យន្តហោះប្រើថាមពលព្រះអាទិត្យដែលមានទម្ងន់ស្រាលមួយបានបំបែកឯតទគ្គកម្មពិភពលោកជាផ្លូវការដោយការហោះហើរគ្មានមនុស្ស បើកបរបានរយៈពេលយូរបំផុត។ ក្រុមហ៊ុនរបស់ ក្រសួងការពារជាតិអង់គ្លេសឈ្មោះ Qinetig ដែលបានផលិតយន្តហោះឈ្មោះZephyr ដើរដោយថាមពលព្រះអាទិត្យ គ្មានអ្នកបើកបរ និយាយថា យន្តហោះនេះហោះហើរក្នុងពេលសាកល្បងបានរយៈពេល៥៤ម៉ោង។ ក្រុមអ្នកសិក្សាស្រាវជ្រាវជឿថាវាជាលើកទីមួយហើយដែលយន្តហោះប្រើថាមពលព្រះអាទិត្យបានហោះហើរដោយប្រើថាមពលផ្ទាល់ខ្លួន របស់វាបានរយៈពេល២យប់។ ឯតទគ្គកម្មនៃការហោះហើរគ្មានមនុស្សបើកបរលើកមុនដែលត្រូវបានចុះក្នុងបញ្ជីក្នុងឆ្នាំ២០០១ បានទៅយន្តហោះឈ្លបយកការណ៍ឈ្មោះក្លូបល់ ហក(Global Hawk )នៃកងទ័ពអាកាសអាមេរិកដែលជាយន្តហោះដើរដោយកម្លាំងម៉ាស៊ីនដែលក្នុងពេលនោះហោះបានរយៈពេលជាង៣០ម៉ោង។ ការហោះហើរបានរយៈពេល៥៤ម៉ោងរបស់យន្តហោះ Zephyr នេះមិនត្រូវបានគេកត់ត្រាចូលទៅក្នុងសៀវភៅឯតទគ្គកម្ម ហ្គីណេស ទេ ដោយសារតែតំណាងមកពីសហព័ន្ធកីឡាហោះហើរពិភពលោក(FAI )ពុំបានដឹងអំពីការហោះសាកល្បងជាសម្ងាត់នោះ។ ទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេត្រូវបានផ្ដល់ព័ត៌មានអំពីការហោះហើរលើកទី២ដែលមានរយៈពេល៣៣ម៉ោង ដែលនៅតែអាចកត់ត្រា ចូលក្នុងសៀវភៅឯតទគ្គកម្មនោះបាន។
ក្រុមអ្នកផលិតយន្តហោះ Zephyr និយាយថា ទោះជាលទ្ធផលនោះយ៉ាងដូចម្ដេចក៏ដោយ ក៏ខ្លួនជឿថា ខ្លួនបានបំបែកឯតទគ្គកម្មហើយ។ លោក គ្រីស ខែលឡឺហឺ ប្រធានផ្នែកបច្ចេកទេសរបស់ Zephyr និងជាអ្នកបើកបរយន្តហោះបានប្រាប់ ប៊ីប៊ីស៊ី ថា “ យន្តហោះនេះនឹងហោះកាន់តែខ្ពស់និងកាន់តែឆ្ងាយ “ ។
ក្នុងរយៈពេលនៃការហោះហើរ Zephyr បានហោះដល់រយៈកម្ពស់អតិបរមាជាង១៨.០០០ម៉ែត្រ។ យន្តហោះនេះត្រូវបានគេបង្ហោះឡើងដោយដៃ ហើយហោះឡើងក្នុងកម្ពស់៣.០០០ម៉ែត្រ។
រាល់អត្ថបទដែលទទួលបានខាងលើគឺដកស្រង់ចេញពីសារព័ត៌មាន www.everyday.com.kh តើប្រិយមិត្តយល់ឃើញយ៉ាងដូចម្តេចចំពោះអត្ថបទខាងលើនេះ សូមផ្តល់ជាមតិយោបល់មកកាន់យើងខ្ញុំ! សូមអរគុណទុកជាមុន ចំពោះការចូលមកទទួលគេហទំព័រសម្រាប់កូនខ្មែរនេះ!
Filed under: ព័ត៍មានអំពីបច្ចេក | Leave a Comment »
