អ្នក ប្រាជ្ញជាតិ និងអន្តរជាតិបានបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទី៧ជាមហាវរក្សត្រដ៏ឆ្នើម ក្នុងការដឹកនាំប្រទេសជាតិអោយមានការរីកចម្រើនរុងរឿងដល់កំពូល។ ព្រះអង្គបានកសាងសមិទ្ធផលជាច្រើន ដើម្បីបម្រើវិស័យព្រះពុទ្ធសាសនាសេដ្ឋកិច្ច កសិកម្ម សុខាភិបាល និងសង្គមកិច្ច។ ព្រះអង្គគឺជាស្ដេចដែលមានព្រហ្មវិហារធម៌ ហើយបានអនុវត្តនយោបាយពង្រីកទឹកដីដ៏ធំមហាសាល។
ព្រះបាទជ័យវរ្ម័នទី៧ ឈ្មោះដើមជ័យវធ៌ន ជាបុត្រារបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២ និងព្រះនាងចូឌាមណិ ហើយព្រះអង្គមានមហេសីពីរ គឺព្រះនាងជ័យរាជទេវី រៀបអភិសេកមុនឡើងគ្រងរាជសម្បត្តិ។ បន្ទាប់ពីព្រះនាងសោយទិវង្គតព្រះអង្គបានរៀបអភិសេកជាមួយព្រះនាង ឥន្ទ្រទេវី ដែលជាព្រះរាមមេហេសីមុន គឺព្រះនាងជាសាកលវិទ្យាធិការ និងជាអ្នកនិពន្ធភាសាសំស្ក្រឹតថែមទៀត។ នៅឆ្នាំ១១៧៧ ពេលចាមចូលមកត្រួតត្រាប្រទេសកម្ពុជាព្រះបាទជ័យវរ្ម័នទី៧ បានធ្វើការបង្រួបបង្រួមប្រទេសជាតិគ្រប់ទិសទីឲ្យក្រោកឡើងប្រឆាំង នឹងពួកចាមរហូតដល់ឆ្នាំ១១៨១ ទើបដណ្ដើមបានជ័យជំនះ ហើយឡើងគ្រងរាជសម្បត្តិពីឆ្នាំ ១១៨១ ដល់ ១២២០ ពេលនោះព្រះអង្គធ្វើការរៀបចំក៏កសាងរាជធានីកំពែងព័ទ្ធជុំវិញ អង្គរធំ ដែលនៅគោបុរៈ និងប្រាង្គនីមួយៗមានរូបព្រហ្មមុខបួនតំណាងឲ្យព្រហ្មវិហារធម៌ទាំង ៤ គឺមេត្តា ករុណា ឧបេក្ខា និងមុទិតា ដែលគោរពព្រះពុទ្ធសាសនាមហាយាន។ តាមសិលាចារឹកប្រាសាទព្រះខ័នឆ្នាំ១១៩១ បញ្ជាក់ថា កាលនោះប្រទេសខ្មែរត្រួតត្រាដល់ជ្រោយម៉ាឡាយូ ហើយស្ដេចជ្វាយួន និងចាមចំណុះឲ្យស្ដេចខ្មែរ និងទឹកដីធំធេងណាស់។
ស្នាមព្រះហស្តព្រះបាទជ័យវរ្ម័នទី៧
ស្នាព្រះហស្តព្រះបាទជ័យវរ្ម័នទី៧មានសេសសល់ទាំងក្នុង និងក្រៅប្រទេសតាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃជាពិសេសក្រុង អង្គរទី៣ដែលមានកំពែងនិងគូទឹកព័ទ្ធជុំវិញ និងមានប្រាសាទបាយ័ននៅចំកណ្ដាលដ៏ល្អគ្មានគូប្រៀបបង្កប់នូវ អត្ថន័យជ្រាលជ្រៅ ហើយមានប្រាង្គមុខបួនញញឹមគ្រប់ទិសគួរឲ្យកោតស្ញប់ស្ញែងណាស់។ នៅជុំវិញទីក្រុងអង្គរមានប្រាសាទបន្ទាយក្ដី តាព្រហ្ម ព្រះខ័ន នាគព័ន្ធ តាសោម ក្រោលគោ និងនៅតាមបណ្ដាខេត្ត-ក្រុងទូទាំងប្រទេស។ ក្រៅពីសំណង់ប្រាសាទគេបានរកឃើញសាលាសំណាក់ចំនួន១២១ និងមន្ទីរពេទ្យចំនួន១០២ កន្លែងសម្រាប់បម្រើវិស័យសង្គមកិច្ចសុខាភិបាល។ សិលាចារឹកប្រាសាទព្រះខ័នបានបញ្ជាក់ថា ការកសាងសាលាសំណាក់ចម្ងាយ១៥គីឡូម៉ែត្រ មានមួយកន្លែង ហើយពីអង្គរទៅប្រទេសចាមមាន ៥៧កន្លែង ពីអង្គរទៅភិម៉ៃ១៧កន្លែង និង៤៤កន្លែងទៀតនៅតំបន់ផ្សេងៗ។
