ភ្ជុំ​បិណ្ឌ​ជា​ពិធី​បុណ្យ​ប្រជុំ​វេន​បង្ហើយ​ឧទ្ទិស​កុសល​ជូន​ដំណើរ​ដូន​តា​ត្រលប់​ទៅ​លំនៅឋាន

ពុទ្ធ​បរិស័​ទ​កំពុង​ចូល​បច្ច័យក្នុង​ពិធី​ពូន​ភ្នំ​ខ្សាច់​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌនៅ ​តាម​វត្ត​អារាម​នានា​ទូទាំង​ប្រទេស គេ​សង្កេត​ឃើញ​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​មាន​ទឹក​មុខ​ស្រស់​ស្រាយ ហើយ​បាន​ស្រុះ​ស្រួល​គ្នា​បរិច្ចាគ​នូវ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ ដើម្បី​ដាក់​បិណ្ឌ​តាម​វេន ។ ពិធី​បុណ្យ​ដាក់​បិណ្ឌ​នេះ​បាន​ប្រារព្ធ​ធ្វើ​តាំង​ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៤​រោច ខែ​ភទ្របទ ចំណែក​ឯ​ថ្ងៃ​១៥​រោច គឺ​ជា​ថ្ងៃ​ភ្ជុំ​បិណ្ឌ ដែល​ពុទ្ធ​បរិស័ទ​គ្រប់​វេន​ត្រូវ​ទៅ​ជួប​ជុំ​គ្នា​ធ្វើ​បុណ្យ​បង្ហើយ​នៅ​ តាម​វត្ត​អារាម ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​ព្រលឹង​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន ។ ជា​ពិសេស​មាន​រៀបចំ​ពិធី​ផ្សេង​ៗ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ព្រះ​ពុទ្ធ​ សាសនា និង​ជូន​ដំណើរ​ព្រលឹង​ពួក​គាត់​ឲ្យ​ត្រឡប់​ទៅ​វិញ​បន្ទាប់​ពី​បាន​មក​ទទួល​ កុសល​ផល​បុណ្យ​ក្នុង​ពិធី​កាន់​បិណ្ឌ​មួយ​រយៈ​រួច​មក ។

“​បុណ្យ​ភ្ជុំ​បិណ្ឌ​” គឺ​ជា​ឈ្មោះ​បុណ្យ​ទាំង​មូល​ដែល​គេ​ចែក​ជា​ពីរ​គឺ “​បុណ្យ​ដាក់​បិណ្ឌ​” មាន​រយៈ​ពេល​១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​១​រោច​ដល់​១៤​រោច ខែ​ភទ្របទ ចំណែក​ឯ​ថ្ងៃ​១៥​រោច​ខែ​ដដែល​មាន​រយៈ​ពេល​មួយ​ថ្ងៃ​គេ​ហៅ​ថា “​ភ្ជុំ​បិណ្ឌ​” ។ ដូច​នេះ ឈ្មោះ​ទាំង​ពីរ​សរុប​ចូល​គ្នា​គេ​ហៅ​ថា “​បុណ្យ​ភ្ជុំ​បិណ្ឌ​” ។ ថ្ងៃ​១៥​រោច​នេះ ពុទ្ធ​បរិស័ទ​ធ្វើ​បុណ្យ​រួម​គ្នា​បង្ហើយ​ពិធី​កាន់​បិណ្ឌ ដើម្បី​ឧទ្ទិស​កុសល​ជូន​ចំពោះ​ព្រលឹង​បុព្វ​ការី​ជន​ដែល​ស្លាប់​ហើយ​ទៅ​កើត​ ទី​ថោក​ទាប​ឲ្យ​មក​ទទួល​ផល​បុណ្យ​រួច​ផុត​ពី​ទុក្ខ​ទោស ។ បន្ទាប់​ពី ចប់​កម្មវិធី​នៅ​ឯ​វត្ត កូន​ចៅ​ប្រុស​ស្រី​បាន​ត្រលប់​មក​ផ្ទះ​សម្បែង​វិញ មាន​រៀបចំ​សែន​ព្រេន​ជូន​ដំណើរ​ដូន​តា​ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​មាន​ដាក់​នូវ​របស់​របរ​សម្រាប់​ដូន​តា​ទទួល​ទាន​តាម​ផ្លូវ​ទៀត​ផង ។

