ទាហាន​ខ្មែរ​ខ្លះ​នៅ​ព្រះវិហារ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព

កង ​ទាហាន​ខ្មែរ​ខ្លះ ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​កងយោធា​ថៃ នា​តំបន់​ប្រាសាទ​ព្រះវិហារ កំពុង​ជួប​ប្រទះ​បញ្ហា​សុខភាព កើត​ជំងឺ​ផ្ដាសាយ ដោយសារ​តែ​ធាតុ​អាកាស​ត្រជាក់​និង​រាករូស ដោយសារ​ការបរិភោគ​ចំណី​អាហារ​និង​ទឹក។

អង្គការ​មនុស្ស​ធម៌​ក្នុង​ស្រុក​ចែក​អំណោយ​ជា​ថ្នាំពេទ្យ​ដល់​ទាហាន​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​២៩ កក្កដា ២០០៨។

មន្រ្តី​ពេទ្យ​មួយ​រូប ដែល​ប្រចាំការ​នៅ​ក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ ទី​៦ ខែ​សីហា​នេះ​ថា មាន​ទាហាន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្លះ នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ កំពុង​ទទួល​រង​ជំងឺ​ផ្ដាសាយ ច្រើន​ជាង​ប្រភេទ​ជំងឺ​ដទៃ​ទៀត ៖ «ពេល​ ខ្លះ ​ញាក់ យើង​ជោះ​ឈាម​ធ្វើ​តេស្ត អត់​មាន​គ្រុន​ចាញ់​ទេ បើ​ផ្ដាសាយ​រាង​ច្រើន​ជាង​គេ​បន្តិច ឈឺ​ក្បាល ឈឺ​ក្រពះ រាក មាន​ខ្លះ​ដែរ»

តាម​ការបង្ហាញ​តួលេខ​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ចុះឈ្មោះ​សុំ​ថ្នាំ​ចំនួន ៦៥​នាក់ គឺ ៤០​នាក់ មាន​អាការៈ​ជំងឺ​ផ្ដាសាយ។

ពលទាហាន​ខ្មែរ​ម្នាក់ ដែល​កំពុង​បោះ​ជំរំ​នៅ​ខ្សែ​ត្រៀម​ទី​មួយ ប្រឈម​មុខ​នឹង​កងទាហាន​ប៉ារ៉ា​ថៃ​ដ៏​តឹងតែង បាន​មាន​ប្រសាសន៍​ថា ពួកគាត់​បាន​កើត​ជំងឺ​រាក​ប្រហែល​ជា​បណ្ដាល​មក​ពី​ចំណី​អាហារ​និង​ទឹក​ដែល​ ដង​មក​អណ្ដូង​ប្រើប្រាស់ ហើយ​បាន​កើត​ជំងឺ​ផ្ដាសាយ​ដោយសារ​តែ​ធាតុ​អាកាស​ត្រជាក់​ខ្លាំង ៖ «ផ្ដាសាយ​មាន រាក ចុកមួល។ ទឹក​អណ្ដូង ហើយ​ម្ហូប​មាន​ត្រី​ខ មី»

ចំណែក​ឯ កងទាហាន​ឈុត​ខ្មៅ​របស់​ថៃ​វិញ បាន​បង្ហើប​ឲ្យ​ដឹង​ថា ពួកគេ​ក៏​មាន​ជំងឺ​គ្រុន​ចាញ់​ខ្លះ និង​មាន​បញ្ហា​ផ្ដាសាយ​ផង​ដែរ ក៏​ប៉ុន្តែ​កងទាហាន​ថៃ​ទាំង​នោះ ត្រូវ​បាន​ផ្លាស់ប្តូរ​ចេញ ដាក់​ថ្មី​មក​ជំនួស នៅពេល​ដែល​មាន​ជំងឺ។

ការប្រឈម​មុខ​ដាក់គ្នា​រវាង​កងទ័ព​ខ្មែរ​ថៃ នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅតែ​ស្ថិត​ក្នុង​សភាព​តឹងតែង​ផ្នែក​យោធា​នៅ​ឡើយ​ដោយ​កងទ័ព​ថៃ រាប់​រយ​នាក់ នៅតែ​មាន​វត្ត​មាន​លើ​ទឹក​ដី​ខ្មែរ។

មេ​បញ្ជាការ​កងពល​អន្តរាគមន៍ លេខ​១២ ដែល​កំពុង​គ្រប់គ្រង​កងទ័ព​ខ្មែរ នៅ​តំបន់​ប្រឈម​មុខ​នោះ លោក​ឧត្ដមសេនីយ៍​ទៅ ស្រី ឌឹក បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ថា សភាពការណ៍​យោធា​នៅ​ទី​នោះ គឺ​ដដែល ពុំ​មាន​ការប្រែប្រួល​ណា​មួយពី​យោធា​ថៃ លើ​គម្រោង​ដកទ័ព​ចេញ​នៅ​ឡើយ​ទេ ៖ «អត់ទាន់​មាន​អី​ប្រែប្រួល​ទេ»

សូម​រំឭក​ថា ចាប់តាំង​តែ​ពី​កង​ទាហាន​ឈុត​ខ្មៅ​-ថៃ បាន​ចូល​លុកលុយ​ក្នុង​ទីវត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ទឹកដី​ខ្មែរ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​សីហា មាន​រយៈពេល ២៣​ថ្ងៃ​ហើយ ដោយ​ភាគី​ថៃ មិន​បាន​បង្ហាញ​ឆន្ទៈ​ច្បាស់លាស់ ក្នុង​ការដក​កង​ទ័ព​ចេញ ពី​ទឹកដី​ខ្មែរ​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​ការជួប​ចរចា​រវាង​មន្រ្តី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​នៅឯ​ ខេត្ត​សៀមរាប បាន​យល់ព្រម​ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ក៏​ដោយ។

ចំណែក​នៅ​ឯ​ច្រក​ព្រំដែន​ជាំសាងាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ឯណោះ​វិញ មាន​សេចក្ដី​រាយការណ៍​ថា យន្តហោះ​យក​ការណ៍​របស់​ថៃ បាន​ហោះ​ល្បាត​ជាប់​បន្ទាត់​ព្រំដែន ហើយ​កង​ទាហាន​ថៃ​ជា​ច្រើន កំពុង​ធ្វើ​សកម្មភាព​ល្បាត​តាម​បន្ទាត់​ព្រំដែន​ថៃ​-កម្ពុជា ៖ «មួយ​ថ្ងៃ​ពីរ​ថ្ងៃ ឃើញ​យន្តហោះ​ស្លាបកាត់​របស់​វា​ហោះ ទាហាន​វា ដើរ​ល្បាត​ជា​ប្រចាំ»

តាម​កង​រក្សា​ព្រំដែន​ខ្មែរ នៅឯ​ច្រក​ជាំសាងាំ បាន​ឲ្យ​ដឹង​ថា ខណៈពេល​ដែល​កងទ័ព​ជា​ច្រើន​រយ​នាក់ បាន​បញ្ជូន​មក​ដាក់​ការពារ​ព្រំដែន​ខ្មែរ នៅ​តំបន់​នោះ ពួក​គេ​មាន​បញ្ហា​ខ្វះ​ម្ហូប​អាហារ ដោយ​ត្រី​ខ​មួយ​កំប៉ុង ហូប​គ្នា ៥​នាក់ ក្នុង​មួយ​ពេល​ក៏​មាន៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s