ប្រវត្តិ​ទាក់ទង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ភាគ១

ប្រវត្តិ​ទាក់ទង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល

ពិធី​ច្រត់​ព្រះ​នង្គ័ល​ នា​ឆ្នាំ​កន្លង​មក (រូប​រស្មី​កម្ពុជា)ក.ក.ន ៖ នៅ​ថ្ងៃ​អង្គារ​ ១​រោច​ ដល់​ថ្ងៃ​សុក្រ ​៤​រោច ​ខែ​ពិសាខ ឆ្នាំ​ជូត​សំរឹទ្ធិស័ក ពុទ្ធសករាជ​២៥៥២​ ត្រូវ​នឹង​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២៣ ខែ​ឧសភា​នៅ​ទីលាន​ព្រះ​ស្រែ​រាល​ព្រះ​មេរុ​នឹង​មាន​ការ​ប្រារព្ធ​ពិធី​ទ្វារ ​ទសមាស​ច្រត់​ព្រះ​នង្គ័ល​ និង​ការ​តាំង​ពិព័រណ៍​ផលិតផល​ក្នុង​ស្រុក។

ដូច​នេះ​រស្មី​កម្ពុជា​មាន​កិត្តិយស​សូម​ចុះ​ផ្សាយ​ជូន​នៅ​ប្រវត្តិ​ ទាក់ទង​និង​ព្រះ​រាជ​ពិធី​នេះ ​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​គណៈកម្មការ​រៀបចំ​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ ដែល​មាន​ខ្លឹមសារ​ដូច​តទៅ ៖

ភស្តុតាង​នៃ​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ពី​បុរាណ​កាល

ទំនៀម​ស្ដេច​ច្រត់​ព្រះ​នង្គ័ល​នៅ​កម្ពុជរដ្ឋ ទើប​នឹង​មាន​ក្នុង​សម័យ​នេះ​ឬ​មាន​មក​ពី​បុរាណ​កាល? តាម​សេចក្ដី​យល់​របស់​ខ្មែរ​ដោយ​ច្រើន​ថា​ មាន​មក​អំពី​បុរាណ​កាល ពិត​មែន​តែ​ថា​រឿង​ស្ដេច​ច្រត់​ព្រះ​នង្គ័ល​ក្នុង​សម័យ​នគរ​ភ្នំ​(ហ្វូ​ណន) និង​ក្នុង​សម័យ​នគរ​ធំ​ (យសោធរបុរៈ) ឯ​ណោះ​មិន​ឃើញ​មាន​ប្រាកដ​ក្នុង​ព្រះ​រាជ​ពង្សាវតារ​ ឬ​ក្នុង​សេចក្ដី​កត់​ហេតុ​ឯណា​នីមួយៗ ទោះ​បី​ដូច្នោះ​ក៏​ត្រូវ​តែ​យល់​ថា ​ទំនៀម​ស្ដេច​​ច្រត់​ព្រះ​នង្គ័ល​នោះ ​ធ្លាប់​មាន​មក​ហើយ​ជា​ប្រាកដ​ ដោយ​មាន​ភស្តុតាង​ប្រាកដ​​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ និង​ច្បាប់​ខ្មែរ​បុរាណ​ជា​គ្រឿង​សំអាង​ខ្លះ​ ដូច្នេះ​គឺ ៖

