ប្រវត្តិ​ទាក់ទង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ភាគ២

រណ្ដាប់​ពលិការ​ទេវរូប​ក្នុង​រោង​ពិធី

ក្រោយ​ពេល​សែន​ក្រុង​ពលី​រួច​ហើយ ​​វេលា​ព្រលប់​ដល់​ពេល​ត្រូវ​ពលិការ​បូជា​​ទេវ​រូប​ក្នុង​​រោង​ពិធី​ ព្រាហ្មណ៍​បុរោហិត​និមន្ត​ព្រះ​បញ្ចក្សេត្រ​ “ទេវ​រូប​ផ្សេងៗ”​ ទៅ​តាំង​នៅ​ក្នុង​រោង​ពិធី​ទាំង​៥​ន្លើ​ ហើយ​នឹង​ធ្វើ​កិច្ច​បូជា​តាម​ទំនៀម​ដូច​មាន​ក្នុង​ព្រះ​រាជ​កំណត់​ “កម្មវិធី”​ ដូច្នេះ។

  • រោង​ទិស​បូព៌​​ត្រូវ​​ព្រាហ្មណ៍​ព្រះ​រាជ​គ្រូ​និមន្ត​ព្រះ​កច្ចាយនៈ​ទៅ​តាំង​ និង​ធ្វើ​ហោមពិធី។
  • រោង​ទិស​អាគ្នេយ៍​ត្រូវ​ព្រះព្រហ្មាធិរាជ​និមន្ត​​ព្រះនារាយណ៍​ទៅ​តាំង​ និង​ធ្វើ​ហោមពិធី។
  • រោង​ទិស​និរតី​ត្រូវ​ព្រះជយាធិបតី​និមន្ត​ព្រះ​ចន្ទ​ទៅ​តាំង​​ និង​ធ្វើ​ហោម​ពិធី។
  • រោង​ទិស​ពាយ័ព្យ​ត្រូវ​ព្រះមិន្ធរ​ “មហេធរ” និមន្ត​ព្រះ​ឥសូរ​ទៅ​តាំង​ និង​ធ្វើ​ហោមពិធី។
  • រោង​ទិស​ឦសាន​ត្រូវ​ព្រះធម្មរាជ​និមន្ត​ព្រះភក្ខណេស​ “ពិឃណេស” ទៅ​តាំង​នឹង​ធ្វើ​ហោមពិធី។

រណ្ដាប់​តង្វាយ​ទេវ​រូប​ក្នុង​រោងពិធី

រណ្ដាប់​សម័យ​បុរាណ​ចម្លង​តាម​ក្បួន​ព្រះ​រាជពិធី​ទ្វារ​ទស​មាស​​មួយ​ ច្បាប់ ​ដែល​គេ​ស្មាន​ថា​រៀបរៀង​ឡើង​ក្នុង​រជ្ជកាល​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​ ជ័យ​ចេស្ដា​ដូច្នេះ​៖

ចៅហ្វាយ​ឃ្លាំង​មណីរ័តន៍​ ត្រូវ​ដាក់​ប្រាក់​តង្វាយ​ទេវតា​៥​តម្លឹង​គ្រប់​រោង​មណ្ឌល​ទាំង​៥​ និង​យក​កន្ទេល​២ ​ថ្លាង​២​ ក្អម​២ ​ទៅ​រៀប​ដាក់​គ្រប់​រោង​មណ្ឌល។

ចៅហ្វាយ​ឃ្លាំង​កោសេយ្យភស្ដុ​​ត្រូវ​ដាក់​សំពត់​ស​ក្រាល​អាសនៈ​អាវ​២​ សំពស់​វ័ន្ធ​ពុង​១​ សំពត់​អាវ​ថ្វាយ​ទេវតា​៨ ​ឆ្វេង​៤​ ស្ដាំ​៤​ កន្ទេល​២​ ស្លាធម៌​៨​ ស្លាត្រួយ​១០​ ជម​២​ ដូង​ឡៅ​១​ ល្ង​សណ្ដែក​កន្ទោង​១​ ឲ្យ​រៀប​ដាក់​ដូច​គ្នា​​​ដូច្នេះ​គ្រប់​មណ្ឌល។

ចៅហ្វាយ​ឃ្លាំង​ភោជន៍​សាលី​ឲ្យ​ដាក់​ផ្លែ​ឈើ​តោក​៨ ​មាន​អង្ករ​ទ្រាប​ក្រោម​បាយ​បញ្ជតាប​សម្រាប់​១​ បាយ​យិជ​ ៦០​ ពាន​លាជ​១​ ម្សៅ​កន្ទោង​១​ របស់​អម្បាល​នេះ​ឲ្យ​រៀប​តាំង​ដូច​គ្នា​គ្រប់​រោង​មណ្ឌល​ទាំង​៥​ តាំង​គ្រប់​៣​ថ្ងៃ។

