ប្រវត្តិ​ទាក់ទង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ភាគ៣

អ្នក​តំណាង​ព្រះ​អង្គ​ក្នុង​ការ​ច្រត់​ព្រះ​នង្គ័ល

កាល​ព្រាហ្មណ៍​ធ្វើ​ហោម​ពិធី​គ្រប់​បី​ថ្ងៃ​ហើយ​ ក្នុង​ថ្ងៃ​ទី​៤​ ពេល​ព្រឹក​ព្រះ​រាជា​ព្រះ​អង្គ​ឯង ឬ​ទ្រង់​ចាត់​ឲ្យ​អ្នក​តំណាង​ចេញ​ទៅ​ច្រត់​ព្រះ​នង្គ័ល តែ​មក​សម័យ​នេះ​ឃើញ​ទ្រង់​ចាត់​ឲ្យ​មាន​តំណាង​ព្រះ​អង្គ​រាល់ៗ​ឆ្នាំ។

ការ​តែង​ខ្លួន​អ្នក​តំណាង​ព្រះ​អង្គ

របៀប​តែង​ខ្លួន​បែប​បុរាណ​មាន​របៀប​ដូចម្ដេច​ខ្លះ មិន​ដែល​ប្រទះ​តម្រា​រាយការណ៍​ទុក​សព្វ​គ្រប់​ទេ​ តែ​បើ​ពោល​ចំពោះ​ប្រការ​ដែល​សំខាន់ៗ​តាម​មតិ​របស់​អ្នក​រៀបរៀង​ថា អ្នក​តំណាង​ព្រះ​អង្គ​នោះ​តែង​ខ្លួន​ពេញ​យស សមស័ក្ដិ​ជា​អ្នក​តំណាង​ព្រះ​អង្គ គឺ​តែង​បែប​ព្រះ​រាជ​វង្ស​ជាន់​ខ្ពស់។ ក្នុង​ការ​តែង​ខ្លួន​នេះ​ ជា​ងារ​គ្រូ​ស្រី​ល្ខោន​ព្រះ​រាជ​ទ្រព្យ រៀប​ចំ​តែង​ឲ្យ​គ្រឿង​តែង​ខ្លួន និង​គ្រឿង​ដែល​ពួក​បរិពារ​ប្រុស​ ស្រី​ កាន់​ហែ​ទាំង​ប៉ុន្មាន​ជា​របស់​ព្រះ​រាជ​ទ្រព្យ។

អ្នក​តំណាង​ព្រះ​អង្គ«​ស្ដេច​មេឃ​» តែង​ខ្លួន​ក្នុង​រជ្ជកាល​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម​តាម​បែប​ចាស់​ទុំ​តំណាល​មក​គឺ៖

  • ស្លៀក​សំពត់​សារបាប់​ពណ៌​លឿង​ទុំ​សំឡុយ
  • ពាក់​អាវ​សាបាប់​លឿង​ទុំ

មក​ក្នុង​រជ្ជកាល​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្តិមុនីវង្ស និង​ក្នុង​រជ្ជ​កាល​ព្រះ​ករុណា​ ព្រហបាទ​សម្ដេច​ព្រះ​សីហនុវរ្ម័ន​ មាន​ពាក់​ស្រោម​ជើង​ពណ៌​ខ្មៅ​ផង។

ឯ​ចំណែក​ជំទាវ​«មេហួ» ក្នុង​រជ្ជកាល​ព្រះ​ករុណា​ព្រះ​បាទ​នរោត្តម​ តាម​ចាស់​ទុំ​ទាំង​ឡាយ​តំណាល​មក​ថា​ តែង​ខ្លួន​ដូច្នេះ ៖

  • ពាក់​សំពុត​សាបាប់ សំឡុយ
  • ពាក់​អាវ​ប្រែ​បំពង់​វែង ពណ៌​លឿង​ទុំ
  • ពានា​ក្រមា​ព្រែ​ ពណ៌​លឿង​បៃតង
  • ប្រដាប់​គ្រឿង​ពេជ្រ គឺ​បាក់ទំហ៊ូ​ ពាក់​ខ្សែ​មាស​ឆៀង​ខ្លួន​ ពាក់​ជញ្ចៀន​ក្បាល​ទទេ​ឥត​មាន​ពាក់​អ្វី។

មក​ក្នុង​រជ្ជកាល​ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្តិ តាម​ដែល​ប្រាកដ ក្នុង​កំណត់​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ក្នុង​ឆ្នាំ​ម្សាញ់​សប្តស័ក​ ពុទ្ធ​សករាជ​២៤៤៨ គ្រិះសករាជ​១៩០៥​ថា ៖

