យោងតាមសេចក្តីប្រកាសព័ត៌មានរួម
របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកកាលពីថ្ងៃទី ១២ធ្នូ កន្លងទៅ ឲ្យដឹងថា មានយុវជនអាយុ១៩ ឆ្នាំម្នាក់ នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានកើតជំងឺផ្តាសាយបក្សី ហើយនាពេលនេះ យុវជនរូបនោះបាននឹងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាលម៉ែត្រក្រុងភ្នំពេញ។
នេះគឺជាមនុស្សទី៨ ហើយ ដែលបានកើតជំងឺផ្តាសាយបក្សីនៅស្រុកខ្មែរ ចាប់តាំងពីឆ្នាំ ២០០៥មក និងដែលក្នុងនោះ មាន ៧នាក់ បានស្លាប់បាត់ទៅហើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែល ដំបូង យុវជនរូបនោះ មានអាការៈក្តៅខ្លួន-ក្អក-ឈឺសាច់ដុំ និងឈឺបំពង់ក នៅថ្ងៃទី ២៨ ខែវិច្ឆិកា បន្ទាប់មកនៅថ្ងៃទី ១១ ធ្នូ កន្លងទៅ អ្នកជំងឺត្រូវបានរកឃើញ ថាមានជំងឺផ្តាសាយបក្សីតាមរយៈប្រព័ន្ធតាមដានជំងឺគ្រុនក្តៅ ។
ការស្រាវជ្រាវនេះ ត្រូវបានធ្វើនៅខេត្តកណ្តាល និងដែលមានការបញ្ជាក់ពីផ្នែកមន្ទីរពិសោធន៍ ដែលត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលជាតិជំងឺផ្តាសាយ នៅទីក្រុងភ្នំពេញ។
បច្ចុប្បន្ននេះ ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយក្រសួងសុខាភិបាល កំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីកំណត់អ្នកដែលបានប៉ះពាល់អ្នកជំងឺ ហើយចាប់ផ្តើមធ្វើការព្យាបាល-ការពារ ព្រមទាំងធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំ ទាក់ទងនឹងជំងឺផ្តាសាយបក្សី ដល់ពលរដ្ឋដទៃ ផ្សេងទៀត ។
Filed under: ព័ត៌មាន | Leave a Comment »