បុព្វ​ហេតុ​នៃ​ការ​រៀបចំ​ពិធី​បុណ្យ

តាម​ការ​សង្កេត​របស់​អ្នក​ស្រុក នៅ​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ជោក​ជាំ​ស្ទើរ​រាល់​ថ្ងៃ ធ្វើ​ឲ្យ​ព្រះ​សង្ឃ​ពិបាក​ក្នុង​ការ​និមន្ត​បិណ្ឌ​បាត្រ​យ៉ាង​ខ្លាំង​និង​ មាន​ពេល​ខ្លះ​ព្រះ​សង្ឃ​ជួប​បញ្ហា​ខ្វះ​ខាត​ចង្ហាន់​ថែម​ទៀត ។ ឃើញ​ដូច្នេះ​ហើយ​ពុទ្ធ​បរិស័ទ​យើង​បាន​ស្រុះ​ស្រួល​គ្នា​រៀបចំ​កាន់​វេន​នៅ​ តាម​វត្ត​អារាម​នានា ដើម្បី​ទំនុក​បម្រុង​ដល់​ព្រះ​សង្ឃ​ចាប់​តាំង​ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៤​រោច ខែ​ភទ្របទ តាំង​ពី​សម័យ​បុរាណ​មក​ម្ល៉េះ ។ ក្នុង​ពិធី​នោះ​ដែរ ក៏​មាន​សូត្រ​មន្ត ព្រះ​សង្ឃ​ទេសនា​មហា​ជាតក​រហូត​យប់​ជ្រៅ​ឲ្យ​ពុទ្ធ​បរិស័ទ​ស្ដាប់ ហើយ​នៅ​ពេល​ជិត​ភ្លឺ​មនុស្ស​ម្នា​គ្រប់​វ័យ​បាន​នាំ​គ្នា​ទៅ​បោះ​បាយ​បិណ្ឌ​ ៣​ជុំ​ព្រះ​វិហារ ឧទ្ទិស​កុសល​ដល់​បុព្វ​ការី​ជន និង​សាច់​ញាតិ​ដែល​បាន​ចែក​ឋាន​ឲ្យ​មក​ទទួល​ទាន​រួច​ផុត​ពី​ទុក​ទោស ។ តាំង​ពី​បុរាណ​រហូត​មក​ចាស់​ៗ​ជឿ​ថា​ក្នុង​ឱកាស​នេះ ស្ដេច​យមរាជ​ដោះ​លែង​ព្រលឹង​ដូន​តា​របស់​ខ្លួន ដែល​បាន​ស្លាប់​ទៅ​កើត​ជា​ប្រេត​ឲ្យ​ត្រឡប់​មក​ភូមិ​ស្រុក​វិញ ហើយ​ដើរ​រក​កូន​ចៅ​គ្រប់​៧​វត្ត ដើម្បី​រក​អាហារ​ទទួល​ទាន ។ នៅ​ពេល​នោះ បើ​ពួក​គាត់​រក​កូន​ចៅ​មិន​ឃើញ​ទេ​នឹង​ដាក់​បណ្ដាសា​ដល់​កូន​ចៅ​ឲ្យ​វិនាស​ ហិន​ហោច​ទ្រព្យ​សម្បត្តិ ឬ​ជួប​នឹង​គ្រោះ​កំណាច​ផ្សេង​ៗ ។ ដោយ​មាន​ជំនឿន​បែប​នេះ​ហើយ ទើប​ពុទ្ធ​បរិស័ទ​គ្រប់​រូប​ឲ្យ​តែ​ដល់​ពេល​រដូវ​ភ្ជុំ​បិណ្ឌ ទោះ​បី​ជា​គ្មាន​លុយ​កាក់​ឬ​រវល់​នឹង​ការងារ​យ៉ាង​ណា​ក្ដី ក៏​ទៅ​ធ្វើ​បុណ្យ​នៅ​ទី​អារាម ឬ​នៅ​ស្រុក​កំណើត​ដែរ ។