របៀប​សម័យ​បច្ចុប្បន្ន​ តាម​បែប​ដែល​បាន​សួរ ​និង​កត់​អំពី​សម្ដេច​ឥសីភទ្វាធិបតី​ “ម៉ាំង” ​មាន​ចំនួន​ដូច្នេះ។

ប្រាក់​ព្រះពិស្ណុការ​៣​រៀល ​សំពត់​ស​២០​ត្បូង​ “ក្នុង​១​ត្បូង​១០​ហត្ថ”​ ទៀន​ក្រមួន​ឃ្មុំ​ (ក្រមួន​ទម្ងន់​៣​គីឡូក្រាម​លញ់​ជា​ទៀន) ៣០០​ដើម​ ដូង​ឡៅ​១៥​ផ្លែឈើ​ (មាន​នំ​អន្សម​លាយ​ផង)​ ១២០​តោក​ ម្សៅ​១៥​កន្ទោង​ បាយ​ព្រះ​៧៥​កញ្ចប់​ ធូប​៥​ខ្សុក​ ថ្លាង​១០​ ក្អម​១០​កន្ទេល​ ទឹក​ខ្មៅ​៥​កន្ទេល​ចចូត​៥។

របស់​​អម្បាល​នេះ​បែងចែក​ជា​៥​ភាគ​ ចែក​ទៅ​តាម​រោង​មណ្ឌល​ទាំង​៥​ សម្រាប់​បូជា​ទេវតា​ “របស់​តង្វាយ​ទេវតា​ទាំង​ប៉ុន្មាន ​របស់​ណា​ដែល​នៅ​ប្រើ​ការ​បាន​វេលា​លើកលែង​ធ្វើ ​ត្រូវ​បាន​ព្រាហ្មណ៍​អ្នក​ធ្វើ​ពិធី​ទាំងអស់” កាល​​រៀប​ពលិការ​ថ្វាយ​ទេវតា​រួច​ដូច្នេះ​ហើយ​ ពួក​ព្រាហ្មណ៍​អ្នក​ធ្វើ​ពិធី​ដែល​ក្នុង​រោង​មណ្ឌល​ទាំង​៥​អន្លើ​ ក៏​ផ្ដើម​សូត្រ​មន្ត​បូជា​ទេវតា​ដូច​ត​ទៅ៖

ឈ្មោះ​មន្ត​សម្រាប់​សូត្រ​ក្នុង​រោង​ពិធី

ដំបូង​គ្រប់​រោង​ពិធី​ឲ្យ​សូត្រ​មន្ត​ឈ្មោះ​ព្រះ​ស្រី​រតនត្រ័យ​១​ ព្រះ​ភូមិ​១​ព្រះពិស្ណុការ​១​ ស្រេច​ហើយ​ក្នុង​រោង​ពិធី​នីមួយៗ​ត្រូវ​សូត្រ​ផ្សេង​គ្នា​ដូច​ត​ទៅ​គឺ​៖

  • រោង​ពិធី​ទិស​បូព៌​សូត្រ​មន្ត​កំពូល​ត្រៃវេទ
  • រោង​ពិធី​ទិស​អាគ្នេយ៍​សូត្រ​មន្ត​ព្រះព្រហ្ម
  • រោង​ពិធី​ទិស​និរតី​សូត្រ​មន្ត​អធិកាល
  • រោង​ពិធី​ទិស​ពាយ័ព្យ​ សូត្រ​មន្ត​កម្រាប​មារ​ មហា​រនាំង
  • រោង​ពិធី​ទិស​ឦសាន​ សូត្រ​មន្ត​រតនជង្គុលី
  • រួច​សូត្រ​ធម៌​ចម្រើន​ (ឫទ្ធិតេជោ)​១០៨​ចប់។

អស់​វេលា​ក៏​សមគួរ​ហើយ​ ដល់​យប់​ជ្រៅ​ស្ងាត់​ ទើប​ផ្ដើម​ធ្វើ​ហោម​ពិធី​ក្នុង​មួយ​យប់​ម្ដង​រៀងរាល់​យប់។

