ផ្ទាំង​ទស្សនីយភាព​នៅ​អង្គរ​ សំដែង​ពី​ថ្ងៃ​២៤ វិច្ឆិកា ដល់​ថ្ងៃ​២០ មករា សិល្បករ-សិល្ប​ការិនី​ជាង​១៥០​នាក់​ ក្លាយ​ជា​តួ​អង្គ​បង្ហាញ​ពី​បារមី​អង្គរ

ខេត្ត​សៀមរាប ៖ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា​មក នៅ​ប្រាសាទ​អង្គរ​វត្ត​ មាន​សំដែង​សិល្បៈ​ជា​ទ្រង់​ទ្រាយ​ធំ​មួយ​ រៀង​រាល់​រាត្រី​ ដែល​រៀបចំ​ដោយ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន សហការ​ជាមួយ​ក្រុម​ហ៊ុន​ Bayon CM ក្រសួង​ទេសចរណ៍​ និង​អាជ្ញាធរ​អប្សរា ដោយ​មាន​ការ​គាំ​ទ្រ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ។ កម្មវិធី​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ ជាច្រើន ហើយ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២០​ មករា​ឯណោះ។

លោក​ព្រើង ឈៀង សាកល​វិទ្យា​ធិការ​រង​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​មាន​ ប្រសាសន៍​ថា ការ​សំដែង​សិល្បៈ​ជា​រឿង ​ទាក់ទង​ជាមួយ​ប្រវត្តិសាស្ត្រ​ខ្មែរ ​គឺ​រឿង “ក្រោម​បារមី​អង្គរ” រួម​ជាមួយ​នឹង​បច្ចេកទេស​​ភ្លើង និង​ការ​ចូល​រួម​សំដែង​ពី​សិល្បករ សិល្ប​ការិនី​ដែល​មាន​បទ​ពិសោធន៍​ខ្ពស់​ចំនួន​១៥០​នាក់ ក្នុង​នោះ​មាន​តារា​ភាព​យន្ត​ល្បី​ឈ្មោះ​លោក​ទេព រិនដារ៉ូ លោក​​​គង់​ សុភី និង​អ្នក​នាង​ស៊ឹម សូលិកា ចូល​រួម​សំដែង​ផង​ដែរ​ ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​ពី​ប្រិយ​មិត្ត​​ទស្សនិកជន​ជាតិ​និង​អន្តរជាតិ។ ការ​រៀបចំ​សំដែង​សិល្បៈ​មាន​ទ្រង់​ទ្រាយ​ធំ​មិន​ធ្លាប់​មាន​នេះ ​ពី​​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ចូល​ទស្សនា​កើន​ឡើង​ជា​លំដាប់។ ការ​សំដែង​សិល្បៈ​នេះ​មាន​សិល្បៈ​ចម្រុះ ​ដូច​ជា​របាំ​បុរាណ របាំ​ព្រះ​រាជ​ទ្រព្យ របាំ​ក្ងោក​ប៉ៃលិន ល្ខោន​ខោល​ ឈុត​កកើត​ទឹក​ដី ឈុត​រៀប​អាពាហ៍ពិពាហ៍​ព្រះថោង​និង​នាង​នាគ និង​ឈុត​កសាង​ប្រាសាទ​អង្គរ​ជាដើម។

ទាក់​ទិន​រឿង​ក្រោម​បារមី​អង្គរ​និទាន​ថា នៅ​ឆ្នាំ​១៨៩០ លោក Henri Mouhot ជា​ធម្មជាតិ​វិទូ​ជន​ជាតិ​បារាំង បាន​ធ្វើ​ដំណើរ​ស្រាវ​ជ្រាវ​តំបន់​មួយ​ចំនួន​នៅ​ប្រទេស​សៀម និង​ឡាវ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា លោក Henri បាន​ឮ​អ្នក​ភូមិ​និយាយ​អំពី​ប្រាសាទ​ដែល​មាន​សោភ័ណភាព​ដ៏​ផូរផង់​ធំ​មហិមា ដែល​គេ​ជឿ​ថា​បាន​សាង​សង់​ឡើង​ដោយ​ព្រះ​អាទិទេព។ នៅ​ទី​បំផុត​ប្រាសាទ​ដែល​លាក់​ខ្លួន​ក្នុង​ព្រៃ​ដ៏​ក្រាស់​នោះ​ស្ថិត​នៅ​ពី​ មុខ​គាត់។ គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ទៅ​នឹង​រូប “ចម្លាក់​ទេព​អប្សរា” ដែល​ធ្វើ​ពី​ថ្ម​ភក់​ខ្ពស់​ប្លែក​អស្ចារ្យ។ ទេព​អប្សរា​ជា​អ្នក​នាំ​រូប​គាត់​ទៅ​កាន់​អតីតកាល​ឱ្យ​ស្វែង​យល់​ពី​ ប្រវត្តិសាស្ត្រ។