  • ស្លៀកពាក់​ហូល​មាន​ជរ
  • ពានា​ផាហ៊ុំ ខាង​ក្នុង ស្បៃ​សារបាប់​ខាង​ក្រៅ។ មក​ដល់​ក្នុង​កាល​បច្ចុប្បន្ន គេ​ឃើញ​ព្រះ​មេហួ​តែង​ខ្លួន​ប្រហែល​កូន​ល្ខោន​គឺ ៖
  • ស្លៀកពាក់​សារបាប់​សំឡុយ
  • ពាក់​អាវ​ទ្រនាប់​ពណ៌​លឿង​រឹត​ខ្លួន
  • ពាក់​ស្បៃ​ឆៀង​ដូច​កូន​ល្ខោន
  • និង​ប្រដាប់​មាស​ពេជ្រ​ដូច​ពោល​ហើយ។

ឯ​មហា​តឡិក​ទាំង​បួន​របស់​ស្ដេច​មេឃ តែង​ខ្លួន​របៀប​បច្ចុប្បន្ន ស្លៀក​សំពត់​ពណ៌​ចង​ក្បិន ពាក់​អាវ​ផ្កា​មាស​នង ​ពាក់​មួក​ប្រពាត់​ដូចៗ​គ្នា​ នាង​សាវឡិក​របស់​ជំទាវ ស្លៀក​សំពត់​ពណ៌ គឺ​ពីរ​នាក់​ពណ៌​ម្យ៉ាង និង​ពីរ​នាក់​ទៀត​ពណ៌​ម្យ៉ាង​ ពាក់​អាវ​ទ្រនាប់​រឹត​ខ្លួន​ ពានា​ក្រមា​ពណ៌​ពីរ​នាក់​ ពណ៌​ម្យ៉ាង និង​ពីរ​នាក់​ទៀត ​ពណ៌​ម្យ៉ាង​ ក្បាល​ឥត​មាន​ពាក់​អ្វី​ទេ។

របៀប​តែង​ខ្លួន​អ្នក​តំណាង​ព្រះ​អង្គ​ នូវ​បរិពារ​ និង​ចំនួន​មនុស្ស​ បើ​ប្រមើល​មើល​តាំង​ពី​បុរាណ​កាល​រៀង​មក​សម័យ​នេះ​ គេ​ស្មាន​ថា​គង់​មិន​ឈរ​បែប​តែ​មួយ​ទេ រមែង​មាន​ការ​កែប្រែ​រេ​ទៅ​តាម​សម័យ​ខ្លះ​ជា​ធម្មតា​ តែ​គង់​មិន​ឆ្ងាយ​ប៉ុន្មាន​អ្វី​ពី​របៀប​ដើម។

ការ​ច្រត់​ព្រះ​នង្គ័ល

ការ​ជួប​ជុំ​សព្វ​គ្រប់​ដូច្នេះ​ ហើយ​លំដាប់​នោះ​ក្បួន​ហែ​ក៏​ហែ​ទៅ​ដល់​ទី​ព្រះ​ស្រែ​ក្នុង​ពេល​បន្ទាប់ៗ​ គ្នា​នេះ​កាល​ទៅ​ដល់​ស្ដេច​មេឃ​ និង​ព្រះ​មេហួ​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​ទេវរូប​នៅ​រោង​ពិធី​ទិស​និរតី​«​ជា​ ទី​តាំង​ព្រះ​ចន្ទ​ទេវរូប» បាគូ​ផ្លុំ​ស័ង្ខ​៣​បទ​ រួច​ចេញ​ច្រត់​ព្រះ​នង្គ័ល​ភ្នាក់ងារ​អ្នក​កាន់​នង្គ័ល​ស្ដេច​មេឃ​ក៏​ប្រ​ គល់​ឲ្យ​ស្ដេច​មេឃ​ ហើយ​ចេញ​ទៅ​ដើរ​នាំ​មុខ​នង្គ័ល១​ច្រត់​មុខ​យោង​ នង្គ័ល​១​ទៀត​ច្រត់​តាម​ក្រោយ​ព្រះ​នង្គ័ល​ស្ដេច​មេឃ​នៅ​ជា​កណ្ដាល​ មាន​ម្នាក់​បាំង​ក្លស់​និង​មហាតឡិក​៤​នាក់​កាន់​គ្រឿង​ដើរ​តាម​ក្រោយ។

មេហួ​ដើរ​ក្រោយ​នង្គ័ល​ទី​៣​ម្នាក់​បាំង​ក្លស់​ និង​សាវឡិក​៤​នាក់​ កាន់​គ្រឿង​ដើរ​ហែ​តាម​ក្បួន​ព្រះ​នង្គ័ល​ចេញ​ច្រត់​ជា​ទក្ខិណា​ព័ទ្ធ​៣​ជុំ ខណៈ​កំពុង​ច្រត់​នោះ​ មេហួ​ចាប់​ស្រូវ​ហៅ​ថា​ក្រយា​សំពាន់​ក្នុង​កញ្ជើ​ព្រាច​សាច​ទៅ​ឆ្វេង ទៅ​ស្ដាំ​ដរាប​ណា​ឈប់​ច្រត់ តែ​ក្នុង​មួយ​ជុំ​ពួក​បាគូ​ផ្លុំ​ស័ង្ខ​ម្ដង។

