នៅ​ឥណ្ឌា​កន្លែង​អាក្រក់​សម្រាប់​ក្មេង​ដែល​កើត​មក​ ជា​ស្រី

ស្ត្រី​ឈរ​នៅ​មាត់​ទ្វារ នៅ​ភូមិ​ម៉ាស៊ីវ៉ា
ការ​កើត​បាន​កូន​ប្រុស​នៅ​ភូមិ​ម៉ាស៊ីវ៉ា​របស់​ឥណ្ឌា​ បាន​ត្រូវ​គេ​អបអរ​ជាមួយ​នឹង​ការ​ទិញ​ស្ករ​គ្រាប់​ចែក​អ្នក​ភូមិ​ ។

សម្រាប់​ផ្នែក​ច្រើន​បំផុត​នៃ​ប្រទេស​ឥណ្ឌា​ការ​កើត​បាន​កូន​ស្រី​ពុំត្រូវ​គេ​អបអរ​ទេ​ ។
ស្ត្រី​នៅ​ក្នុង​ភូមិ​នេះ​ពុំ​ចង់​គិត​ពី​រឿង​នេះ​ទេ​ តែ​ស្ត្រី​ជា​ច្រើន​ដែល​មាន​កូនស្រី​ទទួល​ស្គាល់​ការ​ឈឺ​ចាប់​ខាង​អារម្មណ៍​ ជាង​ការ​ឈឺ​ពេល​កើត​កូន​ទៅ​ទៀត​ នៅ​ពេល​ដឹង​ថា​ពួកគេ​កើត​បាន​កូន​ស្រី​ ។

ជូហ្កាន់ទី ប្រាសាត​ អាយុ​៣០​ឆ្នាំ​ នៅ​ចាំ​ថា​ បាន​មាន​ភាព​ស្ងាត់ស្ងៀម​ពេញ​បន្ទប់​ពេល​ដែល​នាង​កើត​បាន​កូន​ស្រី​លើក​ទី​៣ ​ ។​ ម្ដាយ​ក្មេក​របស់​នាង​បាន​ហុច​កូន​ទៅ​ឲ្យ​នាង​ និង​បាន​និយាយ​យ៉ាង​សោះ​កក្រោះ​ថា​ «ស្រី​ទៀត​ហើយ»​ មុន​ពេល​ដើរ​ចេញ​ពី​នាង​ ។

ប្រាសាត​បាន​និយាយ​ថា​ «ពុំ​មាន​នរណា​ម្នាក់​ស្វាគមន៍​ខ្ញុំ​ទេ​ សូម្បី​តែ​ហុច​ទឹក​មួយ​កែវ​ក៏​អត់​ដែរ​ ។​ គ្មាន​នរណា​យក​ភ្នែក​មើល​ខ្ញុំ​ ពី​ព្រោះ​ខ្ញុំ​កើត​បាន​កូនស្រី»​ ។

នៅ​ពេល​នាង​កំពុង​ដេក​ នាង​អាច​ស្ដាប់​ឮ​សាច់​ញាតិ​នៅ​ខ្ទម​ជាប់​នោះ​និយាយ​អំពី​វិបត្តិ​ភ័យ​ ។​ នៅ​ពីរ​បី​សប្ដាហ៍​ក្រោយ​មក​ប្ដី​របស់​នាង​បាន​គ្រវែង​កូន​ស្រី​ទាំង​៣​ចេញ​ ពី​ផ្ទះ​ ។

យោង​តាម​អង្គការ​យូនីសេហ្វ​បាន​ឲ្យ​ដឹង​ថា​ ទីកន្លែង​ក្នុង​ចម្ងាយ​បើកបរ​៥​ម៉ោង​ចាប់​ពី​ក្រុង​ឡាកណូវ​ របស់​រដ្ឋ​អុត្តាប្រាដេស​ ជា​កន្លែង​អាក្រក់​បំផុត​សម្រាប់​ក្មេង​ដែល​កើត​មក​ជា​ស្រី​ ។

