អប្សរា និង​ ប្រវត្តិ​របាំ​អប្សរា

ពាក្យ អប្សរ​​​ ដែល​ពាក្យ​សំស្រ្កឹត ថា អប្សរស៑ ឬ អប្សរា បាលី​ គឺ អច្ឆរា ជា​ស្រី​មានសម្បុរ​ថ្លា​ស្រស់, ផូរផង់ ​ឬ​ស្រី​មាន​មុខ​ថ្លា​ស្រស់​បំព្រង ។ តាម​សេចក្ដី​តំណាល​ក្នុង​គម្ពី​ព្រាហ្មណ៍​ថា ស្រ្តី​សួគ៌​ពួក​មួយ​ដែល​ផុស​ឡើង​ពី​ទឹក ក្នុង​កាល​ដែល​កូរ​យក​ទឹក​អម្ឫត នៅ​សមុទ្រ​ទឹក​ដោះ ។ បាន​សេចក្ដី​ថា ក្នុង​ចលនា​កូរ​មាន​លេច​ចេញ​​ពី​ផ្ទៃ​សមុទ្រ​នូវ​​សត្វ​ចម្លែក​អស្ចារ្យ​ជា​ ច្រើន​ជា​បន្ត​បន្ទាប់ ដែល​ក្នុង​ខណៈ​នោះ​ក៏​មាន​ចេញ​នូវ​តួ​នាង​ទេព​អប្សរ​ជា​ច្រើន ពត់​ពេន​ខ្លួន​រាំ​នៅ​លើ​អាកាស ។ ប៉ុន្តែ​តាម​ការពិត​មិន​មែន​ដូច​ច្នោះ​ទេ, ដែល​ហៅ ថា​ អប្សរ ឬ អប្សរា នោះ​ដោយ​សេចក្ដី​ថា “ស្រី​សួគ៌​មាន​សម្បុរ​ភ្លឺ​ថ្លាផូរផង់​ឬ​ស្រី​សួគ៌​ឆើត​ឆោម” ។
ក្នុង​ការ​ប្រើ​ប្រាស់​ពាក្យ​នេះ ខ្មែរ​ប្រើ​ក្លាយ​ជា អក្សរ ក៏​មាន ដូច​ជា​ពាក្យ ស្រី​អក្សរ, ស្រី​ទេព​អក្សរ​បវរ​កញ្ញា ជា​ដើម ។ យើង​គួរ​តែ​កុំ​ប្រើ​ ហើយ​ត្រូវ​ប្រើ អប្សរ ឬ អប្សរា, អច្ឆរា វិញ ។

រូប ​នាង​ត្រូវ​បាន​បុព្វ​បុរស​ខ្មែរ​ឆ្លាក់​លើ​សិលា​នៃ​ប្រាសាទ​ជា​ច្រើន ពិសេស​ប្រាសាទ​អង្គរ​វត្ត ដែល​មាន​រូប​នាង​រាបពាន់​ក្នុង​សណ្ឋាន​ខុស​ប្លែក​ពី​គ្នា [...]