សិស្ស​កម្ពុជា​មួយ​រូប​ទទួល​បាន​មេដាយ​មាស​គណិតវិទ្យា​ពិភពលោក​ តាម​រយៈ​ការ​ប្រឡង​តាម​អ៊ីនធឺណិត

សិស្ស​ ជា​ សុវណ្ណារាជ​ បង្ហាញ​មេដាយ​មាស​ និង​សញ្ញាប័ត្រ​ ដែល​ទទួល​បាន​ពី​ការ​ប្រឡង​គណិតវិទ្យា​តាម​អ៊ីនធឺណែត​ (រូបថត​ ៖​ រិទ្ធ)ភ្នំពេញ​ ៖ សិស្ស ​កម្ពុជា​មួយ​រូប​បាន​ទទួល​មេដាយ​ពិភពលោក​ខាង​គណិតវិទ្យា​ តាម​រយៈ​ការ​ប្រឡង​ឆ្លើយ​នឹង​សំណួរ​តាម​អ៊ីនធឺណិត​ (Internet)​ កាល​ពី​ថ្ងៃ​ទី​ ៥​ ខែ​ មីនា​ ២០០៨​ ដែល​ជា​ថ្ងៃ​ទិវា​គណិតវិទ្យា​ពិភពលោក​ (World Maths Day)​ ជាមួយ​នឹង​សញ្ញាប័ត្រ​ចំនួន​ពីរ​ដែល​ផ្ដល់​ឲ្យ​ដោយ​គណៈកម្មការ​មួយ​ដែល​មាន​ ប្រទេស​ចំនួន​១២​ ចូលរួម។​ នេះ​គឺ​ជា​លើក​ទី​១​ ហើយ​ដែល​សិស្ស​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​ជា​លើក​ដំបូង​តាម​រយៈ​ទង់ជាតិ​ កម្ពុជា​ដែល​បាន​គេ​បង្ហោះ​តាម​អ៊ីនធឺណិត​នៅ​ក្នុង​ពិភពលោក។

នៅ​ក្នុង​ពិធី​ផ្ដល់​រង្វាន់​ដល់​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ ទូទាំង​រាជធានី​ភ្នំពេញ​នៅ​ក្នុង​វិទ្យាល័យ​​អនុវត្ត​នា​ព្រឹក​ថ្ងៃ​ទី​ ៩​ ខែ​ មិថុនា​ នេះ​អ្វី​ដែល​ជា​ការ​ភ្ញាក់ផ្អើល​នោះ​គឺ​ នៅ​ពេល​ដែល​អ្នកស្រី​នាយិកា​វិទ្យាល័យ​អនុវត្ត​ បាន​ប្រកាស​ថា​ រឹត​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​នៅ​ថ្ងៃ​ទី​ ៥​ មីនា​ ២០០៨​ នេះ​សិស្ស​ ជា​ សុវណ្ណារាជ​ រៀន​ថ្នាក់​ទី​ ១០​ «គ»​ ប្រឡង​ជាប់​លេខ​១​ បាន​ទទួល​មេដាយ​មាស​ ផ្នែក​គណិតវិទ្យា​ក្នុង​ការ​ប្រឡង​គណិតវិទ្យា​ពិភពលោក​តាម​រយៈ អ៊ីនធឺណិត។

ជា​ សុវណ្ណារាជ​ កើត​នៅ​ថ្ងៃ​ទី​ ២២​ ខែ​ មីនា​ ១៩៩៤​ នៅ​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ។​ ជា​ សុវណ្ណារាជ​ ជា​កូន​ទោល​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ឈ្មោះ​ ជា​ សុផល​ ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​ម្ដាយ​ឈ្មោះ​ ផល្លី​ ដា​ ជា​មេផ្ទះ។