នៅ​ពាសពេញ​ផ្នែក​ធំ​ល្វឹងល្វើយ​របស់​ជនបទ​ឥណ្ឌា​ខាងជើង​ ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ឥណ្ឌា​​ពុំ​បាន​ធ្លាក់​ដល់​ទេ​ ហើយ​ទស្សន​វិស័យ​របស់​កុមារី​ឥណ្ឌា​នៅ​តែ​ត្រូវ​កំហិត​ជា​ខ្លាំង​ ។

កាល​ពី​ខែ​វិច្ឆិកា​ ឥណ្ឌា​ស្ថិត​នៅ​លេខ​រៀង​ទី​១១៤​ក្នុង​ចំណោម​១២៨​ប្រទេស​នៅ​ក្នុង​ការ​អង្កេត ​អំពី​គម្លាត​ភេទ​ ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​ World Economic Forum​ ។
រេខា បេបូរូអា​ នាយក​អង្គការ​សិទ្ធិ​នារី​មួយ​បាន​និយាយ​ថា​ «យើង​កំពុង​ស្រវាំង​ភ្នែក​ចំពោះ​អ្វី​ដែល​កំពុង​កើត​នៅ​តាម​ទីក្រុង​ តែ​នៅ​ទី​ជនបទ​ការ​អភិវឌ្ឍន៍​នៅ​ពុំ​ទាន់​ចូល​ទៅ​ដល់​នៅ​ឡើយ​ទេ»​ ។

ផ្នត់​គំនិត​មិន​ល្អ​ដែល​ម្ដាយ​មាន​ចំពោះ​កូន​ស្រី​របស់​គេ​ចាក់​ឫស​ក្នុង​ ប្រព័ន្ធ​អាពាហ៍ពិពាហ៍​របស់​ឥណ្ឌា​ ដែល​កូនស្រី​ត្រូវ​ចាកចេញ​ពី​ផ្ទះ​ឪពុក​ម្ដាយ​ជា​អចិន្ត្រៃយ៍​ ដើម្បី​ទៅ​រស់នៅ​ខាង​ប្ដី​ ហើយ​ដោយ​នាំ​យក​ទៅ​ជា​មួយ​នូវ​ជំនូន​ដ៏​ច្រើន​ផង​ ។

ជា​លក្ខណៈ​ឯកជន​ ពួក​ស្ត្រី​ក្នុង​ភូមិ​ត្អូញត្អែរ​អំពី​ការ​មិន​ពេញ​ចិត្ត​ ទារិកា​ទើប​កើត​របស់​គេ​ ដោយ​សារ​តែ​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​លំបាក​ដែល​ពួក​គេ​ត្រូវ​រ៉ាប់រង​ ។

សាន់តា ដេវី​ អាយុ​៣៥​ឆ្នាំ​ ដែល​ជា​ម្ដាយ​របស់​កូនស្រី​ពីរ​និង​ប្រុស​ពីរ​បាន​និយាយ​ថា​ «ជំនូន​តិច​បំផុត​២៥.០០០​រូពី​ ដែល​រួម​មាន​ថ្លៃ​ទោចក្រយាន​មួយ​ដែល​ខាង​ស្រី​ត្រូវ​បង់​ឲ្យ​កូន​កំលោះ​និង​ គ្រឿង​តុបតែង​ផ្សេង​ទៀត​ ។​ ក្រៅ​ពី​នេះ​មាន​ថ្លៃ​ចំណាយ​រៀបការ​២០.០០០​រូពី​ទៀត​ ។​ ទោះ​ជា​អ្នក​មាន​កូន​ជា​លើក​ដំបូង​ក៏​អ្នក​មាន​អារម្មណ៍​បែប​នេះ​ក្នុង​ ចិត្ត​ដែរ»​ ។

