ប្រវត្តិ​នៃ​ពិធី​បុណ្យ Thanksgiving របស់​ពលរដ្ឋ​អាមេរិក

នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​ទី​៤ នៃ​ខែ​វិច្ឆិកា រៀង​រាល់​ឆ្នាំ ពលរដ្ឋ​អាមេរិក​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​សំខាន់​មួយ​ហៅ​ថា បុណ្យ​អំណរ​គុណ​ព្រះ ឬ Thanksgiving។

AFP File

ប្រធានាធិបតី ​អាមេរិក George W. Bush (រូប​កណ្ដាល) បង្ហាញ​សត្វ​ Turkey ដល់​កុមារៗ នៅ​ពេល​ប្រកាស​ថ្ងៃ​ឈប់​សម្រាក​បុណ្យ Thanksgiving នៅ​ខែ​វិច្ឆិកា ២០០៦។

តើ Thanksgiving មាន​ន័យ​ត្រឹម​តែ​ជា​ថ្ងៃ​បុណ្យ​ដែល​កូន​សិស្ស​បាន​ឈប់​រៀន អ្នក​រាជការ​បាន​ឈប់​សម្រាក​មិន​បាច់​ទៅ​ធ្វើការ​ច្រើន​ថ្ងៃ ហើយ​ជួប​ជុំ​គ្នា​ទទួល​ទាន​អាហារ​តែ​ប៉ុណ្ណឹង​ឬ?

ចៅស្រី​របស់​ខ្ញុំ​បាទ​អាយុ​១១​ឆ្នាំ រៀន​ថ្នាក់​ទី​៦ ស្គាល់​បុណ្យ​អំណរ​គុណ​ព្រះ​នេះ​ច្បាស់​ណាស់ ព្រោះ​លោកគ្រូ អ្នកគ្រូ បង្រៀន​ពី​រឿង​នេះ​រាល់​ឆ្នាំ។ ពេល​ខ្ញុំ​សួរ​ឲ្យ​ចៅខ្ញុំ​ពន្យល់​ពី​ដើម​កំណើត​នៃ​បុណ្យ​នេះ គេ​ប្រាប់​ខ្ញុំ​តាម​សម្តី​គ្រូ​បង្រៀន​ដូច្នេះ ៖

ដោយ​ពិត​ទៅ​ថ្ងៃ​បុណ្យ​ដំបូង​ដែល​ប្រារព្ធ​ធ្វើ​នៅ​ឆ្នាំ​១៦២១​នោះ គឺ​ជា​បុណ្យ​ប្រពៃណី​អបអរ​សាទរ​ការ​ប្រមូល​ផល​របស់​ជន​ជាតិ​អង់គ្លេស។

មួយ​ឆ្នាំ​ក្រោយ​ដែល​ពួក​និគមជន​អង់គ្លេស សាសនា​គ្រិស្ត​និកាយ​ប្រូតេស្តង់​ហៅ​ថា​ពួក Puritans ម្យ៉ាង​ទៀត គេ​ហៅ​ថា​អ្នក​ស្វែង​ធម៌ ឬ Pilgrims បាន​ជិះ​សំពៅ​ឈ្មោះ Mayflower ទៅ​ក​វែក​ក​ឆ្នាំង​នៅ​ម្ដុំ Plymouth ទិស​អាគ្នេយ៍ ក្រុង​បូស្តុន រដ្ឋ​ម៉ាស្សាឈូស្សិតស៍​សព្វ​ថ្ងៃ​នេះ។

នៅ​ដល់​រដូវ​ស្លឹក​ឈើ​ជ្រុះ ឆ្នាំ​១៦២១ ពួក​អ្នក​ស្វែង​ធម៌​ពី​អង់គ្លេស​ដែល​បាន​មក​រស់​នៅ​ទ្វីប​អាមេរិក បាន​នាំ​គ្នា​ធ្វើ​ពិធី​ជប់​លៀង​មួយ​ចូលរួម​ដោយ​ជន​ជាតិ​ដើម​អាមេរិក​ស្បែក​ ក្រហម នៃ​កុល​សម្ព័ន្ធ វ៉ាំប៉ាណក ដែល​គាប់​ជួន​ពេល​នោះ​កំពុង​ធ្វើ​ពិធី​បុណ្យ​ប្រមូល​ផល​ប្រចាំ​ឆ្នាំ​របស់​ ពួក​គេ​ផង។ ដូច្នេះ​ម្ហូប​អាហារ​ដែល​នាំ​យក​មក​ជប់​លៀង​ក្នុង​ពេល​នោះ មាន​សម្បូរ​ហូរ​ហៀ​ណាស់។