តែ​សូម​ជ្រាប​ថា​ ហោមពិធី​នោះ​ពួក​ព្រាហ្មណ៍​ក្នុង​កម្ពុជ​រដ្ឋ​បាន​លើក​លែង​​ធ្វើ​មក​យូរ​ ឆ្នាំ​ហើយ​ ពួក​ព្រាហ្មណ៍​ដែល​មាន​ជីវិត​នៅ​សព្វ​ថ្ងៃ​នេះ​ គ្មាន​អ្នក​ណា​មក​ធ្លាប់​ធ្វើ​ហោមពិធី​នេះ​ទេ​ ក្នុង​សម័យ​នេះ​គេ​ធ្វើ​សង្ខេប​ត្រឹម​តែ​ពលីការ​ទេវ​រូប​ និង​សូត្រ​មន្ត​ប៉ុណ្ណោះ​ជា​ការ​ស្រេច​ ឯ​ហោមពិធី​សូម្បី​មាន​ចេញ​ឈ្មោះ​នៅ​ក្នុង​​ព្រះ​រាជ​កំណត់​ (កម្មវិធី)​ ដូច​ពោល​មក​ខាង​លើ​ក៏​ពិត​ តែ​ឥត​មាន​ធ្វើ​ដល់​ទេ​ គឺ​គេ​សំដៅ​យក​ពិធី​សូត្រ​មន្ត​នោះ​ឯង​ជា​ហោមពិធី។

អ្នក​មិន​ដឹង​អាច​សន្និដ្ឋាន​ថា​ របៀប​នេះ​ហើយ​ជា​ហោមពិធី​ តែ​សេចក្ដី​ពិត​ហោមពិធី​នៅ​មាន​ផ្សេង​ចេញ​ទៅ​ទៀត។

ព្រះ​គោ​ ឬ​គោ​ឧសភរាជ

ក្នុង​វេលា​មុន​​ច្រត់​ព្រះ​នង្គ័ល​៣​ថ្ងៃ​ គឺ​ក្នុង​ពេល​ដែល​ព្រាហ្មណ៍​ធ្វើ​ពិធី​៣​ថ្ងៃ ​ព្រះ​គោ​ទាំង​គូ​ និង​ព្រះ​នង្គ័ល​នោះ​តាម​ទំនៀម​ពី​ដើម ​គេ​យក​ទៅ​តាំង​ក្នុង​​រោង​មួយ​ដែល​ទើប​សង់​ថ្មី​ នៅ​ក្នុង​ទី​ព្រះ​ស្រែ​នោះ​ ដោយ​មាន​ភ្នាក់​ងារ​ក្រុម​ព្រះ​ស្រែ​មើល​​ថែរក្សា​ ដាក់​ស្មៅ​ ដាក់​ទឹក​ឲ្យ​ព្រះ​គោ​ស៊ី​ ផឹក​ ឆ្អែតឆ្អន់​រាល់​ថ្ងៃ​ ក្នុង​រវាង​៣​ថ្ងៃ​នោះ​ ហាម​មិន​ឲ្យ​យក​ចេញ​ទៅ​ក្រៅ​ទី​ព្រះ​ស្រែ​ សម្ដេច​ឥសីភទ្ទាធិបតីម៉ាំងថា​ ព្រះ​គោ ​និង​ព្រះ​នង្គ័ល​នេះ​ធ្លាប់​មាន​ជា​​របស់​​ព្រះ​រាជ​ទ្រព្យ​មក​តាំង​ពី​ បុរាណ​​ ទើប​មក​​លើកលែង​ក្នុង​រជ្ជកាល​ព្រះ​បាទ​សម្ដេច​ព្រះស៊ីសុវត្ថិ​ ដោយ​លុប​មិន​ឲ្យ​មាន​ក្រុម​ក្សត្រ​ និង​មិន​ឲ្យ​មាន​គោ​ព្រះ​រាជ​ទ្រព្យ​ឡើយ​ ដល់​ពេល​ធ្វើ​ព្រះ​រាជ​ពិធី​ គេ​យក​តែ​នង្គ័ល​​ទៅ​តាំង​នៅ​រោង​ទិស​និរតី​ រហូត​ដល់​សព្វ​ឆ្នាំ​នេះ​ការ​តាំង​ដូច្នោះ​ដើម្បី​ឲ្យ​ព្រះ​គោ​ និង​ព្រះ​នង្គ័ល​ចូល​ក្នុង​ពិធី​របស់​ព្រាហ្មណ៍​ផង។

លំដាប់​នេះ​ និង​​អធិប្បាយ​អំពី​លក្ខណៈ​ព្រះ​គោ​តាម​បែប​បច្ចុប្បន្ន​ និង​បែប​បុរាណ​ដូច​មាន​ត​ទៅ​នេះ៖