ទឹកប្រាក់​សរុប​៤៥.០០០​រូពី​ ឬ​ស្មើ​នឹង​១.១៥០​ដុល្លារ​ជា​ចំនួន​ប្រាក់​ច្រើន​ណាស់​សម្រាប់​ពលករ​អត់​ដី​ ធ្លី​ដែល​រក​ចំណូល​បាន​តែ​៣០​រូពី​ក្នុង​មួយ​ថ្ងៃ​ ។​ នាង​បាន​បន្ថែម​ថា​ «ម្យ៉ាង​ចង់​បាន​កូន​ស្រី​ តែ​ម្យ៉ាង​ក៏​ចង់​បាន​លុយ​ដែរ»​ ។

ការ​ប្រតិបត្តិ​ក្នុង​ការ​ផ្ដល់​ និង​ទទួល​ជំនូន​នៅ​ឥណ្ឌា​មាន​លក្ខណៈ​ខុស​ច្បាប់​ក្រោម​រដ្ឋធម្មនុញ្ញ​ តែ​រដ្ឋាភិបាល​បន្ត​បន្ទាប់​មក​ទទួល​ជោគជ័យ​តិចតួច​ក្នុង​ការ​អនុវត្តន៍​វា​ ។

រេនុកា ចូវហ៊ូរី​ រដ្ឋមន្ត្រី​សម្រាប់​ការ​អភិវឌ្ឍន៍​ស្ត្រី​ និង​កុមារ​បាន​និយាយ​ថា​ «ជំនូន​ជា​បិសាច​សង្គម​សម្រាប់​យើង​ ។​ ពេល​នារី​ណា​ម្នាក់​មាន​កូន​ស្រី​គេ​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​ កូនស្រី​នេះ​ធ្វើ​ឲ្យ

គ្រួសារ​ធ្លាក់​ចុះ»​ ។
សូម្បី​តែ​នៅ​តាម​ទីក្រុង​ ការ​ចង់បាន​កូន​ប្រុស​នៅ​តែ​ខ្លាំង​ ។​ វប្បធម៌​ថ្មី​មួយ​អំពី​ការ​សម្ញែង​ទ្រព្យ​ និង​ដេញ​ជើង​គ្នា​បាន​ធ្វើ​ឲ្យ​ថ្លៃ​ជំនូន​កាន់​តែ​ឡើង​ខ្ពស់​ជា​ហេតុ​ធ្វើ​ ឲ្យ​គ្រួសារ​វណ្ណៈ​កណ្ដាល​លែង​សូវ​សាទរ​ចំពោះ​កូនស្រី​ ។

នៅ​តំបន់​ទីក្រុង​ ការ​ចូល​មក​ដល់​នៃ​បច្ចេកវិជ្ជា​ឆ្លុះ​មើល​អនុញ្ញាត​ឲ្យ​ស្ត្រី​ជា​ម្ដាយ​ បញ្ចៀស​ការ​កើត​បាន​កូន​ស្រី​ ។​ ការ​ឆ្លុះ​មើល​ភេទ​កុមារ​ក្នុង​ផ្ទៃ​ខុស​ច្បាប់​នៅ​ឥណ្ឌា​តែ​ត្រូវ​គេ​ អនុវត្ត​ជាទូទៅ​ ។​ នៅ​ពាសពេញ​ឥណ្ឌា​ទារិកា​ក្នុង​គភ៌​ប្រមាណ​១០​លាន​ត្រូវ​គេ​យក​ចេញ​ក្នុង​ រយៈពេល​ជាង​២០​ឆ្នាំ​មក​នេះ​ ។​ នេះ​បើ​តាម​ការ​សិក្សា​របស់​ទិនានុប្បវត្តិ​វេជ្ជសាស្ត្រ​អង់គ្លេស​ Lancet​ កាល​ពី​ឆ្នាំ​មុន​ ។

ចូវហ៊ូរី​ បាន​និយាយ​ថា​ «យើង​បាន​ឃើញ​គភ៌​ទារិកា​ដែល​គេ​យក​ចេញ​ទាំងថង់ៗ​ឬ​បោះចោល​ក្នុង​ប្រឡាយ​ទឹក»​ ។