លោក​ Henri សន្លប់​លើ​ដី​ខ្សាច់​នៃ​កោះ​មួយ។ គាត់​ដឹង​ខ្លួន​វិញ​នៅ​ពេល​ឮ​សំឡេង​សេះ​ស្រែក​ពី​ចម្ងាយ ហើយ​ទេព​អប្សរា​ក្នុង​រូប​ចម្លាក់​បង្ហាញ​ខ្លួន​ឡើង។ លោក Henri គ្រវី​ក្បាល​ទាំង​វង្វេង​វង្វាន់ ព្រោះ​មិន​ច្បាស់​ក្នុង​ចិត្ត​ថា តើ​គាត់​កំពុង​តែ​សុបិន​ឬ​ជា​ការ​ពិត។ ទេព​អប្សរា​បាន​នាំ​គាត់​ទៅ​មើល​​សោភ័ណភាព​នៃ​អារ្យធម៌ ចាប់​ផ្ដើម​ពី​ដើម​កំណើត​រឿង​ព្រេង​ចក្រភព​ខ្មែរ ពោល​គឺ​រឿង​រ៉ាវ​ស្នេហា​រវាង​ព្រះ​ថោង​ និង​នាង​នាគ​ដែល​ជា​បុត្រី​របស់​ស្ដេច​ភុជង្គនាគ។

បន្ទាប់​មក​ទៀត​ទេព​អប្សរា​បាន​នាំ​គាត់​ទៅ​កាន់​អតីតកាល​ជា​ពេល​ដែល​ ប្រាសាទ​អង្គរ​បាន​នឹង​កំពុង​សាង​សង់​ឡើង​ដោយ​កម្មករ​រាប់​ពាន់​នាក់។ លោក​ Henri ឃើញ​មនុស្ស​កំពុង​តែ​ដាប់​ថ្ម​ធំ​ៗ​យក​មក​សាង​សង់​យ៉ាង​លំបាក​លំបិន។ ទី​បំផុត​អង្គរ​វត្ត​បាន​សាង​សង់​រួច​យ៉ាង​ប្រណីត។

បន្ទាប់​មក​ចក្រភព​ខ្មែរ​ក្នុង​រជ្ជកាល​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី​២​លេច​ ជា​រូប​រាង​ឡើង។ ទី​ផ្សារ​មាន​មនុស្ស​យក​ទំនិញ​ផ្សេង​ៗ​មក​ប្ដូរ​គ្នា​និង​លក់។ ក្រៅ​ពី​នេះ​មាន​មនុស្ស​ចាស់​ធ្វើ​គ្រឿង​សក្ការ​បូជា​ពី​ផ្កា​ភ្ញី។ ទេព​អប្សរា និង​លោក Henri ដើរ​ពិនិត្យ​មើល​ជីវភាព​រស់​នៅ​របស់​ប្រជាជន។ លោក​ Henri ស្ងើចសរសើរ​ចំពោះ​វប្បធម៌​ដ៏​​រុង​​រឿង​របស់​ចក្រភព​នេះ។

ទេព​អប្សរា​ប្រាប់​លោក Henri ថា នាង​កើត​ពី​ការ​កូរ​សមុទ្រ​ទឹក​ដោះ។ ក្នុង​ការ​សំដែង​រឿង​កូរ​មហា​សមុទ្រ​ទឹក​ដោះ​ មាន​តួ​អង្គ​ទេព​អប្សរា​ចូល​រួម​សំដែង​ជា​ច្រើន​នាក់។ រូប​ចម្លាក់​​ទេព​អប្សរា​ដែល​គេ​ឆ្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​មាន​ជីវិត​ ឡើង​វិញ និង​ចេញ​​មក​រាំ​នៅ​ខាង​ក្រៅ។ ទី​បំផុត​ទេព​អប្សរា​បាត់​រូប​រាង​ចូល​ទៅ​ក្នុង​ជញ្ជាំង​ប្រាសាទ។ លោកHenri រត់​ជុំវិញ​ស្វែង​រក​ទេព​អប្សរា​ ខណៈ​ប្រាសាទ និង​បរិវេណ​ជុំវិញ​រុំ​ព័ទ្ធ​ទៅ​ដោយ​ព្រៃ​ក្រាស់​ម្ដង​ទៀត​ដូច​ពេល​លោក​មក​ ដល់​ដំបូង។ លោក Henri ទៅ​ដល់​កន្លែង​គាត់​សន្លប់​វិញ។ គាត់​ក្រឡេក​មើល​ជុំវិញ​ខ្លួន​ដោយ​ការ​ងឿង​ឆ្ងល់។ សហសេវិក​របស់​គាត់​ដើរ​ទៅ​ជិត​គាត់​ ហើយ​ប្រុង​យក​ដៃ​ប៉ះ​ទេព​អប្សរា​លើ​ជញ្ជាំង​។ លោក Henri យក​ដៃ​រារាំង​ពួក​គេ​មិន​ឱ្យ​ប៉ះ​ទេព​អប្សរា ដោយ​លោក​និយាយ​ទៅ​កាន់​ពួក​គេ​ថា “យើង​មិន​គួរ​រំខាន​នាង​ទេ។ កាតព្វកិច្ច​ចម្បង​របស់​យើង គឺ​កំពុង​រង់​ចាំ​យើង​ហើយ។​ មិន​ថា​វា​ហត់​នឿយ និង​លំបាក​យ៉ាង​ណា​ទេ​ យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​សម្រេច”។ លោក​ Henri ដឹកនាំ​ក្រុម​របស់​គាត់​ចូល​ទៅ​ក្នុង​ប្រាសាទ។ រូប​ចម្លាក់​ទេព​អប្សរា​លើ​ជញ្ជាំង​ញញឹម ខណៈ​ពន្លឺ​ចាំង​លើ​ប្រសាទ​នេះ​ធ្វើ​ឱ្យ​វា​មាន​រូប​រាង​ដ៏​អស្ចារ្យ៕

http://women.open.org.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s