រស្មី​កម្ពុជា​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​មាតាបិតា​របស់​ ជា​ សុវណ្ណរាជ​ ដល់​លំនៅ​ស្ថាន​ដែល​ស្ថិត​នៅ​ផ្ទះ​លេខ​ ១៥៣​អឺអង​ ផ្លូវ​លេខ​ ២៤២​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ។​ លោក​ ជា​ សុផល​ ជាមួយ​នឹង​អ្នកស្រី​ ផល្លី​ ដា​ បាន​ស្វាគមន៍​យើង​ដោយ​រាក់ទាក់​ និង​ស្និទ្ធស្នាល។​ នៅ​ក្នុង​លំនៅ​ស្ថាន​ដែល​មាន​ទំហំ​តូច​ល្មម​ តែ​មាន​ការ​រៀបចំ​ប្រកប​ដោយ​សណ្ដាប់ធ្នាប់​ ម្ចាស់​ផ្ទះ​បាន​អញ្ជើញ​យើង​អង្គុយ​នៅ​លើ​សាឡុង​ដោយ​បង្ហាញ​នូវ​សញ្ញាប័ត្រ​ និង​មេដាយ​មាស​កូន​ប្រុស​របស់​លោក​ដែល​ទទួល​បាន។​ នៅ​ពីក្រោយ​មេដាយ​មាស​នោះ​មាន​ឆ្លាក់​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ដាក់​ថា​ WORLD MATHS DAY​ នៅ​ពី​ក្រោម​ជា​បន្ត​បន្ទាប់​ទៀត​មាន​អក្សរ​ 5 March 2008 ឈ្មោះ​ sivanreach Chea​ អក្សរ​ Mathlatics Home User​ និង​ចុង​ក្រោយ​មាន​សរសេរ​អក្សរ​ថា​ First Place Cambodia។​ នៅ​ផ្នែក​ខាង​មុខ​នៃ​មេដាយ​មាន​រូប​ផែន​ទី​ពិភពលោក​នៅ​ចំ​កណ្ដាល​ និង​ព័ទ្ធ​ជុំវិញ​ដោយ​ទង់ជាតិ​ប្រទេស​ចំនួន​១២។​ បន្ទាប់​មក​គឺ​សញ្ញាប័ត្រ​ចំនួន​២​សន្លឹក​ ដែល​មាន​សរសេរ​ជា​អក្សរ​អង់គ្លេស​បញ្ជាក់​ឈ្មោះ​សញ្ជាតិ​ និង​ពិន្ទុ​ដែល​ ជា​ សុវណ្ណារាជ​ ទទួល​បាន​ដែល​មាន​រហូត​១៥៣៨១​ ពិន្ទុ​ក្នុង​ការ​ប្រកួត។

លោក​ ជា​ សុផល​ បាន​មាន​ប្រសាសន៍​ថា​ លោក​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​នៅ​ពេល​ដែល​ភ្នាក់ងារ​ប្រៃសណីយ៍​ ប្រគល់​កញ្ចប់​អីវ៉ាន់​ និង​បើក​មើល​ឃើញ​មេដាយ​មាស​ជាមួយ​នឹង​សញ្ញាប័ត្រ​ចំនួន​២​ ដែល​មាន​ឈ្មោះ​កូន​ប្រុស​របស់​លោក។

លោក​ ជា​ សុផល​ បាន​ថ្លែង​ថា​ លោក​មាន​មោទនភាព​ខ្លាំង​ណាស់​ក្នុង​នាម​ឪពុក​ដែល​កូន​ប្រុស​បាន​ទទួល​នូវ​ មេដាយ​មាស​ពិភពលោក​ផ្នែក​គណិតវិទ្យា​ ទោះបី​ការ​ប្រគល់​ឲ្យ​តាម​រយៈ​ការ​ផ្ញើ​តាម​ប៉ុស្តិ៍​មក​ឲ្យ​ក៏​ដោយ​ តែ​នេះ​គឺ​ជា​កិត្តិយស​ កេរ្តិ៍​ឈ្មោះ​សម្រាប់​គ្រួសារ​លោក​ ក៏​ដូច​ជា​សម្រាប់​ជាតិ​កម្ពុជា​ទាំង​មូល​តែ​ម្ដង។