ប្រាកដ​តាម​ប្រវត្តិសាស្ត្រ​ថា​ ពួក​ជន​ដែល​ស្ថាបនា​ប្រទេស​កម្ពុជា​ក្នុង​ជាន់​ដើម​នោះ គឺ​ពពួក​មនុស្ស​ដែល​ចុះ​មក​ពី​ប្រទេស​ឥណ្ឌា​ភាគ​ខាង​ត្បូង​ដូច​យ៉ាង​ព្រះ​ បាទ​កោណ្ឌញ្ញរាជ​ (ដែល​ចិន​ហៅ​ថា​ហួនទៀន​) ជា​បឋម​ក្សត្រ​របស់​ខ្មែរ ​និង​ព្រះ​បាទ​កោណ្ឌញ្ញជយវរ្ម័ន ដែល​ជា​ក្សត្រ​ល្បី​នាម​ក្នុង​សម័យ​នគរ​ភ្នំ កាល​ដែល​ចុះ​មក​ស្ថាបនា​ឥស្សរភាព​ក្នុង​ប្រទេស​នេះ មិនមែន​មក​តែ​ខ្លួន​ទទេ​ទេ​ បាន​ទាំង​នាំ​យក​អារ្យធម៌​គឺ​លទ្ធិ​ទំនៀម​ សាសនា​ និង​វិជ្ជា​ផ្សេងៗ​មក​ប្រព្រឹត្ត ប្រតិបត្តិ​ផ្សាយ​ក្នុង​ប្រទេស​នេះ​ផង​ ទាល់​តែ​ប្រាកដ​កិត្តិយស​ថា​ ខ្មែរ​ជា​ឥណ្ឌា​តូច​នៅ​ក្នុង​ដែន​សុវណ្ណ​ភូមិ​នេះ។

នេះ​ប្រសិន​បើ​គេ​ព្យាយាម​រួបរួម​រឿង​លទ្ធិ​ទំនៀម​ក្នុង​ប្រទេស​ឥណ្ឌា​មក ​ប្រៀបធៀប​នឹង​លទ្ធិ​ទំនៀម​របស់​ខ្មែរ​គង់​តែ​ឃើញ​ត្រូវ​គ្នា​ជា​ច្រើន​ អន្លើ។

មាន​រូប​១​ឈ្មោះ​ពលទេព​ ឬ​ហៅ​ថា​ពល​រាម​ ជា​រូប​លី​នង្គ័ល​ គេ​សាង​ឡើង​សម្រាប់​បូជា​ក្នុង​ពិធី​ច្រត់​ព្រះ​នង្គ័ល​ រូប​គេ​នេះ​សម្គាល់​ឃើញ​ថា​សាង​ឡើង​តាំង​ពី​សម័យ​នគរ​ធំ​ ឬ​សាង​មុន​នោះ​ទៅ​ទៀត​ក៏​សឹង​ថា​បាន​ ហើយ​ក្នុង​សម័យ​នោះ​គង់​សាង​ឡើង​ជា​ច្រើន​ សព្វ​ថ្ងៃ​នេះ​គេ​ឃើញ​រូប​មួយ​នៅ​មាន​ហោ​ព្រះ​បញ្ច​ក្សេត្រ​ក្នុង​ព្រះ​បរម​ រាជ​វាំង​ជា​រូប​សមិទ្ធិ​លី​នង្គ័ល ​ឬ​ចប​កាប់​មើល​មិន​ច្បាស់​ រូប​មួយ​ទៀត​ធ្វើ​ដោយ​ថ្ម​ភក់​ជា​រូប​លី​នង្គ័ល​ មាន​នៅ​សារមន្ទីរ​ភ្នំពេញ​ ដោយ​ហេតុ​មាន​រូប​នេះ​ជា​ស្នាដៃ​របស់​ខ្មែរ​សាង ​មាន​នៅ​ក្នុង​មណ្ឌល​ស្រុក​ខ្មែរ​តាំង​ពី​បុរាណ​កាល​ ដូច្នេះ​ទើប​នាំ​ឲ្យ​យល់​ថា​ ទំនៀម​ច្រត់​ព្រះ​នង្គ័ល​គង់​មាន​មក​ពី​បុរាណ​យ៉ាង​តិច​ណាស់​ក៏​ត្រឹម​សម័យ​ ក្រុង​នគរ​ធំ។

ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​សង្ខេប

នៅ​ថ្ងៃ​ទី​១​រោច​ ២​រោច​ និង​៣​រោច​ខែ​ពិសាខ ចាត់​ឲ្យ​ព្រាហ្មណ៍​៥​នាក់​ធ្វើ​ហោម​ពិធី​បូជា​ទេវតា​៥​អន្លើ​នៅ​ទី​ព្រះ​ស្រែ។

