ក្រុមអ្នកស្រាវជ្រាវរកឃើញថា ការប្រើប្រាស់ទូរស័ព្ទដៃមុនពេលចូលដំណេកអាចបញ្ឈប់មនុស្សមិនឱ្យទទួលទានដំណេកបានលក់ស្រួលក្នុងពេលរាត្រី។ ការសិក្សាដែលផ្ដល់ថវិកា ដោយក្រុមហ៊ុនផលិតទូរស័ព្ទដៃនានាបានឱ្យដឹងថាការសាយភាយថាមពលចេញមកពីទូរស័ព្ទដៃ អាចនឹងបណ្ដាលឱ្យមនុស្សដេកមិនលក់ ឈឺក្បាលនិងភាន់ភាំងស្មារតី។ វាក៏អាចកាត់បន្ថយនូវចំនួននៃការដេកលក់របស់មនុស្ស ដោយបង្កជាការរំខានដល់សមត្ថភាពនៃខ្លួនប្រាណយើងក្នុងការសម្រាក។ ការសិក្សានេះបានធ្វើឡើងដោយវិទ្យាស្ថានការ៉ូលីនស្ការបស់ស៊ុយអែតនិងសកលវិទ្យាល័យវ៉េនក្នុងសហរដ្ឋអាមេរិក។ ផ្ដល់ថវិកាស្រាវជ្រាវដោយវេទិកាអ្នកផលិតទូរស័ព្ទចល័តនោះពួកអ្នកវិទ្យាសាស្ត្របានសិក្សាទៅលើបុរស ចំនួន៣៥នាក់ និងស្ត្រីចំនួន៣៦នាក់ ដែលមានអាយុចន្លោះ១៨ទៅ៤៥ឆ្នាំ។ បុរសនិងស្ត្រីដែលឆ្លងកាត់ការសិក្សាពិសោធន៍នោះត្រូវបានគេរកឃើញថា មានការលំបាកក្នុងដំណេកនិងបានចំណាយពេលតិចតួចក្នុងការដេក ខណៈដែលបានប្រើប្រាស់ទូរស័ព្ទដាក់ជាប់តាមខ្លួនជាប្រចាំនោះ។ឆ្លងតាមរយៈការសិក្សានេះ លោកសាស្ត្រាចារ្យបិនអាណេត ដែលជាអ្នកស្រាវជ្រាវម្នាក់បាននិយាយថាការសិក្សានេះបានបង្ហាញថា ទូរស័ព្ទដៃ មានជាប់ទាក់ទង នឹងការផ្លាស់ប្ដូរយ៉ាងជាក់លាក់ នៅត្រង់ខួរក្បាលដែលទទួលខុសត្រូវក្នុងការធ្វើសកម្មភាព និងសម្របសម្រួលប្រព័ន្ធតានតឹងក្នុងអារម្មណ៍។ ទ្រឹស្ដីមួយទៀតបាននិយាយថាការសាយភាយថាមពលចេញពីទូរស័ព្ទដៃអាចនឹងរំខានដល់ការផលិតអ័រម៉ូនមេឡាតូនីនដែលគ្រប់គ្រងចង្វាក់នៅក្នុងផ្ទៃនៃខ្លួនប្រាណយើង។ លោកអាឡាសឌែរហ៊្វីលីព អ្នកស្រាវជ្រាវម្នាក់ទៀតបាននិយាយថាភស្តុតាងនេះបង្ហាញថាយើងគួរតែយកចិត្តទុកដាក់ជាមុនអំពីបញ្ហានេះ។ ប្រសិនបើយើងចង់ហៅទូរស័ព្ទក្នុងពេលយប់យកល្អគួរប្រើទូរស័ព្ទមានខ្សែវិញដោយមិនត្រូវប្រើទូរស័ព្ទដៃដែលដាក់នៅក្បែរគ្រែដេករបស់យើងឡើយ។ កាលពីខែកញ្ញាឆ្នាំមុនការសិក្សាដ៏ធំមួយ អស់រយៈពេល៦ឆ្នាំ ធ្វើឡើងដោយបណ្ដាញទូរគមនាគមន៍ចល័តអង់គ្លេស និងកម្មវិធីស្រាវជ្រាវខាងសុខភាពបានធ្វើការសន្និដ្ឋានថាការប្រើប្រាស់ទូរស័ព្ទចល័តមិនបង្កគ្រោះថ្នាក់រយៈពេលខ្លីដល់ខួរក្បាលទេ។ ទោះជាយ៉ាងនេះក្តីក្រុមអ្នកស្រាវជ្រាវនោះនិយាយថាខ្លួនមិនអាចច្រានចោលពីលទ្ធភាពដែលថាការប្រើប្រាស់វារយៈពេលយូរអាចនឹងបង្កើន គ្រោះថ្នាក់កើតរោគមហារីកទេ។
រាល់អត្ថបទដែលទទួលបានខាងលើគឺដកស្រង់ចេញពីសារព័ត៌មាន www.everyday.com.kh តើប្រិយមិត្តយល់ឃើញយ៉ាងដូចម្តេចចំពោះអត្ថបទខាងលើនេះ សូមផ្តល់ជាមតិយោបល់មកកាន់យើងខ្ញុំ! សូមអរគុណទុកជាមុន ចំពោះការចូលមកទទួលគេហទំព័រសម្រាប់កូនខ្មែរនេះ!
Filed under: ព័ត៍មានអំពីបច្ចេក | Leave a Comment »