បុណ្យ​ថ្លែង​អំណរ​គុណ​ព្រះ ឬ Thanksgiving របស់​អ្នក​ស្វែង​ធម៌​ដែល​កាល​ណោះ​មាន​គ្នា​រស់រាន​មាន​ជីវិត​ពី​ការ​អត់​ ឃ្លាន​និង​ជំងឺ​ឈឺ​ថ្កាត់​នៅ​លើ​ដែន​ដី​ថ្មី​ប្រមាណ​តែ ៥០​នាក់​ប៉ុណ្ណោះ​នោះ បាន​ក្លាយ​ទៅ​ជា​ទំនៀម​ទម្លាប់​មួយ ដែល​ដើម​ឡើយ​មិន​ជា​ខ្ជាប់​ខ្ជួន​ប៉ុន្មាន​ទេ​នៅ​តាម​តំបន់​និង​ក្រុម​ និគមជន​ដែល​ចេះ​តែ​នាំ​គ្នា​ជិះ​សំពៅ​ឆ្លង​សមុទ្រ​អាត្លង់ទិក​ពី​អឺរ៉ុប​មក​ ក​តាំង​សហគមន៍​នៅ​អាមេរិក​ក្នុង​ចំនួន​ដែល​កាន់​តែ​កើន​ឡើង​ជា​លំដាប់។

សម័យ​លោក ចច វ៉ាស៊ិនតុន ជា​ប្រធានាធិបតី​ដំបូង​របស់​អាមេរិក​ក៏​មាន​ការ​ប្រារព្ធ​ធ្វើ​បុណ្យ Thanksgiving នេះ​ដែរ តែ​បុណ្យ Thanksgiving ពេល​នោះ ម្ដង​មាន ម្ដង​បាត់។

រហូត​មក​ដល់​ឆ្នាំ​១៨៦៣ ខណៈ​ដែល​ជន​ជាតិ​អាមេរិកាំង​កំពុង​តែ​ច្បាំង​គ្នា​ឯង​ក្នុង​សង្រ្គាម​ស៊ីវិល ​ឈ្លោះ​គ្នា​រវាង​រដ្ឋ​ខាង​ត្បូង​និង​រដ្ឋ​ខាង​ជើង​ពី​រឿង​បំបាត់​ទាសភាព ទើប​លោក​ប្រធានាធិបតី Abraham Lincoln បាន​ប្រកាស​ឲ្យ Thanksgiving ជា​បុណ្យ​ជាតិ​ដើម្បី​សម្ដែង​អំណរ​គុណ​ព្រះ​ជា​ម្ចាស់​ចំពោះ​ភព្វ​សំណាង​ល្អ ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​ជន​ជាតិ​អាមេរិកាំង​បាន​ទទួល ដូចជា​មាន​ធនធាន​ធម្មជាតិ​ច្រើន​និង​កំណើន​ប្រជាពលរដ្ឋ ថ្វី​បើ​ប្រទេស​កំពុង​មាន​សង្រ្គាម។

កាល​ពី​ឆ្នាំ​១៩៣៩ ខណៈ​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប​សេដ្ឋកិច្ច​ពេញ​ ទំហឹង លោក​ប្រធានាធិបតី Franlin Delano Roosevelt ក៏​បាន​ប្ដូរ​ថ្ងៃ​បុណ្យ ដែល​លោក Lincoln បាន​កំណត់​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ចុង​ក្រោយ​របស់​ខែ​វិច្ឆិកា មក​ជា​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍ បន្ទាប់​ពី​ចុង​ក្រោយ​នៃ​ខែ​វិច្ឆិកា​ទៅ​វិញ ក្នុង​បំណង​ចង់​ឲ្យ​ហាង​លក់​ទំនិញ​សម្រាប់​បុណ្យ​ណូអែល មាន​ពេល​កាន់​តែ​ច្រើន​ដើម្បី​ឃោសនា​លក់​ទំនិញ​របស់​ខ្លួន។ ព្រោះ​ថា ជា​ទម្លាប់ គេ​លក់​បុណ្យ​ណូអែល ក៏​ទាល់​តែ​ធ្វើ​បុណ្យ Thanksgiving ចប់​សព្វ​គ្រប់​ហើយ​នោះ។