គោ​១​នឹម​ ដែល​ទឹម​ច្រត់​ព្រះ​នង្គ័ល​នោះ​គេ​ហៅ​ថា​ ព្រះ​គោ​ ក៏​មាន​ហៅថា​ (គោ​ឧសភរាជ)​ក៏​មាន​កំណត់​ក្នុង​លក្ខណៈ​តាម​បែប​និយម​បច្ចុប្បន្ន​ គឺ​សម្បុរ​ខ្មៅ​ ស្នែង​រាង​ជ្រពាស់ឈ្នក់​ ឬ​ប្រក់​នាគ​ គឺ​រាង​ខុប​ទៅ​មុខ​បន្តិច​ គោ​២​នឹម​ទៀត​ដែល​សម្រាប់​ហែ​មុខ​ ហែ​ក្រោយ​ ឃើញ​ជា​មិន​ទាន់​កំណត់​​លក្ខណៈ​ តែ​តាម​ដែល​ធ្លាប់​​ប្រើ​មក​ ហើយ​ឃើញ​ច្រើន​តែ​សម្បុរ​ក្រហម។ ឯ​ព្រះ​គោ​នោះ​វេលា​ទឹម​ច្រត់​ព្រះ​នង្គ័ល​ គេ​ប្រដាប់​ដោយ​គ្រឿង​​ គឺ​ពាក់​ស្រោម​មុខ​ ស្រោម​ស្នែង​ និង​ពាក់​សំពត់​កម្រាល​សម្បុរ​ក្រហម​លើ​ខ្នង​ផង។

ឯ​ព្រះ​នង្គ័ល​ទាំង​បី​នោះ​គេ​លាប​ថ្នាំ​ពណ៌​ខ្មៅ​ កាត់​ខ្សែ​ក្រហម​ដោយ​អន្លើៗ​ ឯ​ចន្ទោល​ព្រះ​នង្គ័ល​សម្រាប់​អ្នក​តំណាង​ព្រះ​អង្គ​នោះ​ មាន​លក្ខណៈ​ពិសេស​នោះ​ គឺ​ធ្វើ​ជា​រូប​ក្បាល​នាគ​លាប​ថ្នាំ​ពណ៌​លឿង​បែប​យ៉ាង​ពណ៌​មាស ​នៅ​ត្រង់​ក​នាគ​មាន​ភូ​ធ្វើ​រោម​សត្វ​សម្បុរ​ស​បែប​ភូទូន​។

ព្រះ​គោ​ដែល​ប្រើ​ក្នុង​ពិធី​នេះ​ពី​ដើម​គេ​ប្រើ​គោ​ព្រះ​រាជ​ទ្រព្យ​ តែ​ក្នុង​សម័យ​នេះ​ ប្រើ​គោ​ដែល​ចៅ​ភ្នាក់ងារ​ជួល​ពី​អ្នក​ស្រុក​មក​ប្រើ​ក្នុង​មួយ​ពេល​តែ​ ប៉ុណ្ណោះ​ ស្រេច​កិច្ច​ហើយ​បង្វិល​ទៅ​​ឲ្យ​គេ​វិញ។

លុះ​មក​ដល់​រជ្ជកាល​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម​ រហូត​មក​ដល់​រជ្ជ​កាល​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម​សីហនុ​វរ្ម័ន​ ចំនួន​បួន​រជ្ជកាល​នេះ ហើយ​ប្រាកដ​ថា​ប្រើ​ព្រះ​គោ​សម្បុរ​ខ្មៅ​ច្រត់​ព្រះ​នង្គ័ល។ ការ​ដែល​កើត​ប្រែ​ប្រួល​ដូច្នេះ​ដោយ​ហេតុ​អ្វី​ អ្នក​និពន្ធ​រឿង​នេះ​មិន​អាច​ដឹង​បាន​។

រួម​សេចក្ដី​ទៅ​ព្រះ​គោ​ដែល​គេ​និយម​ជា​រាជ​ពាហនៈ​របស់​ព្រះ​មហា​ក្សត្រ​ នោះ មាន​លក្ខណៈ​គឺ​សម្បុរ​ផ្ទៃ​មេឃ​ស្នែង​រាង​ជ្រពាស​ឈ្នក់​ គឺ​រាង​ខុប​ទៅ​មុខ​វាត់​ចុង​ឡើង​បន្តិច​ ទម្រង់​ដូច​គ្នា​ទាំង​គូ​គ្មាន​កែក​លម្អៀង​គ្នា​សោះ​។

ព្រះ​គោ​ដែល​ទឹម​ច្រត់​ព្រះនង្គ័ល​នោះ​ សម័យ​បុរាណ​ជា​របស់​ព្រះ​រាជ​ទ្រព្យ​ សឹង​មាន​ភ្នាក់ងារ​ចិញ្ចឹម​ថែរក្សា​បម្រុង​ទុក​ប្រើ​ជា​កិច្ច​នេះ​រាល់​ ឆ្នាំ មិនមែន​ជា​គោ​ដែល​ជួល ឬ​កែន​មក​ប្រើ​មួយ​យាម​នោះ​ទេ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s