លោក​ ជា​ សុផល​ បាន​បន្ត​ថា​ តាម​ពិត​បន្ទាប់​ពី​ប្រឡង​បាន​មួយ​សប្ដាហ៍​រួច​មក​ លោក​បាន​ទទួល​អ៊ីមែល​មួយ​ពី​ប្រទេស​អូស្ត្រាលី​ អបអរ​សាទរ​ចំពោះ​ជ័យ​លាភី​ដែល​ សុវណ្ណារាជ​ ទទួល​ហើយ​គេ​បាន​ផ្ញើ​ឯកសារ​ឲ្យ​ សុវណ្ណារាជ​ បំពេញ​ដើម្បី​ទៅ​ទទួល​យក​មេដាយ​នេះ​នៅ​ប្រទេស​អូស្ត្រាលី​តែ​ម្ដង។​ ក៏​ប៉ុន្តែ​ក្រោយ​មក​បាន​បញ្ជាក់​មក​វិញ​ជាមួយ​ការ​សុំ​ទោស​ ដោយ​សារ​ សុវណ្ណារាជ​ នៅ​ជា​កុមារ​ ដូចនេះ​ការ​ធ្វើ​ដំណើរ​អាច​ជួប​ការ​លំបាក​ច្រើន​ទើប​គណៈកម្មការ​សម្រេច​ផ្ញើ ​មេដាយ​នេះ​មក​ឲ្យ​នៅ​ប្រទេស​នីមួយ​ៗ​វិញ​ ហើយ​យើង​ទើប​ទទួល​កាល​ពី​ថ្ងៃ​ទី​ ២​ មិថុនា​ ២០០៨​នេះ។

លោក​ ជា​ សុផល​ បាន​បន្ត​ថា​ ដំបូង​លោក​មិន​មាន​បំណង​ឲ្យ​អ្នក​ផ្សេង​ដឹង​អំពី​ជ័យ​លាភី​របស់​កូន​ប្រុស​ នោះ​ទេ​ ហើយ​កូន​ប្រុស​លោក​ក៏​មិន​ចង់​ឲ្យ​មិត្ត​ភក្ដិ​របស់​ខ្លួន​ដឹង​ដែរ។​ ក៏​ប៉ុន្តែ​ភរិយា​របស់​លោក​ ដោយ​ត្រេកអរ​ជាមួយ​ការ​ខិតខំ​របស់​កូន​ និង​ជ័យលាភី​របស់​កូន​ក៏​បាន​ជម្រាប​រឿង​នេះ​ជូន​ដល់​អ្នក​ស្រី​នាយិកា​ វិទ្យាល័យ​អនុវត្ត​បាន​ដឹង​ ហើយ​ចំ​ពេល​ដែល​សាលា​ក៏​បាន​ធ្វើ​ពិធី​ប្រគល់​រង្វាន់​ជូន​សិស្ស​ពូកែ​នោះ​ លោក​ស្រី​នាយិកា​ក៏​បាន​បញ្ចូល​ឈ្មោះ​កូន​ប្រុស​លោក​ទៅ​ក្នុង​ចំណោម​សិស្ស​ ឆ្នើម​ប្រចាំ​សាលា​ ហើយ​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ជា​សម្ភារៈ​សិក្សា​មួយ​ចំនួន​ផង​ដែរ។

ជា​ សុវណ្ណារាជ​ ដែល​មាន​ចរិត​សុភាព​រាបសា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ពេល​ទំនេរ​ប្អូន​តែង​មើល​ទូរទស្សន៍​ប៉ុស្តិ៍​ CN ​ ដែល​ជា​ប៉ុស្តិ៍​គំនូរ​ជីវចល​ ហើយ​ថ្ងៃ​មួយ​ប្រទះ​ឃើញ​សេចក្ដី​ជូន​ដំណឹង​អំពី​ការ​ប្រឡង​គណិតវិទ្យា​ ដែល​ធ្វើ​ឲ្យ​ប្អូន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​រង់ចាំ​ថ្ងៃ​នោះ​មក​ដល់​ គឺ​នៅ​ថ្ងៃ​ទី​ ៥​ ខែ​ មីនា​ ឆ្នាំ​ ២០០៨​ ដែល​ការ​ប្រឡង​មាន​រយៈ ពេល​២​ថ្ងៃ​ ក្នុង​រយៈពេល​៤៨​ម៉ោង។​ ក៏​ប៉ុន្តែ​ប្អូន​ប្រឡង​បាន​តែ​ប្រមាណ​៨​ម៉ោង​ប៉ុណ្ណោះ​ ព្រោះ​ជាប់​រៀន​ មាន​តែ​ម៉ោង​ទំនេរ​ពេល​យប់​ប្អូន​ បាន​ទៅ​ជួល​អ៊ីនធឺណិត​មួយ​ម៉ោង​ ១.០០០​រៀល​ នៅ​ក្បែរ​ផ្ទះ​ចូល​រួម​ប្រកួត​ឆ្លើយ​ជាមួយ​សំណួរ​នៅ​លើ​អ៊ីនធឺណិត​ ដែល​មួយ​សំណួរ​ៗ​មាន​រយៈ ពេល​ឆ្លើយ​តែ​មួយ​នាទី​ប៉ុណ្ណោះ​ បើ​ឆ្លើយ​ត្រូវ​ ឬ​មិន​ត្រូវ​គឺ​វា​លោត​ចេញ​សំណួរ​ថ្មី​ទៀត​ ហើយ​ប្អូន​ចេះ​តែ​ព្យាយាម​ឆ្លើយ​បាន​ស្ទើរ​គ្រប់​សំណួរ​ដោយ​ប្រើ​ខួរ​ក្បាល​ គិត​យ៉ាង​រហ័ស​ជាទី​បំផុត។