ទិដ្ឋភាព​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ

នៅ​ថ្ងៃ​នោះ មាន​ភាព​ខុស​ប្លែក​ពី​ថ្ងៃ​ធម្មតា​ត្រង់​ថា មាន​ពុទ្ធ​បរិស័ទ​មក​កាន់​វត្ត​អារាម​យ៉ាង​ច្រើន​តាំង​ពី​ព្រលឹម ដោយ​ម្នាក់​ៗ​កាន់​មក​ជាមួយ​នូវ​ម្ហូប​អាហារ នំ​ចំណី ភេសជ្ជៈ ដែល​ជី​ដូន​ជី​តា​ចូល​ចិត្ត​កាល​នៅ​រស់ ជា​ពិសេស​ពួក​គាត់​ច្រើន​នាំ​គ្នា​ទៅ​បុណ្យ​ឯ​ស្រុក​កំណើត​របស់​ខ្លួន​ក្នុង ​ទឹក​មុខ​ញញឹម​ញញែម ។ ក្នុង​ឱកាស​ក៏​អធិក​អធម​នេះ លោក​សេង សោម អាចារ្យ​វត្ត​សិរី​បទុម​មង្គល “​វត្ត​ឃ្មួញ​” បាន​រៀប​រាប់​ថា ដោយ​ពុទ្ធ​បរិស័ទ​មាន​ច្រើន​ពេក​នៅ​ព្រឹក បន្ទាប់​ពី​បោះ​បាយ​បិណ្ឌ និង​ព្រះ​សង្ឃ​ឆាន់​ព្រឹក​រួម គណៈ​កម្មការ​វត្ត​បាន​រៀបចំ​រាប់​បាត​វេលា​ម៉ោង​៩​នូវ​ម្ហូប​អាហារ នំ​ចំណី​ដែល​ពុទ្ធ​បរិស័ទ​យក​មក ហើយ​ព្រះ​សង្ឃ​ក៏​សូត្រ​ជយ​ត្តោ ។ បន្ទាប់​មក​ទៀត មាន​រៀបចំ​ពិធី​ពូន​ភ្នំ​ខ្សាច់​ដែល​មាន​ភ្នំ​៧ តំណាង​ឲ្យ​ថ្ងៃ​កំណើត​ទាំង​៧​របស់​យើង​ ចំណែក​ភ្នំ​ទាំង​១២​ទៀត តំណាង​ឲ្យ​ខែ និង​ឆ្នាំ​ទាំង​១២ ហើយ​នៅ​វត្ត​ខ្លះ​ទៀត​មាន​ពូន​ភ្នំ​១២​តំណាង​ឲ្យ​គុណ​របស់​មាតា និង​ភ្នំ​២១​តំណាង​គុណ​របស់​ឪពុក ។ លោក​អាចារ្យ​បាន​បន្ត​ថា លុះ​ដល់​វេលា​ម៉ោង​១០​ព្រឹក ចាប់​ផ្ដើម​សមាទាន​សីល​វេ​ប្រគេន​ចង្ហាន់​បង្សុកូល​ឧទ្ទិស​កុសល​ចំពោះ​ ព្រលឹង​បុព្វ​ការី​ជន ញាតិ​ការ​ទាំង​ប្រាំ​សន្ដាន​ដែល​ស្លាប់​ទៅ​កើត​ទី​ថោក​ទាប ។ បន្ទាប់​ពី​ចប់​កិច្ច​នេះ​ហើយ​ពុទ្ធ​បរិស័ទ​ខ្លះ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ្លះ​ក៏​និមន្ត​ព្រះ​សង្ឃ​បង្សុកូល​ឲ្យ​ជីដូន​ជីតា​របស់​ខ្លួន​នៅ​តាម​ចេតិយ ឬ​នៅ​ឯ​គេហដ្ឋាន លុះ​ដល់​វេលា​ម៉ោង​២​រសៀល ព្រះ​សង្ឃ​សម្ដែង​ធម៌​ទេសនា ហើយ​នៅ​ពេល​យប់​តាម​វត្ត​មួយ​ចំនួន​មាន​សម្ដែង​សិល្បៈ ល្បែង​កម្សាន្ត រាំ​វង់​កំដរ​វត្ត​រហូត​ទល់​ភ្លឺ ។

