ដំណោះស្រាយថ្មីចំពោះការកកស្ទះចរាចរនៅតាមដងវិថី ដែលពោរពេញទៅដោយរថយន្តនោះគឺការនាំលោកអ្នកទៅកាន់អាកាសដោយយន្តហោះកាត់រថយន្តថ្មីមួយដែលនឹងធ្វើឱ្យផ្លាស់ប្ដូរនូវដំណើរការដែលសង្គមបច្ចុប្បន្នប្រព្រឹត្តទៅ។ ទស្សនៈវិស័យ នាពេលអនាគត ២០ឆ្នាំខាងមុខនេះ ត្រូវបានលើកមកបង្ហាញនៅឯសិក្ខាសាលាមួយស្ដីពីយន្តហោះអេឡិចត្រូនិកឆ្នាំ២០០៨នៅឯប្រលានយន្តហោះទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនៃរដ្ឋកាលីហ្វ័រនីញ៉ា។ លោក រីចឆាត ចន ជាអ្នកបច្ចេកវិទ្យាមួយរូបនៅឯ Boeing Phantom Works បានឱ្យដឹងថា វាគឺជាការងារមួយ ដែលត្រូវធ្វើឡើងដោយការគិតគូរពិសេសដល់បច្ចេកវិទ្យាបៃតងមួយទៀត។ លោកបានមានប្រសាសន៍ថា“ថ្ងៃនេះខ្ញុំកំពុងនិយាយអំពីការធ្វើឱ្យសម្រេចបាននូវការ ធ្វើដំណើរតាមអាកាសឱ្យក្លាយជាមធ្យោបាយសម្រាប់ ការធ្វើដំណើរជារៀងរាល់ថ្ងៃរបស់អ្នកគ្រប់គ្នា។ សព្វថ្ងៃនេះ ពាក់កណ្ដាលនៃមនុស្សនៅលើពិភពលោករស់នៅក្នុងតំបន់ទីក្រុងដោយពឹងផ្អែកលើរថយន្ត។ ហើយរយៈពេល ៥០ឆ្នាំកន្លងមកនេះ ឧស្សាហកម្មអាកាសចរណ៍បានធ្វើឱ្យមនុស្ស នៅលើពិភពលោកអាចធ្វើដំណើរប្រាស្រ័យទាក់ទងគ្នាបានកាន់តែ ងាយស្រួល“។ ក្រុមស្រាវជ្រាវរបស់ Boeingកំពុងតែរចនាយន្តហោះកាត់រថយន្តដោយអនុញ្ញាតឱ្យអ្នកបើកបរអាចប្រើវាបានដោយមិនចាំបាច់ទទួលការហ្វឹកហ្វឺនច្រើននោះទេយានជំនិះថ្មីនោះនឹងប្រើប្រាស់នូវប្រព័ន្ធបង្ហាញផ្លូវដ៏ច្បាស់លាស់ដែលអាចឱ្យអ្នកបើកបរបញ្ជាវាបានដោយងាយស្រួល។ លោក ចនបានបន្តថា “ការបញ្ជាយានកូនកាត់នេះនឹងមានភាពងាយស្រួលជាងលោកអ្នកបើកបររថយន្តទៅទៀត។មនុស្សនឹងប្រហែលជាអានកាសែតខណៈពេលដែលពួកគេកំពុងបើកយានជំនិះថ្មីនោះទៀតផង“។លោកបានឱ្យដឹងទៀតថា “យានកូនកាត់នោះនឹងដើរដោយថាមពលអគ្គិសនី ឬជាមួយអាគុយដែលនេះនឹងធ្វើឱ្យវាក្លាយជាយានជំនិះបរិសុទ្ធបំផុត(មិនប្រើឥន្ធនៈ) សម្រាប់បរិស្ថាននាពេលអនាគតខាងមុខ“។ ការបង្ហាញឱ្យដឹងពីយានជំនិះនារយៈពេល២០ឆ្នាំខាងមុខនេះត្រូវបានស្វាគមន៍ដ៏ខ្លាំងក្លាពីសំណាក់វិស្វករអ្នកវិទ្យាសាស្ត្រ អ្នកមូលធនប្រធានប្រតិបត្តិដែលបានប្រមូលផ្ដុំគ្នាបង្កើតមូលនិធិ CAFEជាអង្គការមិនស្វែងរកប្រាក់ចំណេញមួយដែលលើកកម្ពស់ការធ្វើដំណើរតាមអាកាសដោយផ្ទាល់ខ្លួន។ លោកប្រៀន ស៊ីលី ប្រធានអង្គការនេះបានមានប្រសាសន៍ថា វាមានហេតុផលសមរម្យគួរឱ្យជឿបានថា យានកូនកាត់បែបនេះនឹងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់មនុស្សយើងនាពេលអនាគត។ ដោយធ្វើការប៉ាន់ស្មានថានឹងមានរថយន្តដល់ទៅចំនួន១.២០០លានគ្រឿងដែលធ្វើដំណើរនៅតាមផ្លូវថ្នល់នានានៅត្រឹមឆ្នាំ២០៣០ខាងមុខនោះ លោកបានមានប្រសាសន៍ថា យាននេះនឹងផ្ដល់ប្រយោជន៍ជាច្រើនជាក់ជាមិនខានឡើយ។
រាល់អត្ថបទដែលទទួលបានខាងលើគឺដកស្រង់ចេញពីសារព័ត៌មាន www.everyday.com.kh តើប្រិយមិត្តយល់ឃើញយ៉ាងដូចម្តេចចំពោះអត្ថបទខាងលើនេះ សូមផ្តល់ជាមតិយោបល់មកកាន់យើងខ្ញុំ! សូមអរគុណទុកជាមុន ចំពោះការចូលមកទទួលគេហទំព័រសម្រាប់កូនខ្មែរនេះ!
Filed under: ព័ត៍មានអំពីបច្ចេក | Leave a Comment »
