ពាក្យ “ខ្មែរ” មក​ពី​ពាក្យ “ម៉ែ”?

ឃើញ​ថា​ពាក្យ​”ខ្មែរ”​ហ្នឹង មាន​ការ​បកស្រាយ​មក​ជា​ច្រើន​របៀប និង​អត្ថន័យ​តាម​អ្នក​ស្រាវជ្រាវ​នីមួយៗ។ ពេល​នេះ ខ្ញុំ​សូម​លើក​យក​អត្ថបទ​មួយ ដែល​សរសេរ​ដោយ​លោក ឫទ្ធី ដែល​ខ្ញុំ​បាន​ឃើញ​នៅ​វិបសាយ ខ្មែរ​អូអេស​​​ដើម្បី​យក​មក​ចែក​​គ្រាន់​ពិចារណា​បន្ថែម។

ឫទ្ធី៖ អ្នក​សុរិន្ទ្រ គេ​បញ្ចេញ​សម្លេង​ថា ខ្មែរ ដោយ​ឮ រ ប្រកប​យ៉ាង​ច្បាស់។ ឯ​ពាក្យ ម៉ែ ពុំ​មាន​ឮ​ រ​ ប្រកប​ទាល់​តែ​សោះ។ សូម​រំឭក​ថា ខ្មែរ​សុរិន្ទ ៩៩% មិន​ចេះ​អាន​អក្សរ​ខ្មែរ ព្រោះ​រដ្ឋាភិបាល​ថៃ​ហាម​មិន​ឲ្យ​ពួក​គេ​រៀន​អក្សរ​ខ្មែរ​និង​ភាសា​ខ្មែរ​នៅ ​សាលា​រាប់​សិប​ឆ្នាំ ទើប​​តែ​ប៉ុន្មាន​ខែ​មុន បាន​អនុញ្ញាត​ឲ្យ​បើក​សាលារៀន​បង្រៀន​ភាសា​ខ្មែរ​មួយ​កន្លែង។ ដូច្នេះ បើ​ខ្មែរ​សុរិន្ទ​ថា ខ្មែរ ដោយ​ឮ រ​ នៅ​ខាង​ចុង​ពាក្យ​ បាន​ន័យ​ថា មាន​ រ ប្រកប​មែន គេ​មិន​មែន​ថា​អញ្ចឹង​ឲ្យ​ត្រូវ​តាម​អក្ខរាវិរុទ្ធ​ខ្មែរ។ តាម​លោក ឌីហ្វឡត ពាក្យ​ ខ្មែរ មក​ពី​កិរិយាស័ព្ទ កែរ ដែល​មាន​ក្នុង​គ្រាមភាសា​ខ្មែរ​សុរិន្ទ មាន​ន័យ​ថា កៀរ ព្រោះ​គាត់​ឮ​ចាស់ៗ នៅ​សុរិន្ទ​តំណាល​ថា ជំនាន់​មុនៗ ធ្លាប់​បរ​រទេះ​ចុះ​មក​សៀម​រាប​ដើម្បី​”កែរ” (កៀរ) ត្រី​ធ្វើ​ប្រហុក ដូច្នេះ​ ខ្មែរសម្ដៅ​លើ​ជន​ជាតិ​មួយ​ដែល “កែរ” គឺ​ជា​អ្នក​លក់​ដូរ។ សម្មតិកម្ម​មួយ​ទៀត គឺ​ថា ក្នុង​ភាសា​មន-ខ្មែរ ជា​ច្រើន គេ​ហៅ​ ចម្ការ ថា មីរ ឬ ម៉ារ (ក្នុង​ភាសា​បះណារ លេខ ២ គេថា​ បារ ត្រូវ​នឹង​ពាក្យ​ខ្មែរ​ថា ពីរ ដូច្នេះ​មិន​មែន​ជា​ការ​គួរ​ឲ្យ​ឆ្ងល់ ដែល​ស្រៈ​អា​ក្នុង​ភាសា​មួយ ត្រូវ​ជា​ស្រៈ អ៊ី ក្នុង​ភាសា​មួយ​ទៀត)។ ខ្មែរ ប្រហែល​ជា កូន​មីរ គឺ​ជា អ្នក​ចម្ការ ក្នុង​សម័យ​កាល​មួយ ដែល​ជន​ជាតិ​ខ្មែរ​មិន​ទាន់​ចេះ​ធ្វើ​ស្រែ។ នៅ​សម័យ​មុន​អង្គរ មាន​​ស្រី​បម្រើ​ម្នាក់ មាន​ឈ្មោះ​ថា ក្មេរ៑ ប្រហែល​នាង​នោះ​ជា​ជន​ជាតិ​ខ្មែរ ក៏​មិន​ដឹង។ នៅ​សម័យ​អង្គរ ឃើញ​មាន​ពាក្យ​ថា ខ្មេរ ជា​ឈ្មោះ​ជន​ជាតិ។ យើង​អាច​សន្និដ្ឋាន​បាន​ថា កូន​មីរ បាន​ក្លាយ​ជា​ ក្មីរ រួច​ក្រោយ​មក​បាន​ក្លាយ​ជា​ក្មេរ ខ្មេរ និង​ខ្មែរ ជា​លំដាប់​លុះដោយ។ សម្មតិកម្ម​មួយ​ទៀត គឺ​ថា ក្នុង​អម្បូរ​ភាសា​មន-​ខ្មែរ​នៅ​សម័យ​បុរេប្រវត្តិ ពាក្យ ជីក គេ​បញ្ចេញ​សម្លេង​ថា គីរ រួច​ដាក់​ស្នៀត ម ត្រូវ​ជា គ្មីរ ពោល​គឺ​ អ្នក​ជីក បាន​ន័យ​ថា អ្នក​ចេះ​ជីក​និង​គាស់​ដី​សម្រាប់​ដាំ​ដំណាំ ដូច្នេះ​ជន​ជាតិ​ខ្មែរ​គឺ​ជា​កសិករ។ ដូច្នេះ ប្រែហល​ជា​ជន​ជាតិ​ខ្មែរ​មិន​មែន​ជា​អ្នក​គោរព​ម៉ែ បាន​ជា​បាន​ហៅ​ខ្លួន​ឯង​ថា ខ្មែរ ដូច​លោក កេង វ៉ាន់សាក់ បាន​ស្នើ។ សូម​អាន​អត្ថបទ​សរសេរ​ដោយ​ ហ្សេរ៉ារដ៍ ឌីហ្វឡត Diffloth, Gérard, 1996, “History of the word ‘khmer’,” Khmer Studies, Proceedings of the International Conference on Khmer Studies, Université royale de Phnom Penh, Sorn Samnang, ed., vol. 2, p. 644-652, Phnom Penh និង​អត្ថបទ​របស់​ មីសែល អង់តែល្ម Antelme, Michel, 1998, “Quelques hypothèses sur l’étymologie du terme ‘khmer’,” Péninsule 37. 1998 (2) : 157-192។ សម្មតិកម្ម​ទាំង​នេះ គ្រាន់​តែ​ជា​សមតិកម្ម​ប៉ុណ្ណោះ ពុំ​មាន​នរណា​អាច​និយាយ​ថា ជា​ការ​ពិត ព្រោះ​ខ្វះ​ភស្តុតាង​ជាក់​លាក់។