ពិធី​ជួប​ជុំ​សែន​ដូន​តា

ទោះ​បី​កម្មវិធី​នៅ​វត្ត​ត្រូវ​បាន​បញ្ចប់​ហើយ​ក្ដី ប៉ុន្តែ​នៅ​តាម​ផ្ទះ​អ្នក​ស្រុក​មួយ​ភាគ​ធំ​មាន​រៀបចំ​យ៉ាង​ស្អាត​បាត ដោយ​មាន​ក្រាល​កន្ទេល​ថ្មី ដាក់​ម្ហូប​អាហារ នំ​ចំណី ផ្លែ​ឈើ ភេសជ្ជៈ ស្រា បារី ម្លូ​ស្លា ផ្កា​ភ្ញី ផ្តិល​ទឹក ទុក​សម្រាប់​សែន​ព្រេន ។ ប្រពៃណី​នេះ​ត្រូវ​បាន​លោក​អាចារ្យ​វត្ត​សិរី​បទុម​មង្គល យីន យឿន ពន្យល់​ថា​នៅ​វេលា​ម៉ោង​៥​ល្ងាច​កូន​ចៅ​ប្រុស​ស្រី​បាន​មក​ជួប​ជុំ​គ្នា​សែន ​ព្រេន ដោយ​ចាស់​ទុំ​នាំ​កូន​ចៅ​អុជ​ធូប​ទៀន​និយាយ​បួង​សួង​ឲ្យ​ព្រលឹង​ដូន​តា​ដែល​ យមបាល​បាន​ដោះ​ក្នុង​រយៈ​ពេល​មួយ​ខែ ឲ្យ​មក​ទទួល​កុសល​ជា​លើក​ចុង​ក្រោយ ។ នៅ​យប់​នោះ​កូន​ចៅ​ទាំង​អស់​ក៏​នាំ​គ្នា​ហូប​ចុក​យ៉ាង​សប្បាយ​រីករាយ​ដោយ​ ម្នាក់​ៗ​គិត​ថា ជីដូន​ជីតា​របស់​ខ្លួន​នៅ​ក្បែរ​នេះ​ចាំ​ឲ្យ​ពរ​ជ័យ និង​មាន​ការ​រាំ​កម្សាន្ត​រហូត​ដល់​យប់​ជ្រៅ​ទើប​នាំ​គ្នា​ចូល​សម្រាក ។

ជូន​ដំណឹង​ដូន​តា​ត្រឡប់​ទៅ​លំនៅឋាន

លោក​ព្រឹទ្ធាចារ្យ​ឡាច ភឿន អាយុ​៩១​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ជប់ ឃុំ​ត្នោត ស្រុក​បាទី ខេត្ត​តាកែវ បាន​មាន​ប្រសាសន៍​ថា​ទោះ​បី​ជា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ត្រូវ​បាន​បញ្ចប់​ ហើយ​យ៉ាង​ណា​ក្ដី តែ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ពី​បុរាណ គឺ​នៅ​ពេល​ទៀប​ភ្លឺ​នៃ​ថ្ងៃ​បញ្ចប់​ភ្ជុំ​បិណ្ឌ កូន​ចៅ​ទាំង​អស់​ត្រូវ​តែ​រៀបចំ​ជូន​ដំណើរ​ជីដូន​ជីតា​ឲ្យ​ត្រឡប់​ទៅ​ស្រុក​ កំណើត​វិញ ។ ដោយ​មាន​រៀបចំ​ធ្វើ​ជា​ទូក ឬ​សំពៅ​សម្រាប់​ដាក់​ស្រូវ​អង្ករ​ម្ហូប​អាហារ នំ​ចំណី ទុក​សម្រាប់​ឲ្យ​ពួក​គាត់​ទទួល​ទាន​តាម​ផ្លូវ​កុំ​ឲ្យ​មាន​ការ​ខ្វះ​ខាត និង​រួម​ផុត​ពី​ទុក្ខ​ទោស​បាន​ទៅ​កើត​ទី​ខ្ពង់​ខ្ពស់ ។ ជា​ពិសេស​ជីដូន​ជីតា​នៅ​ពេល​ដែល​ទទួល​បាន​អាហារ​របស់​កូន​ចៅ​ហើយ ពួក​គាត់​មាន​ការ​សប្បាយ​ចិត្ត​នឹង​បែរ​ក្រោយ​ឲ្យ​ពរ​ជ័យ​ដល់​កូន​ចៅ​ឲ្យ​រក ​ស៊ី​មាន​បាន​ជួប​តែ​សេចក្ដី​សុខ​គ្រប់​ប្រការ​ជា​មិន​ខាន​ឡើយ ៕

http://women.open.org.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s