សេចក្ដី​សម្រេច​របស់​ប្រធានធិបតី Franlin Delano Roosevelt បាន​ធ្វើ​ឲ្យ​មាន​ការ​ច្របូក​ច្របល់​យល់​ច្រឡំ​ក្នុង​ចំណោយ​ប្រជាពលរដ្ឋ​ អាមេរិកាំង​យ៉ាង​ខ្លាំង រដ្ឋ​ខ្លះ​ក៏​ធ្វើ​តាម​បញ្ជា​ថ្មី រដ្ឋ​ខ្លះ ក៏​រក្សា​ទុក​ថ្ងៃ​ចាស់ សម្រាប់​ប្រារព្ធ​បុណ្យ​នេះ។ លុះ​ដល់​ឆ្នាំ​១៩៤២ ទើប​លោក​ប្រធានាធិបតី Roosevelt យល់ព្រម​តាម​សភា​កុងហ្រ្កេស ចុះ​ហត្ថលេខា​អនុម័ត​យល់ព្រម​យក​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​ទី​៤ ខែ​វិច្ឆិកា ជា​ថ្ងៃ​ប្រារព្ធ​បុណ្យ Thanksgiving ដូច​ដើម​វិញ ហើយ​កាល​បរិច្ឆេទ​នេះ​ក៏​ស្ថិត​នៅ​ជា​ធរមាន​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ចំពោះ​ជន​ជាតិ​ខ្មែរ​ដែល​មក​រស់នៅ​សហរដ្ឋ​អាមេរិក ហើយ​ក្លាយ​ទៅ​ជា​ពលរដ្ឋ​អាមេរិក​ទៅ​ហើយ​នោះ បុណ្យ​អំណរគុណ​ព្រះ​នេះ​មាន​ន័យ​ជ្រៅ​ជ្រះ​ណាស់ ព្រោះ​ជា​បុណ្យ​ធំ​ជា​ឱកាស​សំខាន់​ដែល​គេ​បាន​ជួប​ជុំ​មិត្ត​ភក្តិ​បង​ប្អូន ​ដែល​តាម​ធម្មតា ហើយ​តែង​តែ​បែក​ខ្ញែក​ពី​គ្នា​ដើម្បី​ធ្វើ​ការ​រក​ទទួល​ទាន​ក្នុង​មហា​ ប្រទេស​ដ៏​ធំ​ទូលំ​ទូលាយ​មួយ​នេះ។

អ្នកស្រី សែនឌី សួង អ្នក​ក្រុង​ញូវយ៉ក មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ ​រស់​នៅ​ស្រុក​នេះ ២៩​ឆ្នាំ​ហើយ ដូច​ថា ពេល​បុណ្យ Thanksgiving នេះ ធ្វើ​ឲ្យ​ខ្ញុំ​រំភើប ព្រោះ​អី​ជា​បុណ្យ​ធំ ហើយ​បង​ប្អូន​តែងតែ​ធ្វើ​ដំណើរ​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ទៅ​ជួបជុំ​បង​ប្អូន ញាតិ​មិត្ត ហៅ​បង​ប្អូន ពួក​ម៉ាក ញាតិ​មិត្ត​អី​មក​អ៊ីចឹង​ទៅ​យើង​ញ៉ាំ​ទៅ កម្សាន្ត​ក្នុង​ផ្ទះ​អ៊ីចឹង​ទៅ ក្មេងៗ​លេង​អី​ទៅ យើង​ច្រៀង​ខារ៉ាអូខេ​អី​បន្តិច​បន្តួច​ទៅ។ រាល់​ឆ្នាំ​អ៊ីចឹង​ឯង ព្រោះ​អី​បុណ្យ Thanksgiving គឺ​ថា បុណ្យ​ធំ​មួយ​សម្រាប់​យើង​ជួប​មិត្ត​ភក្ដិ​បង​ប្អូន ជួប​ជុំ​គ្នា បង​ប្អូន ពួក​ម៉ាក​អី ដូចថា​មក​ពី​ក្រៅ​ញាតិ​មិត្ត​អី​ក៏​ដោយ ក៏​អាច​ចូលរួម​ជាមួយ​យើង​បាន អត់​ប្រកាន់​ទេ​បុណ្យ​ហ្នឹង»