នៅ​តំបន់​ជនបទ​ ម៉ាស៊ីន​ពិនិត្យ​មើល​ភេទ​កុមារ​នៅ​ពុំ​ទាន់​សម្បូរ​ទេ​ ។​ នៅ​ទី​នោះ​ទោះ​ស្ត្រី​ពុំ​ចង់​បាន​កូន​ស្រី​ តែ​អត្រា​កូន​ស្រី​មាន​ខ្ពស់​ជាង​តំបន់​ទីក្រុង​គឺ​៩៤១​នាក់​ក្នុង​ចំណោម​ ក្មេង​ប្រុស​១.០០០​នាក់​ឬ​ខ្ពស់​ជាង​អត្រា​ទូទាំង​ប្រទេស​ដែល​មាន​៩២៧​នាក់​ ។

កម្រិត​ចេះ​អក្សរ​ទាប​ និង​ការ​រៀបការ​ទាំង​អាយុ​តិច​បាន​ធ្វើ​ឲ្យ​ស្រុក​ស្រាវ៉ាទី​ធ្លាក់​ជា​ទី​ កន្លែង​អាក្រក់​បំផុត​ សម្រាប់​ក្មេង​ស្រី​នៅ​ឥណ្ឌា​ ។​ ចម្ងាយ​ប៉ុន្មាន​ពី​ខ្ទម​របស់​ដេវី​ គឺ​ខ្ទម​របស់​សាន់តូ​ដែល​រស់នៅ​តែ​ឯង​ជាមួយ​កូន​ស្រី​ទី​៥​ របស់​នាង​ក្នុង​ខ្ទម​ទទេ​ដែល​ធ្វើ​ពី​ចំបើង​ ។​ ខ្ទម​នេះ​អត់​មាន​ទ្វារ​ទេ​ ជា​ហេតុ​ឲ្យ​ឆ្កែ​ដើរ​ចេញ​ចូល​បាន​​។​ ក្នុង​ខ្ទម​មិន​មាន​អ្វី​ក្រៅ​ពី​គ្រែ​មួយ​ និង​សំលៀក​បំពាក់​ពីរ​បី​ព្យួរ​នៅ​ពិតាន​ ។​ នាង​ក៏​ត្រូវ​ប្ដី​នាង​ទាត់​ចោល​កាល​ពី​កន្លះ​ខែ​មុន​ក្រោយ​កើត​បាន​កូន​ ស្រី​ ។

កូន​ស្រី​ទី​៣​និង​ទី​៤​របស់​សាន់តូ​បាន​ស្លាប់​កាល​នៅ​តូចៗ​ដោយ​ជំងឺ​ទំនង​ ជា​អាច​ព្យាបាល​ឲ្យ​ជា​បាន​ ។​ កូន​ម្នាក់​កើត​កញ្ជ្រឹល​ និង​ម្នាក់​ក្ដៅ​ខ្លួន​ តែ​នាង​ពុំ​បាន​នាំ​កូន​ទៅ​រក​គ្រូ​ពេទ្យ​ទេ​ ។​ នាង​បាន​និយាយ​ថា​ «ខ្ញុំ​ដឹង​ថា​ប្ដី​ខ្ញុំ​មុខ​ជា​ឲ្យ​លុយ​នាំ​កូន​ទៅ​ពេទ្យ​បើ​កូន​នោះ​ជា​ ប្រុស»​ ។

គ្រូពេទ្យ​មូលដ្ឋាន​ម្នាក់​បាន​និយាយ​ថា​ «បើ​ក្មេង​ស្រី​ឈឺ​ឪពុក​ម្ដាយ​មិន​សូវ​រវល់​ទេ​ តែ​បើ​ក្មេង​ប្រុស​ឈឺ​នោះ​គេ​អាច​លក់​ផ្ទះ​ដើម្បី​ព្យាបាល​វា»​ ។

កូន​ស្រី​២​នាក់​ទៀត​របស់​សាន់តូ​បាន​រៀប​ការ​ចេញ​ពេល​ពួក​គេ​មាន​អាយុ​៧​ឆ្នាំ​ ដើម្បី​សម្រាល​បន្ទុក​គ្រួសារ​ ៕

http://women.open.org.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s