រដ្ឋាភិបាលកម្ពុជានិងថៃបានយល់ព្រមឲ្យរដ្ឋមន្ត្រីក្រសួងការ បរទេសនៃប្រទេសទាំងពីរជួបគ្នាម្តងទៀត ដើម្បីដោះស្រាយបញ្ហាជម្លោះតានតឹងផ្នែកយោធានៅតំបន់ប្រាសាទ ព្រះវិហារខ្មែរ ។
ប្រាសាទព្រះវិហារខ្មែរ នៅលើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ។
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលខ្មែរលោករដ្ឋមន្ត្រីក្រសួង ព័ត៌មាន ខៀវ កាញារីទ្ធ បានមានប្រសាសន៍បញ្ជាក់ជុំវិញបញ្ហានេះបន្ទាប់ពីនាយករដ្ឋមន្ត្រីនៃ ប្រទេសទាំង២ បានពិភាក្សាជាមួយគ្នាតាមទូរស័ព្ទ កាលពីរសៀលថ្ងៃព្រហស្បតិ៍កន្លងមកនេះ ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ៖ «នាយករដ្ឋមន្ត្រីទាំងពីរ ជួបគ្នា គឺយើងឈានបានអ៊ីចេះ ទី១ យើងបានសម្រេចផ្អាក ខ្ញុំនិយាយពាក្យផ្អាក ព្រោះឥឡូវថៃគាត់និយាយថាយើងដកពាក្យបណ្ដឹង មិនមែនទេយើងផ្អាកពាក្យបណ្ដឹងរបស់យើងទៅអង្គការសហប្រជាជាតិហ្នឹង សិន ។ ទន្ទឹមនឹងហ្នឹងយើងសម្រេចជំរុញការចរចាឡើងទៅថ្នាក់រដ្ឋមន្ត្រីការ បរទេសដែលយើងនឹងធ្វើនៅថ្ងៃ២៨ (ខែកក្កដា) នៅទីក្រុងសៀមរាប» ។
កិច្ចព្រមព្រៀងឲ្យមានការជួបរវាងមន្ត្រីជាន់ខ្ពស់ខ្មែរនិងថៃសា ជាថ្មី គឺនៅបន្ទាប់ពីជំនួបគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ បានទទួលបរាជ័យកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ។
ការចរចាកាលពីដើមសប្តាហ៍នេះបានជាប់គាំងនៅត្រង់ចំណុចមួយដែលថៃ ស្នើឲ្យសើរើខ្សែបន្ទាត់ព្រំដែនខ្មែរថៃសាឡើងវិញ ប៉ុន្តែការសើរើនោះមិនបានផ្អែកតាមសន្ធិសញ្ញាព្រំដែនខ្មែរសៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលអន្តរជាតិបានទទួលស្គាល់នោះឡើយ ។
ក្រោយពីបរាជ័យនោះមកមន្ត្រីខ្មែរក៏បានអំពាវនាវសូមឲ្យមាន កិច្ចជួយអន្តរាគមន៍ពីប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ចំពោះជម្លោះទឹកដីជាមួយនឹងប្រទេសថៃ ប៉ុន្តែថៃបានជំទាស់ហើយបានស្នើចង់ជជែកដោះស្រាយតែរវាងទ្វេភាគី កម្ពុជាថៃតែប៉ុណ្ណោះ ។
នៅជាមួយនឹងការព្យាយាមខ្ទាស់ពីថៃនោះទៀត កម្ពុជាក៏បានប្រឹងរកវិធានការផ្លូវច្បាប់មួយទៀត ។ ក្រសួងការបរទេសកម្ពុជាក៏សម្រេចចិត្តស្នើរកកិច្ចប្រជុំបន្ទាន់របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីស្វែងរកដំណោះស្រាយ សមស្រប ។
នៅថ្ងៃព្រហស្បតិ៍នេះដែររដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកស្រី Condoleezza Rice ដែលកំពុងបំពេញទស្សនកិច្ចការងារក្នុងប្រទេសសិង្ហបុរី បានថ្លែងយកចិត្តទុកដាក់ចំពោះសភាពការណ៍កម្ពុជា ។
លោកស្រីបានថ្លែងយ៉ាងនេះថា ៖ «វាជារឿងដែលត្រូវពិភាក្សាហើយ យើងមានការព្រួយបារម្ភចំពោះបញ្ហាជម្លោះនេះ ។ វាគួរតែមានផ្លូវដែលត្រូវដោះស្រាយបញ្ហាជម្លោះហ្នឹងដោយសន្តិវិធី ។ យើងនឹងបន្តពិគ្រោះជាមួយនឹងប្រទេសក្នុងតំបន់ ហើយយើងនឹងលើកយកទស្សនៈរបស់ប្រទេសក្នុងតំបន់ជាគោលដើម្បីវាយតម្លៃ ស្ថានការណ៍នៃជម្លោះនោះ» ។
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថាកម្ពុជាបានជូនដំណឹងទៅមន្ត្រីស្ថានបេសកកម្ម ខ្មែរប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) ក្នុងបុរីញូវយ៉ក ឲ្យធ្វើការផ្អាកការប្តឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.សិន ដើម្បីរង់ចាំមើលលទ្ធផលនៃការចរចាថ្ងៃទី២៨ កក្កដាខាងមុខនេះ ៕
Filed under: ព័ត៌មាន
