើញ ដឹង​ឮ​នូវ​អ្វី​ៗ​ទាំង​ឡាយ ។
  • ម្ដាយ​ទី​៦​៖ គឺ​ម្ដាយ​ដែល​បាន​បង្កើត និង​ចិញ្ចឹម​ថែរក្សា​សព្វ​ថ្ងៃ​នេះ ។
  • ចំណែក​ម្ដាយ​៣​ទៀត​ក្នុង​សាស្ត្រា​លោក​ថា ពុំ​គួរ​ឲ្យ​សម្ដែង​ឡើយ បាន​ន័យ​ថា ម្ដាយ​៣​ទៀត​នេះ​គឺ​ជា​អ្នក​ទទួល​ជីវិត​ឲ្យ​ត្រលប់​ទៅ​វិញ ៕

http://women.open.org.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s