ថ្ងៃ​ទី​៤​រោច​ខែ​ពិសាខ​ចាប់​ហែ​មន្ត្រី​អ្នក​ច្រត់​ព្រះ​នង្គ័ល​តំណាង​ ព្រះ​អង្គ​និង​ភរិយា​ចេញ​ពី​ព្រះ​បរម​រាជ​វាំង​ទៅ​កាន់​ទី​ព្រះ​ស្រែ។

គោ​ឧសភរាជ​ ៣​នឹម ទឹម​ច្រត់​ព្រះ​នង្គ័ល​ត្រៀម​ចាំ​នៅ​មុខ​រោង​ពិធី​ ពេល​ព្រឹក​ម៉ោង​៧​កន្លះ​ចាប់​ផ្ដើម​ច្រត់​ព្រះ​នង្គ័ល​ពី​ទិស​និរតី​វិល​ ស្ដាំ ​រៀង​គ្រប់​បី​ជុំ​ឈប់​ ដោះ​ព្រះ​គោ​ឲ្យ​បរិភោគ​អាហារ​៧​យ៉ាង។

មុន​ថ្ងៃ​ទី​១​រោច​ ខែ​ពិសាខ​ ក្រុម​មេការ​ត្រូវ​រៀប​ចំ​ធ្វើ​រោង​មណ្ឌល​ពិធី​នៅ​ព្រះ​ស្រែ​៥​អន្លើ​ គឺ​នៅ​ត្រង់​ទិស​បូព៌​មួយ ​ទិស​អាគ្នេយ៍​មួយ​ ទិស​និរតី​មួយ​ ទិស​ពាយ័ព្យ​មួយ និង​ទិស​ឦសាន​មួយ។ ខ្នាត​រោង​នីមួយៗ​ទំហំ​ទទឹង​២​ហត្ថ​កន្លះ ​បណ្ដោយ​៤​ហត្ថ​ ក្រាល​រនាប​ ជញ្ជាំង​ស្លឹក​ភ្ជល់ ដំបូល​ប្រក់​ស្លឹក​ដូច​គ្នា​ទាំង​៥​អន្លើ។

  • រោង​ទិស​បូព៌ ជា​មុខ​ងារ​សេនាបតី​ទី​១​រៀប​ធ្វើ
  • រោង​ទិស​អាគ្នេយ៍ ជា​មុខ​ងារ​សេនាបតី​ទី​២​រៀប​ធ្វើ
  • រោង​ទិស​និរតី ជា​មុខ​ងារ​សេនាបតី​ទី​៣​រៀប​ធ្វើ
  • រោង​ទិស​ពាយ័ព្យ ជា​មុខ​ងារ​សេនាបតី​ទី​៤​រៀប​ធ្វើ

ក្រៅ​ពី​នោះ​មាន​ការ​សង់​ព្រះ​ពន្លា​មួយ​ខ្នង​ ជា​ទី​សម្រាប់​គង់​ទត​ការ​ច្រត់​ព្រះ​នង្គ័ល។ ខ្នាត​ព្រះ​ពន្លា​ទទឹង​១៤​ហត្ថ​ បណ្ដោយ​៤៦​ហត្ថ​ បាស​សំពត់​យ៉ាង​ប៉ារ៉ាំ​ បាំង​វាំងនន​ នឹង​តាំង​ព្រះ​ទីនាំង​កៅអី​សម្រាប់​ព្រះ​ករុណា​គង់​ និង​កៅអី​សម្រាប់​មន្ត្រី​រាជការ​ និង​ប្រដាប់​ដោយ​ទង់​តាម​សម​គួរ។

សែន​ក្រុង​ព្រះ​ពលី

ការ​បូជា​ដល់​ស្ដេច​នៃ​ពួក​ទេត្យ​ឈ្មោះ​ពលី​ហៅថា​ សែន​ក្រុង​ពលី ​ឬ​ពលិការ​ក្រុង​ពលី។

