ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ជា​មហា​វរក្សត្រ​ដ៏​ខ្លាំង​ពូកែ​បំផុត​របស់​កម្ពុជា

អ្នក ​ប្រាជ្ញ​ជាតិ​ និង​អន្តរ​ជាតិ​បាន​បញ្ជាក់​ថា ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧​ជា​មហា​វរ​ក្សត្រ​ដ៏​ឆ្នើម ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​អោយ​មាន​ការ​រីក​ចម្រើន​រុង​រឿង​ដល់​កំពូល។ ព្រះអង្គ​បាន​កសាង​សមិទ្ធផល​ជា​ច្រើន ដើម្បី​បម្រើ​វិស័យ​ព្រះពុទ្ធ​សាសនា​សេដ្ឋកិច្ច កសិកម្ម សុខាភិបាល និង​សង្គម​កិច្ច។​ ព្រះអង្គ​គឺ​ជា​ស្ដេច​ដែល​មាន​ព្រហ្មវិហារ​ធម៌​ ហើយ​បាន​អនុវត្ត​នយោបាយ​ពង្រីក​ទឹកដី​ដ៏​ធំ​មហា​សាល។

ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ឈ្មោះ​ដើម​ជ័យវធ៌ន​ ជា​បុត្រា​របស់​ព្រះបាទ​ធរណី​ន្ទ្រ​វរ្ម័ន​ទី​២ និង​ព្រះ​នាង​ចូឌាមណិ​ ហើយ​ព្រះ​អង្គ​មាន​មហេសី​ពីរ គឺ​ព្រះ​នាង​ជ័យ​រាជទេវី រៀប​អភិសេក​មុន​ឡើង​គ្រង​រាជ​សម្បត្តិ។ បន្ទាប់​ពី​ព្រះនាង​សោយ​ទិវង្គត​ព្រះ​អង្គ​បាន​រៀប​អភិសេក​ជាមួយ​ព្រះនាង​ ឥន្ទ្រ​ទេវី​ ដែល​ជា​ព្រះ​រាម​មេហេសី​មុន​ គឺ​ព្រះនាង​ជា​សាកល​វិទ្យា​ធិការ និង​ជា​អ្នក​និពន្ធ​ភាសា​សំស្ក្រឹត​ថែម​ទៀត។ នៅ​ឆ្នាំ​១១៧៧ ពេល​ចាម​ចូល​មក​ត្រួតត្រា​ប្រទេស​កម្ពុជា​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​ធ្វើការ​បង្រួបបង្រួម​ប្រទេសជាតិ​គ្រប់​ទិសទី​ឲ្យ​ក្រោក​ឡើង​ប្រឆាំង​ នឹង​ពួក​ចាម​រហូត​ដល់​ឆ្នាំ​១១៨១ ទើប​ដណ្ដើម​បាន​ជ័យ​ជំនះ​ ហើយ​ឡើង​គ្រង​រាជ​សម្បត្តិ​ពី​ឆ្នាំ​ ១១៨១​ ដល់​ ១២២០ ពេល​នោះ​ព្រះអង្គ​ធ្វើការ​រៀបចំ​ក៏​កសាង​រាជធានី​កំពែង​ព័ទ្ធ​ជុំវិញ​ អង្គរធំ​ ដែល​នៅ​គោបុរៈ​ និង​ប្រាង្គ​នីមួយ​ៗ​មាន​រូប​ព្រហ្ម​មុខ​បួន​តំណាង​ឲ្យ​ព្រហ្មវិហារធម៌​ទាំង ​៤ គឺ​មេត្តា ករុណា ឧបេក្ខា និង​មុទិតា​ ដែល​គោរព​ព្រះពុទ្ធ​សាសនា​មហាយាន។ តាម​សិលាចារឹក​ប្រាសាទ​ព្រះខ័ន​ឆ្នាំ​១១៩១ បញ្ជាក់​ថា​ កាល​នោះ​ប្រទេស​ខ្មែរ​ត្រួតត្រា​ដល់​ជ្រោយ​ម៉ាឡាយូ​ ហើយ​ស្ដេច​ជ្វា​យួន និង​ចាម​ចំណុះ​ឲ្យ​ស្ដេច​ខ្មែរ និង​ទឹកដី​ធំធេង​ណាស់។