រីឯ​លោក សារាយ យន់ ដែល​បាន​មក​រស់នៅ​សហរដ្ឋ​អាមេរិក ២៧​ឆ្នាំ​ហើយ​នោះ លោក​មិន​ដែល​ខកខាន​ចូលរួម​បុណ្យ​នៃ​ការ​ដឹង​គុណ​មួយ​នេះ​ឡើយ ៖ «មិន ​ដែល​ខាន​ទេ ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ស្រី​មួយ ប្រុស​មួយ មាន​គ្រួសារ​ទាំង​អស់​គ្នា​ហើយ យើង​តែងតែ​ធ្វើ​បុណ្យ​ជា​មួយ​គ្នា ហូប​ទទួល​ទាន​អាហារ​ជាមួយ​គ្នា យើង​តែងតែ​ធ្វើ​បុណ្យ​អបអរ​សាទរ​បាន​ជួប​ជុំ​បង​ប្អូន ព្រោះ​ថា​យើង​មិន​មែន​នៅ​ជិត​គ្នា ប៉ុន្តែ​ពេល​បុណ្យ ជួប​ជុំ​គ្នា យើង​ធ្វើ​ម្ហូប​អាហារ​ដើម្បី​នឹង​ទទួល​ទាន​រួម​គ្នា»

ពី​ទីក្រុង​តាកូម៉ា រដ្ឋ​វ៉ាស៊ិនតោន លោក សារាយ យន់ រៀបរាប់​ប្រាប់​ពី​អត្ថន័យ​នៃ​បុណ្យ​នេះ​ដូច្នេះ ៖ «យើង ​បាន​ត្រៀម​លក្ខណៈ​ដូច​ឆ្នាំ​មុនៗ ព្រោះ​បុណ្យ​ដ៏​ធំ​ធេង បុណ្យ​ថ្លែង​អំណរ​គុណ​ដែល​យើង​រួច​សព្វគ្រប់​ពី​ច្រូត​កាត់ ពី​ការងារ​ផ្សេងៗ​ទាំង​អស់ យើង​ប្រមូល​ផល​ហ្នឹង។ ការ​ពិត យើង​មាន​អំណរ​មែន​ទែន មាន​អំណរ​អបអរ​សាទរ​នៃ​បុណ្យ Thanksgiving  អំណរ​អរគុណ​ដែល​ប្រពៃណី​របស់​យើង​ថា ខ្មែរ​អាមេរិកាំង ឬ​ជន​ជាតិ​អាមេរិកាំង​ក៏​បាន ក៏​ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​ថ្លែង​អំណរគុណ​ឪពុក​ម្ដាយ​យើង បង​ប្អូន​អ្នក​ផ្ទះ​យើង ខ្ញុំ​អរគុណ​មែន​ទែន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ថ្លែង​អំណរ​អរគុណ​ដែល​ខ្ញុំ​បាន​កើត​មក​ជា​មនុស្ស ហើយ​បាន​ទទួល​នូវ​ភោគផល​ទាំង​ឡាយ​សម្រាប់​រស់នៅ។ អរគុណ​អ្វីៗ​ដែល​ជា​ប្រទេស​ជាតិ​យើង មាតា​បិតា ឪពុក​ម្ដាយ​យើង ពិសេស​ឪពុក​ម្ដាយ​យើង ដែល​ឲ្យ​កំណើត​មក​យើង»

ក្នុង​ឱកាស​បុណ្យ​ដែល​ខ្មែរ​ជិត​ស្និទ្ធ​ជាង​បុណ្យ​ណាៗ​របស់​អាមេរិក​នេះ លោក សារាយ យន់ ក៏​សូម​ជូន​ពរ​ដល់​មិត្ត​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​ទាំង​អស់​ផង​ដែរ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s