នៅ​ថ្ងៃ​១​រោច​វេលា​រសៀល​រវាង​ខាង​​ដើម​យាម​៦​ “គឺ​ម៉ោង​៥”​ មុន​ពេល​ធ្វើ​ហោមពិធី​ ព្រហ្មណ៍​អម្បាល​នោះ​ប្រជុំ​គ្នា​រៀប​សែន​ក្រុង​ពលី​ “និង​ព្រះ​ភូមិ​នាង​គង្ហីង​ ព្រះធរណី”​ ដែល​គេ​និយម​ហៅ​ថា​ ម្ចាស់​ទឹក​ម្ចាស់​ដី​នៅ​ត្រង់​រវាង​​កណ្ដាល​ព្រះ​ស្រែ​ដើម្បី​សុំ​ទឹក​ដី​ ធ្វើ​ការ។

ឯ​រណ្ដាប់​សែន​ក្រុង​ពលី​ មាន​កំណត់​ចំនួន​ដូច្នោះ​គឺ​ ជម​៤​ អង្ករ​មួយ​សៀន​ ឬ​មួយ​ផ្ដិល​ សណ្ដែក​ ល្ង​១​កន្ទោង ​ទៀន​ធំ​១​ ប្រាក់​១​បាត​​ “សម័យ​នោះ​ប្រើ​ប្រាក់​មួយ​រៀល” សំពត់​ស្លៀកពាក់​១​សម្រាប់​គឺ​សំពត់​ស្លៀក​១​ អាវ​១​ ក្រមា​១​ ទឹក​អប់​១​គូ​ ស្លា​បារី​១​គូ​ “ពីរ​ជើង​ពាន”​ ចម្អាប​១​ថាស​ បង្អែម​១​ថាស​ ទឹក​១​ផ្ដិល​ កន្ទេល​១​ ខ្នើយ​១​ និង​មាន​ពែ​មួយ​រួត​១​ “គេ​ហៅថា​ពែ​ក្រុង​ពលី”​ ទំហំ​១​ហត្ថ​៥​ធ្នាប់​បួន​ជ្រុង​ស្មើ ​ហើយ​មាន​ពែ​មូល​មួយ​តូច​ដាក់​ត្រង់​កណ្ដាល​ ពែ​ធំ​នេះ​ជា​សម្រាប់​ក្រុង​ពលី​ពែ​ច្រមុះ​ជ្រូក​៤​ ដាក់​ត្រង់​ជ្រុង​ទាំង​៤ ​នៃ​ពែ​ធំ​ជា​សម្រាប់​ព្រះ​ភូមិ​ និង​នាង​គង្ហីង​ព្រះធរណី។

វេលា​សែន​គេ​យក​កន្ទេល​ដែល​​ពោល​ខាង​លើ​នេះ​​មក​ក្រាល​​ យក​ខ្នើយ​ដាក់​នៅ​ក្បាល​រមូរ​កន្ទេល​ ហើយ​យក​គ្រឿង​​សំណែន​ទាំងអស់​នេះ​រៀបចំ​ដាក់​លើ​កន្ទេល​ មាន​ក្លស់​មួយ​បាំង​ពី​លើ​នៅ​ខាង​ត្បូង​ទី​សែន​នោះ​មាន​ជីក​រណ្ដៅ​៤​ជ្រុង​ ជម្រៅ​១​ចំ​អាម​ទំហំ​ល្មម​ចុះ​​ពែ​ដែល​ពោល​មក។ ខណៈ​នោះ​ពួក​ព្រាហ្មណ៍​ជួបជុំ​រៀប​សែន​ ព្រាហ្មណ៍​ជា​អធិបតី​យក​ទៀន​៤​អុជ​បិទ​នៅ​ជ្រុង​ពែ​ទាំង​៤​ តាំង​នមោ​៣​បទ​​ ហើយ​សូត្រ​បូជា​ថា​៖ បទុមុត្តរោ​ ច​ បុញ្វាយំ​ អត្តនិយេ​ ច​ រេវតោ​ ទក្ខិណេ​ កស្សបោ​ ពុទ្ធោ។

សូត្រ​ចប់​ហើយ​ចាប់​គ្រឿង​សំណែន​គ្រប់​មុខ​ដាក់​នៅ​ក្នុង​ពែ​ ហើយ​លើក​ពែ​ដាក់​ទៅ​ក្នុង​រណ្ដៅ​ជា​ការ​សម្រេច​កិច្ច​ “បើ​ខ្នើត​ដាក់​ពែ​ផ្ងារ​ក្នុង​រណ្ដៅ ​បើ​ខាង​រនោច​គេ​ដាក់​ពែ​ផ្កាប់​ក្នុង​រណ្ដៅ”។