ខ្ញុំ៖ បណ្ឌិត​កេង វ៉ាន់សាក់​ថាពាក្យ​ខ្មែរ មក​ពី​ប្រជាជន​ជា​អ្នក​គោរពម៉ែ? ចេះ​តែ​ថា ឬ​ចេះ​តែ​នឹក​ឃើញ​និយាយ? បុព្វបុរស​ខ្មែរ​យើង​ពី​មុន​ល្ងង់​ដល់​ថ្នាក់​ហ្នឹង​ផង? ដល់​ថ្នាក់​ដាក់​ឈ្មោះ​ជនជាតិ​របស់​ខ្លួន​​ថា​ជា​អ្នក​គោរព​ម៉ែ។ នរណា​មិន​គោរព​ម៉ែ? បើ​ដាក់​ឈ្មោះ​ជនជាតិ​នេះ​ថា​បែប​នេះ​មែន មាន​តែ​ជនជាតិ​ផ្សេង សុទ្ធ​តែ​អត់​គោរព​ម៉ែ។ ខ្ញុំ​ឃើញ​ថា​ឫទ្ធី​បកស្រាយ​មក​នេះ គឺ​អាច​យក​មក​ពិចារណា​បាន ចំណែក​ការ​បកស្រាយ​របស់​បណ្ឌិត​កេង វ៉ាន់សាក់ ខ្ញុំ​មិន​យល់​ស្រប​ឡើយ។

by http://4khmer.wordpress.com/

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s