ដើម្បីជាការអភិរក្ស និងលើកស្ទួយអក្សរសាស្ត្រខ្មែរឲ្យកាន់តែមានភាពទំនើបដើរទាន់តាមសម័យកាលបច្ចេកវិទ្យារបស់ពិភពលោក និស្សិត និងបញ្ញវន្តខ្មែរមួយក្រុមបានផ្ដួចផ្ដើមគំនិតក្នុងការបង្កើតក្ដារសរសេរជាភាសាខ្មែរដំបូងគេសម្រាប់ Android ប្រើលើទូរស័ព្ទដៃប្រភេទSmartphone។
ស្ថាបនិក ហ្វុន យូនីកូដ លោកដាញ់ ហុង ដែលជាអ្នកចូលរួមបង្កើតគំនិតផ្ដួចផ្ដើមនេះបានលើកឡើងថា បច្ចុប្បន្នក្រុមរបស់លោកកំពុងរៀបចំធ្វើពុម្ពគំរូតួអក្សរខ្មែរដាក់ឲ្យ Developer របស់ចិនពិនិត្យដើម្បីឲ្យពួកគេជួយបង្កើតកម្មវិធីដែលអាចសរសេរតួអក្សរខ្មែរលើទូរស័ព្ទដៃរបស់ Smartphone។
លោកបន្តទៀតថា នេះគ្រាន់តែជាដំណាក់កាលចាប់ផ្ដើមប៉ុណ្ណោះ វានៅមិនទាន់រួចរាល់ទាំងស្រុងនោះទេ។ “ពេលយើងបញ្ជូនពុម្ពអក្សរខ្មែរឲ្យខាង Developer ចិនធ្វើរួចរាល់ យើងនឹងវាយតម្លៃជាថ្មីថាតើមានអ្វីដែលត្រូវកែសម្រួល ឬផ្លាស់ប្ដូរបន្ថែមទៀត”។
ស្ថាបនិកខ្មែរ យូនីកូដរូបនេះបញ្ជាក់ថា ការងារនេះមិនជាការងាយស្រួលប៉ុន្មាននោះទេ ពីព្រោះវាត្រូវការការត្រិះរិះពិចារណាឲ្យបានម៉ត់ចត់លើទម្រង់តួអក្សរ ឬរបៀបនៃការសរសេរដើម្បីឲ្យវាប្រើទៅមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
លោកបន្តទៀតថា បច្ចុប្បន្នទូរស័ព្ទ Smartphone ដែលដំណើរការណ៍ដោយ Android មិនអាចស្គាល់ យូនីកូដខ្មែរបាននោះទេ។ យ៉ាងណាមិញមានសិស្សនិស្សិតខ្មែរ ដែលជាអ្នកគាំទ្រនិងប្រើប្រាស់ Android បានព្យាយាមបំបែកកូដ (Root) ដើម្បីឲ្យ Android អាចស្គាល់តួអក្សរខ្មែរលើប្រភេទទូរស័ព្ទដៃបានមួយចំនួនផងដែរ ប៉ុន្តែមិនទាន់ទូលំទូលាយនៅឡើយ។
“អ្វីដែលយើងធ្វើនៅពេលនេះ គឺងាយស្រួលដល់ថ្ងៃក្រោយពេលដែល Android ស្គាល់តួអក្សរខ្មែរបានទូលំទូលាយ ពេលនោះយើងនឹងមានកម្មវិធីមួយដែលប្រើការសរសេរ ជាជាងការចុចដែលវាពិបាក និងស្មុគស្មាញ”។
និស្សិតឡូវ គឹមថេង ដែលជាអ្នកផ្ដួចផ្ដើមគំនិតមួយរូបដែរនោះបានឲ្យដឹងដែរថា ប្រសិនបើកិច្ចការនេះទទួលបានជោគជ័យ វាពិតជាល្អប្រសើរណាស់សម្រាប់អ្នកប្រើ Android ដែលពួកគេមិនចាំបាច់ពិបាកទៀតនោះទេ ដោយពួកគេគ្រាន់តែប្រើការសរសេរ ឬគូសវាសនៅលើ Touchpad ទៅវាលឿនរហ័ស និងងាយស្រួល។
យ៉ាងណាមិញលោកដាញ់ ហុង បានសំណូមពរឲ្យអ្នកដែលមានជំនាញខាង Developer ក្នុងស្រុកឲ្យជួយដើម្បីធ្វើឲ្យកិច្ចការងារទាំងនេះដំណើរការណ៍ទៅកាន់តែមានភាពងាយស្រួល និងទទួលបានជោគជ័យ។
គំនិតបង្កើតក្ដារសរសេរភាសាខ្មែរលើ Android នេះបង្កើតឡើងដោយស្ថាបនិក ហ្វុន យូនីកូដខ្មែរលោក ដាញ់ ហុង និស្សិត ទេព សុវិចិត្រ និងឡូវ គឹមផេង ហើយក៏មានការចូលរួមជួយជាគំនិតពីអ្នកដែលគាំទ្រ និងកំពុងប្រើប្រាស់ប្រព័ន្ធ Android មួយចំនួនផងដែរ។
អត្ថបទ៖ http://sabay.com.kh
http://sabay.com.kh/articles/164143