នៅ​ក្នុង​ឯកសារ​ដែល​ភ្ជាប់​មក​ជាមួយ​មេដាយ​មាស​នោះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ នៅ​ក្នុង​ការ​ប្រឡង​សិស្ស​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់ ​ហើយ​ទទួល​បាន​មេដាយ​មាស​នោះ​មាន​ចំនួន​១០​នាក់​ហើយ​អ្នក​ទទួល​បាន​ពាន​ រង្វាន់​ចំនួន​ ១០០​នាក់​ ក្រៅ​ពី​នេះ​សិស្ស​រាប់ពាន់​នាក់​ទៀត​ទទួល​បាន​ត្រឹម​លិខិត​បញ្ជាក់​ និង​លិខិត​សរសើរ។

ការ​ប្រឡង​នេះ​មាន​សិស្ស​នៅ​ជុំវិញ​ពិភពលោក​បាន​ចូលរួម។​ នេះ​ជា​លើក​ទី​មួយ​ដែល​សិស្ស​ ជា​ សុវណ្ណារាជ​ សិស្ស​នៃ​ប្រទេស​កម្ពុជា​បាន​ចូលរួម​ប្រឡង​តាម​អ៊ីនធឺណិត​ ហើយ​ទទួល​បាន​មេដាយ​មាស​ថែម​ទៀត។

លោក​ ជា​ សុផល​ បាន​បន្ត​ថា​ សុវណ្ណារាជ​ ជា​កូន​ដ៏​ល្អ​ប្រកប​ដោយ​គន្លង​ធម៌​ ស្ដាប់​បង្គាប់​ឪពុក​ ម្ដាយ​គោរព​ចាស់ទុំ​ ពិសេស​នោះ​គឺ​គេ​ជា​សិស្ស​ល្អ​ដែល​ទទួល​បាន​ការ​សរសើរ​ពី​លោក​គ្រូ​អ្នក​ គ្រួ​ដោយសារ​តែ​គេ​រៀន​ពូកែ​ ជាប់​ចំណាត់​ថ្នាក់​លេខ​១​ និង​លេខ​២​ជា​រៀង​រាល់​ខែ​ តាំង​ពី​ថ្នាក់​តូច​មក​ម្ល៉េះ។​ មក​ដល់​ពេល​នេះ​គេ​ទទួល​បាន​សញ្ញាប័ត្រ​ និង​លិខិត​បញ្ជាក់​ការ​សិក្សា​ចំនួន​១១​ ដែល​សុទ្ធ​តែ​ជា​ជ័យលាភី​ល្អ​ប្រសើរ​ទាំង​ផ្នែក​ភាសា​អង់គ្លេស​ និង​កុំព្យូទ័រ។

ការ​ទទួល​បាន​មេដាយ​មាស​របស់​ ជា​ សុវណ្ណារាជ​ គួរ​តែ​ត្រូវ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ច្រើន​ជាង​នេះ​បើ​ទោះ​បី​ជា​ការ​ ប្រឡង​តាម​អ៊ីនធឺណិត​ក៏​ដោយ​ តែ​នោះ​គឺ​ជា​ការ​ប្រឡង​នៅ​ទូទាំង​ពិភពលោក​ដែល​មាន​ប្រទេស​ជាង​១០០​ចូលរួម​ និង​មាន​សិស្ស​រាប់​សែន​នាក់​ចូលរួម​ប្រកួត។​ គេ​សង្ឃឹម​ថា​ ក្រសួង​អប់រំ​ និង​រដ្ឋាភិបាល​ប្រាកដ​ជា​ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្ត​ចំពោះ​ ជា​ សុវណ្ណារាជ​ ម្នាក់​ប៉ុណ្ណោះ​ ដែល​បាន​ចូលរួម​ការ​ប្រឡង​នេះ៕

http://women.open.org.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s