អ្នក យកព័ត៌មានវិទ្យុអាស៊ីសេរីបានធ្វើសេចក្ដីរាយការណ៍ពីការធ្វើ សន្និសីទកាសែត បន្ទាប់ពីកិច្ចជំនួបចរចារបស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ បានបញ្ចប់ ។
ទាហានខ្មែរអង្គុយជាមួយទាហានថៃក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខែត្រព្រះវិហារ នាថ្ងៃទី២០ កក្កដា ២០០៨ ។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ៖ គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយលោកនាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានជួបប្រជុំជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់ខាងយោធារបស់ថៃ នៅសណ្ឋាគារឥណ្ឌូចិននៃស្រុកអារញ្ញ ខែត្រស្រះកែវ ពេញមួយថ្ងៃច័ន្ទនេះ ។
នៅប៉ុន្មាននាទីមុននេះកិច្ចប្រជុំបានត្រូវបញ្ចប់ដោយប្រើពេល អស់៧-៨ម៉ោង ហើយមេដឹកនាំនៃគណៈប្រតិភូរៀងៗខ្លួនបានធ្វើសន្និសីទកាសែតយ៉ាងខ្លី ជាមួយក្រុមអ្នកយកព័ត៌មានដែលមានចំនួនជិតដល់១០០នាក់ ។
កិច្ចចរចាដែលប្រើពេលអស់៨ម៉ោងហ្នឹងលទ្ធផលបានចំណុចត្រង់ថា ភាគីទាំងសងខាងគឺប្រទេសកម្ពុជានិងថៃមិនដកកងទ័ពចេញពីតំបន់ ជម្លោះនោះទេ ប៉ុន្តែភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើការលុកលុយទៅវិញទៅមក ហើយនិងមិនឲ្យមានការផ្ទុះអាវុធទេ ហើយគេនឹងមានកិច្ចប្រជុំមួយថ្មីទៀតនៅពេលក្រោយ ប៉ុន្តែគណៈប្រតិភូពុំបានបញ្ជាក់អំពីពេលវេលានោះទេ ប៉ុន្តែថានឹងនាំយកលទ្ធផលនៃកិច្ចប្រជុំនេះទៅជម្រាបជូនថ្នាក់ ដឹកនាំ ថ្នាក់លើនៃប្រទេសរៀងៗខ្លួនបន្ថែមទៀត ។
ម៉ាយ៉ារិទ្ធិ ៖ ដូច្នេះកិច្ចចរចាហ្នឹងបានទទួលបរាជ័យទៅហើយ ?
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ៖ តាមមើលទៅគ្រប់បណ្ដាអង្គភាពអ្នកសារព័ត៌មានទាំងអស់បានចាត់ទុកថា នេះជាបរាជ័យមួយ ប៉ុន្តែថ្នាក់ដឹកនាំថៃគឺលោកអគ្គមេបញ្ជាការ ប៊ុនសាង នាមបរាឌិត បានថ្លែងថានេះមិនមែនជាបរាជ័យទេប៉ុន្តែជាជោគជ័យមួយ បានន័យថាប្រទេសទាំងពីរនឹងមិនបន្តធ្វើឲ្យមានការភ័យខ្លាចដល់ ប្រជាជនទាំងសងខាង ។ ហើយចំណែកលោកឧត្ដមសេនីយ៍ ទៀ បាញ់ ក៏លោកបានថ្លែងជម្រាបក្រុមអ្នកកាសែតជាភាសាថៃផងដែរថា កម្ពុជាបានព្រមព្រៀងជាមួយថៃថានឹងមិនដាក់កងទ័ពបន្ថែមដូចជាភាគី ថៃបានព្រមព្រៀងដូច្នោះដែរ ។ ហើយនៅពេលនេះលោកថាលោកនឹងយកលទ្ធផលនៃកិច្ចចរចារយៈពេល៨ម៉ោងនេះ ទៅជម្រាបជូនថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ហើយនិងស្នើសុំការជួបសាជាថ្មីទៀតជាមួយនឹងរដ្ឋាភិបាលថៃ ៕
Filed under: ព័ត៌មាន