លុះ​ច្រត់​គ្រប់​បី​ជុំ​ហើយ​ ភ្នាក់ងារ​ដែល​ដើរ​នាំ​មុខ​ ក៏​ដើរ​នាំ​ក្បួន​ព្រះ​នង្គ័ល​ទៅ​ឈប់​ដោះ​គោ​ចេញ​ពី​នឹម​នៅ​ទី​ទាប​ខាង​រោង​ ពិធី​ទិស​បូព៌។

ការ​ផ្សង​គោ​ឧសភរាជ

លំដាប់​នោះ​ព្រាហ្មណ៍​ព្រះ​រាជ​គ្រូ​សូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ​ ឧសភរាជ​ ដែល​ទឹម​ច្រត់​ព្រះ​នង្គ័ល​នោះ​ឲ្យ​ស៊ីផឹក​អាហារ​ទាំង​៧​យ៉ាង​ ដែល​ភ្នាក់ងារ​រៀប​ដាក់​តុ​ប្រាក់​ធំៗ​តាំង​ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា​ គឺ​គ្រាប់​ស្រូវ​មួយ​តុ​ គ្រាប់​សណ្ដែក​មួយ​តុ​ គ្រាប់​ពោត​មួយ​តុ​ គ្រាប់​ល្ង​មួយ​តុ ស្មៅ​ស្រស់​មួយ​តុ​ ទឹក​មួយ​តុ​ ស្រា​មួយ​តុ។

សូត្រ​ចប់​ព្រាហ្មណ៍​ព្រះ​រាជ​គ្រូ​យក​ទឹក​មន្ត​ប្រស់​ក្បាល​ព្រះ​គោ​ ទាំង​ពីរ​ហើយ​មន្ត្រី​ម្នាក់​ ដែល​កាន់​នង្គ័ល​ស្ដេច​មេឃ​ដឹក​គោ​ឧសភរាជ​ទាំង​ពីរ​ទៅ​ឲ្យ​ស៊ី​ ផឹក​របស់​ទាំង​៧​យ៉ាង​ គឺ​ដឹក​ទៅ​ជិត​របស់​ទាំង​៧​យ៉ាង​ស្រេច​ហើយ​ តែ​គោ​ឧសភរាជ​ចូលចិត្ត​ស៊ី​ ផឹក​អ្វី​ ក៏​ស៊ី​ផឹក​ទៅ​ គេ​មិន​បង្ខំ​ឲ្យ​ស៊ី ផឹក​ចំពោះ​អាហារ​ណា​មួយៗ​ទេ​ កាល​ព្រះ​គោ​ស៊ី​ ផឹក​អ្វី​ម្យ៉ាង​ ឬ​ពីរ​យ៉ាង​ ព្រហ្មណ៍​ក៏​ទាយ​ផល​ប្រផ្នូល​ទៅ​ខាង​មុខ​តាម​នោះ​ ក៏​ឯ​ទំនាយ​មិន​ជា​ការ​ប្រាកដ​បាន​ទេ​ គឺ​ថា​បើ​ព្រះ​គោ​ស៊ី​អ្វី​ក៏​ទាយ​ថា ក្នុង​ឆ្នាំ​នេះ​របស់​នេះ​សម្បូរ​ប្លែក​ តែ​បើ​ស៊ី​ស្មៅ​ទាយ​ថា​ នឹង​កើត​ជំងឺ​គោ​ បើ​ផឹក​ស្រា នឹង​កើត​មនុស្ស​ពាល​ចោរ​លួច​ចោរ​ប្លន់​ជា​ច្រើន។

លំដាប់​នោះ​ស្ដេច​មេឃ​ និង​នាង​មេហួ​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​ទេវរូប​ នៅ​ក្នុង​រោង​មណ្ឌល​ទិស​ខាង​កើត​«​ជា​ទី​តាំង​ព្រះ​កច្ជាយន​ទេវរូប​» នោះ​ពួក​បាគូ​ក៏​ចូល​ផ្លុំ​ស័ង្ខ​ ព្រះ​រាជ​គ្រូ​យក​ទឹម​មន្ត​ប្រោះព្រំ​ឲ្យ​អ្នក​ទាំង​ពីរ ព្រម​ទាំង​ឲ្យ​សព្វសាធុការពរ​ឲ្យ​បាន​ប្រកប​ដោយ​សេរី​សួស្ដី​ នូវ​សេចក្ដី​សុខ​ មហា​ប្រសើរ​រៀង​ទៅ​ប៉ុណ្ណោះ​ជា​ការ​ស្រេច​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ ហើយ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s