ស្នាម​ព្រះហស្ត​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧

ស្នា​ព្រះហស្ត​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​មាន​សេសសល់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​តាំងពី​សម័យ​បុរាណ​រហូត​មក​ដល់​សព្វ​ថ្ងៃ​ជា​ពិសេស​ក្រុង​ អង្គរ​ទី​៣​ដែល​មាន​កំពែង​និង​គូ​ទឹក​ព័ទ្ធ​ជុំវិញ និង​មាន​ប្រាសាទ​បាយ័ន​នៅ​ចំកណ្ដាល​ដ៏​ល្អ​គ្មាន​គូ​ប្រៀប​បង្កប់​នូវ​ អត្ថន័យ​ជ្រាលជ្រៅ ហើយ​មាន​ប្រាង្គ​មុខ​បួន​ញញឹម​គ្រប់​ទិស​គួរ​ឲ្យ​កោត​ស្ញប់ស្ញែង​ណាស់។ នៅ​ជុំវិញ​ទីក្រុង​អង្គរ​មាន​ប្រាសាទ​បន្ទាយ​ក្ដី តា​ព្រហ្ម ព្រះខ័ន នាគព័ន្ធ តាសោម ក្រោលគោ និង​នៅ​តាម​បណ្ដា​ខេត្ត-ក្រុង​ទូទាំង​ប្រទេស។ ក្រៅ​ពី​សំណង់​ប្រាសាទ​គេ​បាន​រក​ឃើញ​សាលា​សំណាក់​ចំនួន​១២១ និង​មន្ទីរពេទ្យ​ចំនួន​១០២ កន្លែង​សម្រាប់​បម្រើ​វិស័យ​សង្គមកិច្ច​សុខាភិបាល។ សិលា​ចារឹក​ប្រាសាទ​ព្រះខ័ន​បាន​បញ្ជាក់​ថា ការ​កសាង​សាលា​សំណាក់​ចម្ងាយ​១៥​គីឡូម៉ែត្រ មាន​មួយ​កន្លែង ហើយ​ពី​អង្គរ​ទៅ​ប្រទេស​ចាម​មាន ៥៧​កន្លែង ពី​អង្គរ​ទៅ​ភិម៉ៃ​១៧​កន្លែង និង​៤៤​កន្លែង​ទៀត​នៅ​តំបន់​ផ្សេង​ៗ។

អត្ថន័យ​ប្រាសាទ​បាយ័ន

ប្រាសាទ​បាយ័ន​ ដែល​លម្អ​ដោយ​ស្នាម​ញញឹម​ព្រហ្ម​មុខ​បួន​ទាំង​៥៤ ខ្លះ​ថា​តំណាង​ឲ្យ​ខេត្ត-ក្រុង​ទូទាំង​ប្រទេស​នា​សម័យ​នោះ ហើយ​ប្រាសាទ​នេះ​ជា​កន្លែង​ប្រារព្ធ​ពិធី​ផ្សេង​ៗ​របស់​ព្រះរាជា ដើម្បី​ឧទ្ទិស​ដល់​ព្រះរាជវង្សានុវង្ស​ដែល​សោយ​ទិវង្គត​ ។​ ការ​ដែល​ព្រះអង្គ​សាង​ប្រាសាទ​មាន​ព្រហ្ម​មុខ​បួន​បែប​នេះ គឺ​ចង់​បង្ហាញ​ពី​ការ​ស្រុះស្រួល​គ្នា​ឡើង​វិញ ដើម្បី​កសាង​ជាតិ​មាតុភូមិ​ដោយ​ក្នុង​ប្រាសាទ​ដែល​ធ្លាប់​តែ​តម្កល់​ លិង្គ(ទេវរាជ) មក​តម្កល់​ពុទ្ធ​រាជ​ព្រះ​លោកេស្វរៈ​ជំនួស​វិញ។ គ្រប់​សំណង់​ស្ថាបត្យកម្ម​របស់​ព្រះអង្គ​សុទ្ធ​តែ​បាន​យក​ចិត្ត​ទុកដាក់​ ផ្នែក​សុខាភិបាល សង្គមកិច្ច សាសនា ព្រោះ​ព្រះអង្គ​យល់​ថា ការ​ឈឺ​ចាប់​របស់​ប្រជារាស្ត្រ គឺ​ជា​ការ​ឈឺចាប់​របស់​ព្រះអង្គ​ដែរ។ ចំណែក​នៅ​តាម​មន្ទីរពេទ្យ​មាន​គ្រូពេទ្យ​ជំនាញ​ប្រចាំការ​ដើម្បី​ព្យាបាល​ ជំងឺ និង​ចែក​ថ្នាំ​ជូន​ដល់​អ្នកជំងឺ​ ដែល​មាន​សកម្មភាព​រស់រវើក។

