ដោយ ម៉ាយ៉ារិទ្ធិ
2008-10-15
សេចក្តី រាយការណ៍ផ្លូវការអំពីការស្លាប់និងរបួសទាំងខាងខ្មែរនិងថៃ នៅក្នុងការផ្ទុះអាវុធនៅក្បែរប្រាសាទព្រះវិហារ នារសៀលថ្ងៃ១៥ តុលានេះ បានឲ្យដឹងថា ទាហានខ្មែរ២នាក់បានស្លាប់និង២នាក់រងរបួស។ ខាងភាគីថៃបានជូនដំណឹងថា ថៃមានទាហានរបួសចំនួន៦នាក់។
ទាហាន ខ្មែរឈរឃ្លាំមើលទាហានថៃដែលត្រូវបានចាប់ខ្លួន (រូបខាងក្រោម) នៅឯវត្តកែវសិក្ខាគិរីស្វៈរៈ ក្បែរប្រាសាទព្រះវិហារ នាថ្ងៃទី១៥ តុលា ២០០៨។
មានសេចក្តីរាយការណ៍ផ្ទុយគ្នាទាក់ទងនឹងហេតុការណ៍ខ្លះ ស្របពេលដែលមានការប្រយុទ្ធគ្នានោះ។
សេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានបារាំង អា.អេហ្វ.ប៉េ. បានរាយការណ៍ថា នៅគ្រាដែលមានការប្រយុទ្ធគ្នានៅឯតំបន់ព្រលានឥន្ទ្រី ទាហានខ្មែរចំនួន១០នាក់ ដែលបានស្ថិតក្នុងវត្តខ្មែរកែវសិក្ខាគិរីស្វរៈ ក្នុងតំបន់ប្រាសាទព្រះវិហារ ត្រូវគេរាយការណ៍ថា បានប្រគល់ខ្លួនចុះចាញ់ចំពោះទាហានថៃ។
ទាហានខ្មែរទាំង១០ គឺជាទាហានដែលគេដាក់ប្រចាំការជាមួយនឹងទាហានថៃចំនួន១០នាក់ ដូចគ្នាដែរ នៅក្នុងទឹកដីវត្តកែវសិក្ខាគិរីស្វារៈ ដែលគេចាត់ទុកជាតំបន់ស។
សេចក្តីរាយការណ៍នោះបានទទួលសេចក្តីបដិសេធពីមន្ត្រីនាយទាហានខ្មែរតាមទល់ដែន។
លោកវរសេនីយ៍ទោ តូច រ៉ា ដែលប្រចាំការនៅច្រកជាំសាង៉ាំ ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍បដិសេធចំពោះសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន ទាំងនោះ យ៉ាងដូច្នេះ ៖ «អត់មានទេ។ គឺយើងទេដែលជាអ្នកចាប់ពួកវា។ គ្មានគេចាប់យើងទេ។ យើងចាប់កម្លាំងវា[ថៃ] ១០នាក់ ដកទាំងកាំភ្លើងទៀត ក្នុងនោះមានមេបញ្ជាការរង ២៣ ទាហានឈុតខ្មៅម្នាក់ដែរ»។
ម៉ាយ៉ារិទ្ធិ ៖ ក៏ប៉ុន្តែមានសេចក្ដីរាយការណ៍តាមទីភ្នាក់ងារព័ត៌មានផ្សេងៗបានអះអាង ថា ទាហានទាំង១០ ដែលបានប្រគល់ខ្លួនគឺជាទាហានខ្មែរ។
តូច រ៉ា ៖ បាទ! អត់ទេ។ បងប្អូនយើងនៅព្រះវិហារបា្រប់មកអ៊ីចឹង។ មានតែយើងជាអ្នកចាប់។ ឥឡូវពួកវាមកសុំយើងផងក៏មិនដឹង។
ម៉ាយ៉ារិទ្ធិ៖ លោកវរសេនីយ៍ នៅពេលដែលមានការប៉ះទង្គិចគ្នា តើទាហានថៃដែលស្ថិតនៅមុខខ្សែត្រៀមជួរមុខទល់មុខនឹងទាហានខ្មែរ នៅកន្លែងដែលលោកគ្រប់គ្រងមានលក្ខណៈយ៉ាងម៉េចដែរទៅ?
តូច រ៉ា ៖ កម្លាំងរបស់យើងត្រៀមតាមផែនការរួចរាល់អស់ហើយ អត់មានបញ្ហាអីទេ។ ប៉ុន្តែខាងភាគីថៃហ្នឹង ឥឡូវនេះ យើងឃើញផ្ទាល់ភ្នែក គឺគេនៅក្នុងទឹកដីរបស់គេទេ គឺនៅខាងថ្នល់កៅស៊ូរបស់គេម្ខាងនៅជិតផ្សារ គឺវាមាន[រថពាសដែល]របស់វាចល័តចុះចល័តឡើង ដឹកកម្លាំងខ្លះទៅមកៗ៕
Filed under: ព័ត៌មាន