ត្រណម​របស់​ព្រាហ្មណ៍

ពួក​ព្រាហ្មណ៍​តាម​ធម្មតា​តែង​កាន់​ត្រណម​វៀរចាក​បរិភោគ​សាច់​សត្វ​ជំពូក ​ខ្លះ​រហូត​អស់​ជីវិត​ដូច​មាន​កំណត់​ក្នុង​សាស្ត្រា​ច្បាប់​ព្រះកេតុមាលា​គឺ ​សាច់​គោ​ រមាំង​ ឈ្លូស​ ប្រើស​ ក្របី​ឃ្លៀច​ ជ្រូក​ស្រុក​​ ក្រពើ​ ទន្សង​ មាន់​ស្រុក​ ពស់​ កង្កែប​ ក្ដាម​ អន្ទង់​ ត្រី​ទី​ពោ​ ត្រី​ក្រាយ​ ត្រី​សណ្ដាយ​ ត្រី​ផ្ទក់​ លៀស​ ខ្ចៅ​ គ្រំ។ តែ​ព្រហ្មណ៍​ស្រុក​ខ្មែរ​ក្នុង​សម័យ​នេះ​ឃើញ​ដូច​ជា​មិន​សូវ​កាន់​​តឹង​តាម​ វិន័យ​នេះ​ប៉ុន្មាន​ទេ។

ក្នុង​ឱកាស​ចូល​ហោម​ពិធី​ត្រូវ​កាន់​តែ​ត្រណម​តឹង​ធម្មតា​ គឺ​កាន់​សីល​វៀរមេថុនធម្ម​ រៀរ​បរិភោគ​សាច់​សព្វ​គ្រប់​ជំពូក​ កំណត់​​ឲ្យ​​បរិភោគ​បាយ​លាយ​នឹង​ល្ង​លីង​ សណ្ដែក​លីង​ អំបិល​លីង ​សម្ល​សាប​ដែល​ស្ល​ដោយ​ត្រឡាច​ ល្ពៅ​ជា​បន្លែ​ដាក់​ខ្ទិះដូង​​និង​ស្ករ​បន្តិច​ផង​ សម្ដេច​ឥសី​ភទ្ធាធិបតី​ (ម៉ាំង)​ ថា​​ បើ​ស្ល​ឲ្យ​ត្រូវ​​មែនទែន​ត្រូវ​លាយ​មី​សួ​ និង​ពពុះ​សណ្ដែក​ផង។ លុះ​ចេញ​ពី​ពិធី​ហើយ​ទើប​បរិភោគ​អាហារ​ធម្មតា​បាន។

គ្រឿង​ស៊ី​ព្រត​ “ស៊ី​បួស”​ របស់​ព្រហ្មណ៍

ពួក​ព្រាហ្មណ៍​អ្នក​ធ្វើ​ហោម​ពិធី​ត្រូវ​បាន​ទទួល​គ្រឿង​ស៊ី​ព្រត​ “ស៊ី​បួស”​ តាម​លទ្ធិព្រាហ្មណ៍​គឺ​ដូង​ទុំ​១៥​ផ្លែ​ សណ្ដែកបាយ​១០​នាឡិ​ ល្ង​១០​នាឡិ​ ស្ករ​ស​១០​នាទ្បិ​ តែ​៥​កញ្ចប់​ ហើយ​និង​ជើង​ក្រាន​ (ដីដុត)​ ៥​ទៀត។ របស់​អម្បាល​នេះ​ព្រាហ្មណ៍​តែង​បើក​អំពី​ឃ្លាំង​ ហើយ​បែង​ជា​៥​ភាគ​ស្មើ​គ្នា​ ចែក​ទៅ​តាម​រោង​មណ្ឌល​ទាំង​៥​ សម្រាប់​ធ្វើ​បរិភោគ​ដូច​​មាន​ពោល​មក​ខាង​លើ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s