ទស្សនៈ​របស់​វាគ្មិន

ផែន​ទី​ប្រទេស​កម្ពុជា​សម័យ​មហា​នគរនៅ ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​វប្បធម៌​រុស្សី កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា​កន្លងមក មាន​រៀបចំ​ធ្វើ​សិក្ខាសាលា​ស្ដីពី “ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ក្នុង​ប្រវត្តិ​សាស្ត្រ​ខ្មែរ” ដែល​មាន​វាគ្មិន​ល្បី​ៗ​ជា​ច្រើន​ចូល​រួម​ផង​ដែរ។ លោក​មឿង​ សុន​ តំណាង​គណៈកម្មការ​រៀបចំ​សិក្ខាសាលា​នោះ​បាន​ឲ្យ​ដឹង​ថា លោក​ជា​អ្នក​ផ្ដួចផ្ដើម​កម្មវិធី​នេះ​ឡើង​ដែល​ចង់​បង្ហាញ​ពី​គំនិត​ ឧត្ដុង្គឧត្ដម​ក្នុង​ការ​ទទួល​ខុស​ត្រូវ​វប្បធម៌​ជាតិ។ វប្បធម៌​របស់​យើង​ចុះ​ខ្សោយ​ដោយ​សារ​តែ​យើង​មិន​មាន​មូលដ្ឋាន​រឹង​មាំ ដូច​ពាក្យ​ស្លោក​មួយ​ឃ្លា​ចែង​ថា “វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​រុងរឿង”។ កន្លង​មក​លោក​បាន​ប្រទះ​ឃើញ​មាន​ការ​តាំង​រូប​ចម្លាក់​ព្រះបាទ​ជ័យ​វរ្ម័ន​ ទី​៧ មិន​គ្រប់​លក្ខណៈ​នៅ​តាម​ទី​សាធារណៈ​នានា ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​រិះ​គន់​ពី​សំណាក់​មហាជន​ជាតិ និង​អន្តរជាតិ។ ការ​តាំង​រូប​សំណាក់​មិន​គ្រប់​លក្ខណៈ​បែប​នេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ សតិអារម្មណ៍​កូន​ខ្មែរ និង​ប៉ះពាល់​ព្រះ​កិត្តិនាម​របស់​អតីត​មហាក្សត្រ​ដ៏​ខ្លាំង​ថែម​ទៀត​ផង។

ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ជា​មហា​វរក្សត្រ​ដ៏​ខ្លាំង​ពូកែ​ជាង​គេ​ក្នុង​សម័យ​មហានគរ​ដែល​បាន​ដឹក​នាំ​ ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ ប្រកបដោយ​ទសពិធ​ព្រះ​រាជធម៌​អង់អាច​ក្លាហាន​ឈ្លាសវៃ​បំផុត។ គុណ​បំណាច់​របស់​ព្រះអង្គ​ចំពោះ​ជាតិ​មិន​អាច​កាត់​ថ្លៃ​បាន ហើយ​រូប​សំណាក់​ព្រះអង្គ​ត្រូវ​បាន​គេ​ឆ្លាក់​ទុក​សម្រាប់​គោរព​បូជា​រហូត​ ដល់​សព្វ​ថ្ងៃ សូម្បីតែ​ពួក​ជន​បរទេស​ក៏​ចង់​ឃើញ និង​ស្គាល់​ព្រះភ័ក្រ​ព្រះអង្គ​ដែរ៕

http://women.open.org.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s