កម្ពុជា​នឹង​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ​ ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ និង​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ

ប្រាសាទ ​ព្រះវិហារ​ ជា​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​មួយ​យ៉ាង​វិសេសវិសាល​របស់​កម្ពុជា។ ជា​អកុសល​ ប្រាសាទ​នេះ​សឹង​តែ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​នៅ​សម័យ​សង្គ្រាម​ស៊ីវិល​ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ​ ក្នុង​ពេល​ថ្មីៗ​នេះ​ រដ្ឋាភិបាល​បាន​ព្យាយាម​​លើក​តម្កើង​កេរ្តិ៍​ឈ្មោះ​ប្រាសាទ​នេះ​ឡើង​វិញ​ ដោយ​បាន​សុំ​​ឲ្យ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​ អង្គការ​​ UNESCO និង​កំពុង​អភិវឌ្ឍន៍​ប្រាសាទ​នេះ​ ឲ្យ​ក្លាយ​ជា​តំបន់​​ទេសចរណ៍​ធម្មជាតិ​ និង​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ទូទាំង​ពិភព​លោក​ ទៀត​ផង។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ រដ្ឋាភិបាល​កម្ពុជា​ បាន​ផ្ដល់​អាទិភាព​​លើ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ដោយ​ផ្ដោត​ជា​ពិសេស​លើ​ទេសចរណ៍​ធម្មជាតិ​ និង​វប្បធម៌​ ដើម្បី​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

ជា​ការ​ឆ្លើយ​តប​ ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ មន្ត្រី​ក្រសួង​ទេសចរណ៍​,អាជ្ញាធរ​ខេត្ត​ព្រះវិហារ​, អាជ្ញាធរ​អប្សរា​, សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រាសាទ​​ ព្រះវិហារ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា​កាល​ពី​ខែ​ មីនា​ ឆ្នាំ​​ ២០០៨​ ដើម្បី​សិក្សា​អំពី​ទីតាំង​ និង​សក្ដានុពល​ភាព​ទេសចរណ៍។

លោក​ ថោង​ ខុន​​ រដ្ឋមន្ត្រី​ ក្រសួង​​ទេសចរណ៍​ និយាយ​ថា​ វិស័យ​ទេសចរណ៍​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​បង្កើត​ការងារ​ និង​ជួយ​ជំរុញ​វិស័យ​សេដ្ឋកិច្ច​ រួម​ជាមួយ​នឹង​វិស័យ​កសិកម្ម​, ឧស្សាហកម្ម​ និង​សេវាកម្ម។ លោក​រដ្ឋមន្ត្រី​​ក៏​បាន​​បង្ហាញ​ដែរ​ថា​ វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ គឺ​ជា​គន្លឹះ​យ៉ាង​​សំខាន់​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​ ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

រដ្ឋាភិបាល​កម្ពុជា​ នឹង​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ​ ឲ្យ​ទៅ​ជា​​​គោលដៅ​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​ ដោយ​​មាន​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​៣​លាន​នាក់​ នៅ​ឆ្នាំ​ ២០១០។

លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​និយាយ​ថា​ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​មុន​គេ​ គឺ​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​តំបន់​នោះ។ លោក​ ហូ​ វ៉ាន់ឌី​ ប្រធាន​សមាគម​ទី​ភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ វា​គឺ​ជា​កត្តា​សំខាន់​​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស។

អាជ្ញាធរ​ដែល​ជាប់​ពាក់ព័ន្ធ​​ទាំង​អស់​បាន​រៀបចំ​នូវ​គម្រោង​​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​ធម្មជាតិ​ និង​ប្រវត្តិសាស្ត្រ​ ដោយ​មើល​ឃើញ​អំពី​សក្ដានុពល​នៃ​តំបន់​ទេសចរណ៍​ធម្មជាតិ​ និង​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ ដែល​នៅ​មិន​ទាន់​បាន​អភិវឌ្ឍន៍​នៅ​ឡើយ។

លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ បាន​បញ្ជាក់​ថា​ ក្រសួង​ទេសចរណ៍​ បាន​ខិតខំ​ប្រឹងប្រែង​​យ៉ាង​ខ្លាំង​ ដើម្បី​ធ្វើ​ឲ្យ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា​​ ក្លាយ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​មួយ។

ក្រសួង ​ទេសចរណ៍​ និង​ស្ថាប័ន​​ពាក់ព័ន្ធ​​ទាំងអស់​ បាន​ខំ​ប្រឹង​ជំរុញ​ប្រសិទ្ធភាព​នៃ​ការ​​រៀបចំ​ដំណើរ​​កម្សាន្ត​នានា​របស់​ ក្រុមហ៊ុន​ទេសចរណ៍​ទាំងអស់​,សេវាកម្ម​ផ្ដល់​ជូន​អតិថិជន​មាន​លក្ខណៈ​ប្រសើរ​ ​ជាង​​ និង​ការ​បំប៉ន​ផ្នែក​ធនធាន​មនុស្ស​ ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ក្នុង​ការ​អភិវឌ្ឍន៍​ទេសចរណ៍​ ធម្មជាតិ​ និង​ប្រវត្តិសាស្ត្រ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​បាន​ផ្ដល់​​នូវ​ថវិកា​បន្ថែម​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ថ្នល់​ ដើម្បី​ជា​ភាព​ងាយស្រួល​សម្រាប់​​ភ្ញៀវ​ទេសចរណ៍​​ក្នុង​ការ​​ធ្វើ​ដំណើរ។

ដោយ​មើល​ឃើញ​ អំពី​ភាព​សម្បូរ​​បែប​ផ្នែក​​ធនធាន​ធម្មជាតិ​ និង​តំបន់​​ប្រវត្តិសាស្ត្រ​​របស់​កម្ពុជា​នោះ​ រដ្ឋាភិបាល​ប្ដេជ្ញា​ធ្វើ​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ ឲ្យ​ទៅ​ជា​​តំបន់​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បំផុត​លើ​វិស័យ​ទេសចរណ៍​បែប​ ធម្មជាតិ​ និង​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ប្រាសាទ​ព្រះវិហារ​ ត្រូវ​បាន​​សាង​ឡើង​ក្នុង​សតវត្សរ៍​ទី​៩​ គឺ​ចាប់​ពី​ឆ្នាំ​​ ៩០០​ ដល់​ ១១៥០​ នៃ​គ្រិស្តសករាជ។ ប្រាសាទ​ព្រះវិហារ​ មាន​ទី​តាំង​​ស្ថិត​នៅ​ចំពាក់​កណ្ដាល​នៃ​ជួរ​ភ្នំ​ដង​រែក​ ដែល​មាន​បរិយាកាស​ និង​បរិស្ថាន​ល្អ​បែប​ធម្មជាតិ​ ដែល​អាច​មាន​សក្ដានុពល​បំផុត​ក្នុង​​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ​ និង​អន្តរជាតិ​ឲ្យ​ទៅ​ទស្សនា​កម្សាន្ត។

គួរ​រម្លឹក​ផង​ដែរ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ដល់​អង្គការ​​ UNESCO ដើម្បី​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​ ដោយ​ផ្អែក​លើ​ភាព​ដ៏​អស្ចារ្យ​និង​ប្រណិត​ភាព​របស់​ប្រាសាទ​នេះ​ ដែល​ឆ្លុះ​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ​, វប្បធម៌​ និង​កេរដំណែល​​ដ៏​វិសេស​វិសាល​របស់​ប្រទេស​កម្ពុជា​ និង​ពិភពលោក៕

http://women.open.org.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s