អត្ថន័យប្រាសាទបាយ័ន
ប្រាសាទបាយ័ន ដែលលម្អដោយស្នាមញញឹមព្រហ្មមុខបួនទាំង៥៤ ខ្លះថាតំណាងឲ្យខេត្ត-ក្រុងទូទាំងប្រទេសនាសម័យនោះ ហើយប្រាសាទនេះជាកន្លែងប្រារព្ធពិធីផ្សេងៗរបស់ព្រះរាជា ដើម្បីឧទ្ទិសដល់ព្រះរាជវង្សានុវង្សដែលសោយទិវង្គត ។ ការដែលព្រះអង្គសាងប្រាសាទមានព្រហ្មមុខបួនបែបនេះ គឺចង់បង្ហាញពីការស្រុះស្រួលគ្នាឡើងវិញ ដើម្បីកសាងជាតិមាតុភូមិដោយក្នុងប្រាសាទដែលធ្លាប់តែតម្កល់ លិង្គ(ទេវរាជ) មកតម្កល់ពុទ្ធរាជព្រះលោកេស្វរៈជំនួសវិញ។ គ្រប់សំណង់ស្ថាបត្យកម្មរបស់ព្រះអង្គសុទ្ធតែបានយកចិត្តទុកដាក់ ផ្នែកសុខាភិបាល សង្គមកិច្ច សាសនា ព្រោះព្រះអង្គយល់ថា ការឈឺចាប់របស់ប្រជារាស្ត្រ គឺជាការឈឺចាប់របស់ព្រះអង្គដែរ។ ចំណែកនៅតាមមន្ទីរពេទ្យមានគ្រូពេទ្យជំនាញប្រចាំការដើម្បីព្យាបាល ជំងឺ និងចែកថ្នាំជូនដល់អ្នកជំងឺ ដែលមានសកម្មភាពរស់រវើក។
ទស្សនៈរបស់វាគ្មិន

ផែនទីប្រទេសកម្ពុជាសម័យមហានគរនៅ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្សី កាលពីព្រឹកថ្ងៃទី៣០ វិច្ឆិកាកន្លងមក មានរៀបចំធ្វើសិក្ខាសាលាស្ដីពី “ព្រះបាទជ័យវរ្ម័នទី៧ ក្នុងប្រវត្តិសាស្ត្រខ្មែរ” ដែលមានវាគ្មិនល្បីៗជាច្រើនចូលរួមផងដែរ។ លោកមឿង សុន តំណាងគណៈកម្មការរៀបចំសិក្ខាសាលានោះបានឲ្យដឹងថា លោកជាអ្នកផ្ដួចផ្ដើមកម្មវិធីនេះឡើងដែលចង់បង្ហាញពីគំនិត ឧត្ដុង្គឧត្ដមក្នុងការទទួលខុសត្រូវវប្បធម៌ជាតិ។ វប្បធម៌របស់យើងចុះខ្សោយដោយសារតែយើងមិនមានមូលដ្ឋានរឹងមាំ ដូចពាក្យស្លោកមួយឃ្លាចែងថា “វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិរុងរឿង”។ កន្លងមកលោកបានប្រទះឃើញមានការតាំងរូបចម្លាក់ព្រះបាទជ័យវរ្ម័ន ទី៧ មិនគ្រប់លក្ខណៈនៅតាមទីសាធារណៈនានា ដែលជាហេតុនាំឲ្យមានការរិះគន់ពីសំណាក់មហាជនជាតិ និងអន្តរជាតិ។ ការតាំងរូបសំណាក់មិនគ្រប់លក្ខណៈបែបនេះធ្វើឲ្យប៉ះពាល់ដល់ សតិអារម្មណ៍កូនខ្មែរ និងប៉ះពាល់ព្រះកិត្តិនាមរបស់អតីតមហាក្សត្រដ៏ខ្លាំងថែមទៀតផង។
ព្រះបាទជ័យវរ្ម័នទី៧ ជាមហាវរក្សត្រដ៏ខ្លាំងពូកែជាងគេក្នុងសម័យមហានគរដែលបានដឹកនាំ ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយទសពិធព្រះរាជធម៌អង់អាចក្លាហានឈ្លាសវៃបំផុត។ គុណបំណាច់របស់ព្រះអង្គចំពោះជាតិមិនអាចកាត់ថ្លៃបាន ហើយរូបសំណាក់ព្រះអង្គត្រូវបានគេឆ្លាក់ទុកសម្រាប់គោរពបូជារហូត ដល់សព្វថ្ងៃ សូម្បីតែពួកជនបរទេសក៏ចង់ឃើញ និងស្គាល់ព្រះភ័ក្រព្រះអង្គដែរ៕
http://women.open.org.kh
Filed under: ព័ត៌មាន
